ព័ត៌មានជាតិ
សមាជិក ប.ស.ស ចំនួន ៣២០ នាក់ ហើយ បានដាក់ឯកសារស្នើសុំប្រាក់សោធន
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. សរុបចំនួន ៣២០ នាក់ហើយដែលបានដាក់ឯកសារស្នើសុំប្រាក់សោធន ក្នុងនោះ សមាជិក ប.ស.ស. ជាស្ត្រីមានចំនួន ១២០ នាក់។

លោកបណ្ឌិត បានបន្តថា ក្នុងចំណោមសមាជិក ប.ស.ស. ចំនួន ៣២០ នាក់ ក្នុងនោះមានសមាជិក ប.ស.ស. សរុបចំនួន ១២ នាក់ បានក្លាយជាសោធនិកដំបូងគេ ដែលនឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) ពី ប.ស.ស. គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងចំណោមសោធនិកទាំង ១២ នាក់ខាងលើ មានសោធនិកចំនួន ៣ រូប ទទួលបានប្រាក់សោធនជរាភាពអយ្យកប្បញ្ញត្តិ, ៤ រូប ទទួលបានប្រាក់សោធនជរាភាព, និង ៥ រូបទៀត ទទួលបានវិភាជន៍ជរាភាព។

លោក គង់ រ៉ន អាយុ ៦២ ឆ្នាំ បម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដែលជាសោធនិកម្នាក់ ក្នុងចំណោមសោធនិកជាច្រើននាក់ផ្សេងទៀត ដែលបានមកចុះឈ្មោះស្នើសុំប្រាក់សោធននៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់ ដែលលោកអាចទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស.។
លោកបានបន្តថា លោកមិនធ្លាប់នឹកស្មានថាមានថ្ងៃនេះឡើយ ព្រោះធ្លាប់តែឮថា ទាល់តែមន្ត្រីរាជការទើបអាចមានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នេះ។ លោកថា នេះជាប្រវត្តិសាស្ត្រថ្មីមួយ ដែលមិនធ្លាប់មាននោះឡើយ គឺមានតែក្នុងសម័យសន្តិភាព ដែលខិតខំកសាង ការពារ និងរក្សាដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តកសាង ការពារ និងដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ ដែលប្រជាពលរដ្ឋបម្រើការងារក្នុងវិស័យឯកជនក៏អាចទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្ត្រីរាជការដែរ។

គួរបញ្ជាក់ថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន ៖ (១)- បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន (២)- បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ ខែ និង (៣)- ត្រូវមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួន រួមមាន ៖ (១)- ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស) (៣)- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន) និង (៤)- ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬលេខគណនីធនាគារកាណាឌីយ៉ា។
សូមរំលឹកថា គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គមមានសមាជិកចំនួន ២,២ លាននាក់ ក្នុងចំណោមនោះ សមាជិក ប.ស.ស. ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង ៤៣ ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង ១,៥ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ៦,៦ ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង