ព័ត៌មានជាតិ
រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់មានទឹកប្រាក់ចំនួន ១,៨១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែ
វិស័យសំណង់របស់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ១,៨១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ធ្លាក់ចុះ ២០,២ ភាគរយដោយថយពី២,២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់មានសភាពមិនប្រាកដប្រជា។
របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ១៣៣០ ក្នុងអំឡុងពេលខែមករាដល់ខែឧសភាឆ្នាំនេះផងដែរ ដែលធ្លាក់ចុះ ៩ ភាគរយដោយថតពី ១៤៦៣ គម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យ រយៈពេល៥ខែ ឆ្នាំ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មានចំនួន ១ ៣៣០ គម្រោង ក្នុងនោះ មានគម្រោងលំនៅដ្ឋាន ១ ០៩៥ គម្រោង (មានបុរីចំនួន ១ ០៦១ គម្រោង និងខុនដូ ៣៤ គម្រោង), សំណង់ឧស្សាហកម្ម ៨៨ គម្រោង, សំណង់ពាណិជ្ជកម្ម ៩០ គម្រោង, សំណង់ទេសចរណ៍ ២១ គម្រោង, សំណង់សាធារណៈ ៣៥ គម្រោង និងសំណង់វិនិយោគ ១ គម្រោង។
“ទោះបីជាការវិនិយោគក្នុងគម្រោងសាងសង់បានថយចុះ ២០,២ ភាគរយក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៤នេះ ការនាំចូលសម្ភារៈសំណង់បានកើនឡើងជាង២៣ភាគរយ ហើយផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកបានកើនឡើង ៤,៧ ភាគរយ ដល់៣,៥លានតោន ដែលនៅតែបង្ហាញពីវឌ្ឍនភាពនៃវិស័យនេះ»។ នេះបើយោងតាមរបាយការណ៍នេះ។
លោក គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍មកកាន់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែមិថុនា កន្លងទៅនេះថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្នមិនទាន់ត្រឡប់ទៅរកភាពប្រសើរឡើងវិញនោះទេ ដោយសារនៅកម្ពុជា វិស័យមួយនេះ បានធ្លាក់ចុះរយៈពេល ៥ ឆ្នាំ ជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។
លោកបានបញ្ជាក់ទៀតថា នៅពេលដែលស្ថានភាពល្អអ្នកទិញ គឺគាត់មានគោលបំណងច្បាស់លាស់ គាត់ទិញ វិនិយោគផង ប្រើប្រាស់ផង និងទុកលក់យកផលចំណេញផង ហើយទិញទុកផង ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ អ្នកដែលទិញទុក និងលក់ចំណេញ មិនមានទៀតទេ បើទិញគឺដើម្បីតែប្រើប្រាស់ប៉ុណ្ណោះ។
លោក គីម ហ៊ាងស្នើឡើងថា នៅពេលដែលស្ថានភាពមិនសូវល្អ គឺជាពេលវេលាមួយដែលធនាគារ ត្រូវតែបញ្ចេញលុយជួយ នៅក្នុងប្រទេសជាច្រើនលើពិភពលោក នៅពេលដែលធនាគារដំណើរការល្អគឺមានន័យថាសេដ្ឋកិច្ចដំណើរការហើយ។
លោក គីម ហ៊ាង គាំទ្រឱ្យធនាគារផ្ដល់ឥណទានដល់អ្នកនៅក្នុងវិស័យនេះ ដោយមិនត្រូវរឹតបន្តឹងនោះទេ ស្របពេលដែលអ្នកវិនិយោគភាគច្រើនកំពុងមានតម្រូវការ។
លោក មាស សុខ សេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ ២០២៤ មានកំណើន ដោយសារវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ខណៈវិស័យអចលទ្រព្យ និងសំណង់មិនទាន់ងើបឡើងវិញនោះទេ ហើយបន្តជះឥទ្ធិពលនៅពេលខាងមុខទៀត។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ខណៈសន្ទស្សន៍ថ្លៃលំនៅឋាននៅឆ្នាំ ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនេះ។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់នៅរយៈពេល ៥ ខែ ឆ្នាំ ២០២៤ មានទំហំជាង ៦២២ លានដុល្លារ កើនឡើង ២១% បើធៀនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជាង ៥១៣ លានដុល្លារ៕
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ