ព័ត៌មានជាតិ
សម្តេចធិបតី ជំរុញឱ្យមានការអប់រំអំពីជោគជ័យនៃសាលាក្តីខ្មែរក្រហម ដើម្បីទប់ស្កាត់ការកើតឡើងវិញអតីតកាលខ្មៅងងឹត
ទោះបីជាដំណើរការជម្រះក្តីរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយកាលពីឆ្នាំ ២០២២ក្តី, ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១។ កិច្ចការគតិយុត្តមួយចំនួនដែលត្រូវអនុវត្តបន្ត រួមទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន។

អញ្ជើញជាអធិបតី “បញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ” នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញស្ថាប័នពាក់ព័ន្ធបន្តផ្សព្វផ្សាយអប់រំពីភាពជោគជ័យនៃការកាត់ក្តីរបស់តុលាការកូនកាត់ អ.វ.ត.ក. ឱ្យកាន់តែទូលំទូលាយ។
សម្តេចគូសបញ្ជាក់ថា៖«ជាពិសេស ស្ថាប័នអប់រំ វប្បធម៌ យុត្តិធម៌ និងទេសចរណ៍ ក្នុងការផ្ទេរទទួលចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ និងឯកសារនានាពី អ.វ.ត.ក នៅក្នុងស្មារតីបញ្ជ្រាបការយល់ដឹង និងការចូលរួមថែរក្សាសមិទ្ធផលទាំងនេះ។ ព្រមទាំងបង្កាទប់ស្កាត់អំពើជ្រុលនិយម និងការកើតឡើងវិញនៃអតីតកាលដ៏ខ្មៅងងឹត និងជូរចត់របស់កម្ពុជានាពេលអនាគត»។

សម្តេចធិបតី បានគូសរំលេចថា សមិទ្ធផលជាតម្លៃប្រវត្តិសាស្រ្តរបស់ អ.វ.ត.ក បានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះ សម្តេចធិបតី បានកោតសរសើរចំពោះជនរងគ្រោះដែលតាំងជាដើមបណ្តឹងរដ្ឋប្បវេណី និងបានផ្តល់សក្ខីកម្មអំពីរឿងរ៉ាវផ្ទាល់ខ្លួនដ៏ជូរចត់នៅចំពោះមុខតុលាការ ដើម្បីស្វែងរកការពិតនិងយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់នៅក្នុងរបបដ៏ឃោរឃៅខ្មែរក្រហម។
សម្តេចបន្តទៀតថា សមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក ទាំងនៅក្នុងដំណាក់ការជំនុំជម្រះក្តីអស់រយៈពេល ១៦ ឆ្នាំ គឺពិតជាមានសារៈសំខាន់ ក្នុងការបន្តអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបណ្ណសារនៃសំណុំរឿង ដើម្បីឱ្យសិស្សនិស្សិត អ្នកសិក្សាស្រាវជ្រាវជាតិ អន្តរជាតិ អាចមានលទ្ធភាពពង្រីកចំណេះដឹងរបស់ពួកគេពាក់ព័ន្ធរបបខ្មែរក្រហម។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក បានថ្លែងថា ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយនៃការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលលកម្ពុជាលើការលើកកម្ពស់កិច្ចសហការអន្តរជាតិ និងរក្សាទុកនូវមរតកប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានសម្រាប់បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ឱ្យស្វែងយល់អំពីការពិតនៃភាពយង់ឃ្នង អមនុស្សធម៌ និងការបំផ្លិចបំផ្លាញនៃរបបប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា។
លោកបន្តថា សកម្មភាពទាំងនេះក៏ជាការបណ្ដុះស្មារតីស្នេហាជាតិ ការស្រឡាញ់សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាបញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
គួរជម្រាបថា កម្ពុជាគឺជាប្រទេសទីមួយមុនគេដែលបានទាមទារស្នើសុំបង្កើតតុលាការកូនកាត់ដំបូង«ម៉ូដែល អ.វ.ត.ក» នៅក្នុងប្រទេសរបស់ខ្លួនដែលមានឧក្រិដ្ឋកម្មកើតឡើង ហើយដំណើរការកាត់សេចក្តីទទួលបានជោគជ័យ និងមានការគាំទ្រ ព្រមទាំងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

បន្ថែមពីនេះ កម្ពុជាក៏បង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនសម្រាប់ឱ្យសាធារណជនអាចចូលមើលនិងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ចាប់ពីឆ្នាំ២០០៦ ដល់ ២០២៣ អ.វ.ត.ក. បានចំណាយថវិកាសរុបប្រមាណ ៤០៧លានដុល្លារអាម៉េរិក ក្នុងនោះថវិការួមចំណែកពីសហគមន៍អន្តរជាតិមានចំនួន ២៩៣ លានដុល្លារ (ស្មើនឹង៧២%), ថវិកាផ្ទាល់ពីអង្គការសហប្រជាជាតិ ចំនួន ៦៧លានដុល្លារ (ស្មើនឹង១៦%), និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមានចំនួន ៤៧លានដុល្លារ(ស្មើនឹង១២%)៕
អត្ថបទ៖ ឡាយ សាមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?