ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ទុកពេលឱ្យ ១សប្តាហ៍ រុះរើផ្ទាំងផ្សព្វផ្សាយស្រា បើមិនរុះរើទេ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់
រដ្ឋបាលខេត្តតាកែវ ទុករយៈពេល ១សប្តាហ៍ ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយនៅតាមផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរុះរើចេញជាបន្ទាន់ ករណីមិនព្រមរុះរើទេ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។

តាមលិខិតជូនដំណឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ បានជម្រាបដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ថា ដោយកន្លងមករដ្ឋបាលខេត្ត បានសង្កេតឃើញថាមានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តតាកែវ។
រដ្ឋបាលខេត្ត បានស្នើសុំឱ្យម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើ ចេញជាបន្ទាន់ ក្នុងរយ:ពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការ ចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណ នឹងធ្វើការកោតសរសើរចំពោះការចូលរួមសហការពី សំណាក់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជដ្ឋាន មួយចំនួនដែលបានធ្វើ ការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងទៀត ក្នុងខេត្តតាកែវ។ ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយ អំពើហឹង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែក លើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
សូមបញ្ជាក់ថា ក្រោយកាន់តំណែងជា អភិបាលខេត្តតាកែវថ្មី លោក វ៉ី សំណាង បានស្នើឱ្យមន្ទីរពាណិជ្ជកម្មខេត្ត ចចារជាមួយក្រុមហ៊ុនស្រាបៀរ ដើម្បីទម្លាក់ចោលផ្ទាំងពាណិជ្ជកម្មស្រាបៀរលើដីរបស់រដ្ឋ ត្រូវប្ដូរមកដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មណាដែលជាសារអប់រំសម្រាប់ពលរដ្ឋ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ