ព័ត៌មានជាតិ
ថ្ងៃទី១៦ កក្កដា ស្អែកនេះ សម្ដេចធិបតី នឹងអញ្ជើញទស្សនកិច្ចអគារអនុវត្តមុខងារសេសសល់របស់សាលាក្ដីខ្មែរក្រហម
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ចើញទស្សនកិច្ចអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅកាត់ថា សាលាក្ដីខ្មែរក្រហម និងជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាជានិមិត្តរូបក្នុងការចាប់ផ្តើមសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំនៅក្នុងអគារអនុវត្តមុខងារ សេសសល់របស់ អ.វ.ត.ក។

ផ្អែកតាមស្មារតីកិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ នៅឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ អ.វ.ត.ក ត្រូវបានផ្តល់អាណត្តិឱ្យអនុវត្តមុខងារ សេសសល់ ដែលរួមមាន មុខងារគតិយុត្តិយុត្តាធិការ និងមុខងារមិនមែនយុត្តាធិការ សម្រាប់រយៈពេល៣ឆ្នាំដំបូងពីឆ្នាំ ២០២៣ ដល់២០២៥។ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់នេះ ភាគីជាតិ និងភាគីអន្តរជាតិនៃ អ.វ.ត.ក. បានចាប់ផ្តើមអនុវត្តមុខងារសេសសល់របស់ខ្លួននៅឆ្នាំទី១ និងសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗជាច្រើន រួមមាន៖ បានផ្ទេរពិរុទ្ធជន ខៀវ សំផន ដែលបច្ចុប្បន្នមានអាយុ៩៤ឆ្នាំ ទៅអនុវត្តទោសអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន អ.វ.ត.ក. បាននិងកំពុងតាមដានការអនុវត្តទោសចំពោះពិរុទ្ធជនរូបនេះជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដោយផ្អែកលើបទដ្ឋាន និងទម្លាប់អនុវត្តជាអន្តរជាតិ ព្រមទាំងស្មារតីនៃកិច្ចព្រមព្រៀងបន្ថែមខាងលើ។

អ.វ.ត.ក. បានបំពេញកាតព្វកិច្ចដូចបានតម្រូវឱ្យអនុវត្តនៅក្នុងសាលដីកាស្ថាពរ នៃសំណុំរឿង០០២/០២ ក្នុងការជូនដំណឹងអំពីបច្ចុប្បន្នភាពនៃសមិទ្ធផលការងារសេម្រេចបាននិងការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួនប្រមាណ៣ ១០០នាក់ ស្មើនឹង៨០% នៃដើមបណ្តឹងរដ្ឋប្បវេណីសរុបចំនួន ៣ ៨៧៥នាក់ ដែលបាននិងកំពុងរស់នៅក្នុង២៥ រាជធានីខេត្ត ព្រមទាំងបានធ្វើចំណាត់ថ្នាក់ពីប្រភេទឯកសារសម្ងាត់បំផុតនិងសម្ងាត់ ទៅជាឯកសារសាធារណៈនៃឯកសារសំណុំរឿង០០២ បានចំនួនប្រមាណ២២ម៉ឺនទំព័រ និងកំពុងពិនិត្យមើលឯកសារសំណុំរឿងដ៏ទៃទៀតដែលនៅសល់ប្រមាណជា២លានទំព័រទៀត សម្រាប់ធ្វើការផ្សព្វផ្សាយជាសាធារណៈ។
បន្ថែមពីនេះ អ.វ.ត.ក បានរៀបចំ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ខណៈគម្រោងការងារចំនួនពីរទៀត រួមមាន ១) ការសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ និងសាលតាំងពិព័រណ៍អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និង២) ឧទ្យានសម្រាប់ការចងចាំ គ្រោងនឹងសាងសង់បញ្ចប់នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

អ.វ.ត.ក ក៏បាននិងកំពុងរៀបចំដំណើរទស្សនកិច្ចសិក្សា ២លើកក្នុងមួយសប្តាហ៍ដល់សាធារណជន ជាពិសេសយុវជន យុវនារី សិស្ស និស្សិត និងគ្រូបង្រៀនដែលមានអ្នកចូលរួមសរុបប្រមាណ៤០ ២៩៣នាក់ ចាប់ពីខែមករា ឆ្នាំ២០២៣ រហូតមកទល់ខែមិថុនា ឆ្នាំ២០២៤។ អ្នកចូលរួមកម្មវិធីនេះ ត្រូវបានពន្យល់អំពីដំណើរការ និងសមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, សារមន្ទីរវាលពិឃាតជើងឯក, និងវិមានឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល។

ការផលិតវីដេអូខ្លីៗទៅលើប្រធានបទជាច្រើន ទាក់ទងទៅនឹងអាណត្តិ និងការងារប្រតិបត្តិការរបស់ អ.វ.ត.ក ដែលមានទម្រង់ជាលក្ខណៈសំណួរ និងចម្លើយ ទាក់ទងនឹងការបង្កើត និងដំណើរការកាត់សេចក្តីនៃគ្រប់សំណុំរឿងនៅ អ.វ.ត.ក ដើម្បីពង្រីកការយល់ដឹងជាលក្ខណៈសម្រាយ ឬស្រួលយល់ដល់យុវជនកម្ពុជា ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរនិងអំពើសាហាវយង់ឃ្នងនៃរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន៨ ជាមួយដៃគូជាស្ថាប័នជាតិនិងអន្តរជាតិក្នុងការចែករំលែកនិងផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធ និងយុត្តិសាស្រ្ត របស់អ.វ.ត.ក. ទាក់ទងនឹងយុត្តិធម៌អន្តរកាល ដែលជាយុត្តិធម៌ក្រោយដំណោះស្រាយជម្លោះប្រដាប់អាវុធ និងដំណើរការកាត់សេចក្តី៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ