ព័ត៌មានជាតិ
កសិករថា តម្លៃម្ទេសអាចម៍សត្វធ្លាក់ចុះជាងឆ្នាំមុន
កសិករជាច្រើនគ្រួសារ ក្នុងឃុំកោះជីវាំង នៃស្រុកឯកភ្នំ ស្ទើរតែដូចៗគ្នា បានត្អូញត្អែរថា នៅក្នុងឆ្នាំនេះ ឈ្មួញបានទម្លាក់តម្លៃខ្លាំងបំផុតសឹងតែមិនធ្លាប់មានពីមុនមកទៅលើទិន្នផលម្ទេសអាចម៍សត្វដែលពួកគេប្រមូលផលបាន បើធៀបទៅនឹងតម្លៃដែលលក់បានក្នុងរដូវកាលប្រមូលផលតែមួយកាលពីឆ្នាំ២០២៣ កន្លងទៅ។

ប្រជាកសិករបានផ្តល់បទសម្ភាសន៍ជាមួយ «កម្ពុជាថ្មី» ថា ផលដំណាំម្ទេសអាចម៌សត្វដែលពួកគាត់និយមដាំដុះរាល់ឆ្នាំ គឺអាចផ្តល់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងប្រសើពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយពីរដូវកាលធ្វើប្រហុក ត្រូវបានបិទបញ្ចប់ក្នុងខែមេសា។
ប៉ុន្តែនៅឆ្នាំនេះស្របពេលទិន្នផលម្ទេសអាចម៌សត្វ អាចហុចផលបានល្អប្រសើជាងរាល់ឆ្នាំ បែរជាឈ្មួញទម្លាក់ថ្លៃខ្លាំងបំផុត ដែលមិនធ្លាប់កើតមានគឺ ១គីឡូក្រាម ម្ទេសស្រស់លក់បានតែ ៤៥០០រៀលតែប៉ុណ្ណោះ ខណៈឆ្នាំមុនៗលក់បាន ១គីឡូក្រាម ១,២០០០រៀល ឬលើសនេះផងក៏មាន។
ពួកគាត់ បន្តថា បើសិនជាតម្លៃនៅតែដូចឆ្នាំនេះទៀត នៅរដូវកាលបន្ទាប់ទៀតនោះ ពួកគាត់នឹងឈប់ដាំដុះបន្តទៀតហើយ ជៀសវាងកុំឲ្យឈ្មួញឆ្លៀតឱកាសកេងចំណេញច្រើនជាងពួកគាត់ដែលជាអ្នកហត់នឿយផ្ទាល់ និងជួបផលលំបាកក្នុងការដឹកជញ្ជូនទៅលក់លើទីផ្សារដោយខ្លួនឯង។

ដោយឡែក អ្នកស្រី ម៉េង សារ៉ាន់ រស់នៅភូមិអន្លងត្អួ ឃុំកោះជីវាំង ស្រុកឯកភ្នំ បានឲ្យដឹងថា៖ «ខ្ញុំបានដាំម្ទេសនៅលើផ្ទៃដី ២រ៉ៃ ដែលរដ្ឋបានកាត់ឆ្វៀលឲ្យនៅក្រោយផ្ទះ ក្រោយពីមុខរបរធ្វើប្រហុក ខ្ញុំឆ្លៀតដាំម្ទេសអាចម៌សត្វ ដើម្បីរកកម្រៃបន្ថែមសម្រាប់បម្រើដល់ជីវភាពគ្រួសារ និងផ្តល់សម្រាប់កូនរៀន ឲ្យបានប្រសើរដូចគេឯង។ បើគិតទិន្នផល ម្ទេសអាចម៌សត្វ ខ្ញុំប្រមូលបាន ៨០០គីឡូក្រាម ក្នុង ១ខែ តែលក់បាន ១គីឡូក្រាមតែ ៤៥០០រៀល ម្ទេសស្រស់ តម្លៃនេះខុសគ្នាឆ្ងាយណាស់ពីឆ្នាំមុន។ កាលឆ្នាំមុនខ្ញុំលក់បាន ១.២០០០រៀល ក្នុង ១គីឡូក្រាម បើតម្លៃនៅតែថោកដូចឆ្នាំនេះ ខ្ញុំឈប់ដាំទៀតហើយ ព្រោះតម្លៃនេះ ខ្ញុំមិនមិនអាចទទួលយកបានទេ ទាំងដាំ និងថែហត់នឿយណាស់»។
មិនខុសគ្នាប៉ុន្មានទៅហ្នឹងកសិករខាងលើ លោក ផ្លាន វណ្ណៈ ដែលរស់នៅក្នុងភូមិ-ឃុំ ជាមួយគ្នាក៏បានត្អូញត្អែឲ្យដឹងដែរថា «ខ្ញុំដាំបានលើផ្ទៃដី ១រ៉ៃ ដែលរដ្ឋបានប្រគល់ឲ្យហើយប្រមូលបាន ៤០០គីឡូក្រាមក្នុង ១ខែ តែត្រូវបានឈ្មួញទម្លាក់ថ្លៃខ្លាំងដែលមិនធ្លាប់មាន បើម្ទេសអាចម៌សត្វ នៅតែមានតម្លៃថេរតែត្រឹមនឹងដូចឆ្នាំនេះ ខ្ញុំឈប់ដាំហើយ រកដូរមុខរបរផ្សេងវិញ បានប្រសើជាង»។

លោកថា ម្ទេសអាចម៌សត្វ មិនសូវមានកសិករដាំច្រើននោះទេ ហេតុដូចនេះលោកសំណូមពរដល់ឈ្មួញ និងប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ម្ទេសអាចម៌សត្វ ជួយលើកកម្ពស់តម្លៃម្ទេសប្រភេទនេះផង ធ្វើយ៉ាងណាឲ្យពួកគាត់មានទឹកចិត្តដាំបន្តទៀត ដើម្បីជាតម្រូវការលើទីផ្សារក្នុងស្រុក ដោយការដាំដុះមិនមានប្រើប្រាស់សារធាតុគីមីនោះទេ គឺដាំតាមបែបធម្មជាតិទាំងស្រុង។
យ៉ាងណាមិញ បើតាមអាជ្ញាធរមូលដ្ឋាន បានគូសបញ្ជាក់ឲ្យដឹងដែរថា នៅតំបន់នេះ ឲ្យតែដល់រដូវទឹកសម្រក ប្រជាពលរដ្ឋ គឺនាំគ្នាដាំតែម្ទេសអាចម៌សត្វប៉ុណ្ណោះ ដើម្បីដោះស្រាយជីវភាពគ្រួសារបន្ថែម ក្រៅពីមុខរបរនេសាទជាលក្ខណៈគ្រួសារ ហើយដំណាំម្ទេសអាចម៌សត្វ ធ្វើបាន ២ដងក្នុង ១ឆ្នាំ និងហុចផលក្នុងរយៈពេល ៣ខែម្តង និងប្រមូលផលធ្វើឡើង ២ដងក្នុង ១ខែ ហើយភាគច្រើនឈ្មួញនាំយកទៅលក់បន្តនៅខេត្តសៀមរាប ព្រោះងាយស្រួលក្នុងការដឹកជញ្ជូនប្រើពេលតិចជាងដឹកចូលក្នុងក្រុងបាត់ដំបង ដែលចំណាយពេលយូរតាមផ្លូវទឹកដូចគ្នា។

បើតាម លោក ហួន សុខ ជាអ្នកដឹកភ្ញៀវទេសចរចូលទស្សនានៅតំបន់បឹងទន្លេសាបព្រែកទល់ ក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា «នៅក្នុងរដូវប្រាំង ភ្ញៀវត្រូវធ្វើដំណើរតាមផ្លូវគោកទៅកាន់ខេត្តសៀមរាប រួចបន្តដំណើរតាមទូកស្មាច់ ឬកាណូត ពីផែកាណូតទេសចរណ៍ ចុងឃ្នាសភ្នំក្រោម របស់ខេត្តសៀមរាប ដោយចំណាយពេលត្រឹមតែជាងមួយម៉ោងប៉ុណ្ណោះ បើធៀបនឹងការធ្វើដំណើរចេញពីក្រុងបាត់ដំបងប្រើរយៈពេលពីចន្លោះ ៤ទៅ ៥ម៉ោង ទើបដល់តំបន់នោះ»៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី