ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ផ្ដល់ស្រូវពូជដល់ប្រជាពលរដ្ឋ និងសន្យាផ្ដល់ទឹកដើម្បីបង្កបង្កើនផល
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងឱកាសផ្ដល់ស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋជាង ៦០០គ្រួសារនៅក្នុងសង្កាត់ចំនួន០៥ ក្នុងខណ្ឌដង្កោនាព្រឹកថ្ងៃទី៤ វិច្ឆិកានេះបានសន្យាថា នឹងផ្គត់ផ្គង់ទឹកសម្រាប់បង្កបង្កើនផលស្រូវនិងដំណាំផ្សេងៗទៀត បើបងប្អូនប្រជាពលរដ្ឋខ្វះទឹកដើម្បីបង្កបង្កើនផល។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់ដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយនៅពេលនេះ សម្តេចបានផ្ដល់នៅស្រុវពូជ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានបង្កបង្កើនផលឡើងវិញ។
ក្រោយពីទទួលបាននូវគ្រាប់ពូជនេះហើយ លោកសន្យាលើការ ផ្គត់ផ្គង់ទឹកថែមទៀត ដើម្បីបង្កបង្កើនផលស្រូវនេះ ដោយលោកបានជំរុញឲ្យអភិបាលខណ្ឌដង្កោ ចាត់ចែងរឿងនេះ ពោលគឺបើបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកក្នុងការបង្កបង្កើនផលស្រូវនិងដំណាំផ្សេងៗ នៅក្នុងមូលដ្ឋានខណ្ឌដង្កោកយើងចាត់ចែងភ្លាម។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ខណៈ បង្កបង្កើនផលដំណាំស្រូវនិងដំណាំរួមផ្សំឡើងវិញគឺត្រូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងកសិកម្មឲ្យបានត្រឹមត្រូវដើម្បីឲ្យផលដំណាំទទួលបានទិន្នផលគាប់ប្រសើរ។
លោកហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើកឡើងថា សម្រាប់រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនៅរាជធានីគឺបានធ្វើឲ្យខណ្ឌចំនួន៤បានទទួលរងនូវការលិចលង់ ក្នុងនោះសង្កាត់ដែលបើប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺនៅខណ្ឌដង្កោលនេះហើយ ។ ដើម្បីស្ដារឡើងវិញ ក្រោយពីទទួលបាននូវស្រូវពូជនេះហើយ សូមបងប្អូនប្រជាពលរដ្ឋបង្កបង្កើនផលឲ្យបានទាន់ពេលវេលាទៅតាមអ្វីដែលអាចធ្វើបាន។
លោកក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០នេះកម្ពុជាពិតជាទទួលរងនូវផលប៉ះពាល់ពីរធំៗ នោះគឺបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាទឹកជំនន់។ ប៉ុន្តែទោះបីជាយ៉ាងណាដី កម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេសបានប្រមាណ៥៣ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ៣៦៦លានដុល្លារ ហើយចំពោះការផ្ដល់ស្រូវពូជនេះ យើងបានសម្រិតសម្រាំង ដែលអាចបង្កបង្កើនផលបានទិន្នផលពី៨០ទៅ៨៥ភាគរយ។
លោកស្រី គីម ញឹម អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍លើកឡើងថា ពូជស្រូវស្រាលដែលចែកជូនប្រជាកសិករនេះមានចំនួន ៥០តោន ស្មើ ៦៦៣ គ្រួសារ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
លោកស្រីបន្តថា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា បណ្តាលឲ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោមានការហក់ឡើងខ្ពស់ ធ្វើឲ្យជន់លិចភូមិចំនួន៤២ភូមិ ក្នុងសង្កាត់ចំនួន១១ ជន់លិចផ្ទះសំបែងចំនួន ៤៩៦៥ ខ្នងផ្ទះ ស្មើនឹង ៥៥៨៧ គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន២៣៥៦០នាក់ រងគ្រោះជំនន់ទឹកស្ទឹងព្រែកត្នោតដោយផ្ទាល់ និងបង្កការខូចខាតដំណាំស្រែចំការចំនួន ១០៧៩ ហិកតា សត្វគោសរុបចំនួន ១៤៨៨ ក្បាល និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៥៣ ខ្សែ ស្មើនឹង ២០.១៩៥ ម៉ែត្រ សាលារៀនចំនួន ១២ទីតាំង វត្តអារាមចំនួន ១០ទីតាំង មណ្ឌលសុខភាព០៣ទីតាំង ប៉ុស្តិ៍សុខភាព០២ទីតាំង រោងចក្រ ១៣ទីតាំង សហគ្រាសធន់តូច និងសិប្បកម្មចំនួន ១១ ទីតាំង ដែលមានកម្មករសរុប ៥៤១៦នាក់ ស្រី៣៦៤៥នាក់ ក្នុងនោះដែលក៏មានជំនន់ទឹកភ្លៀងបណ្តាល ភូមិចំនួន១៩ភូមិ ក្នុងសង្កាត់ចំនួន៥ ជន់លិចខ្នងផ្ទះ ១២៧៩ ខ្នងផ្ទះ ស្មើនឹង ១៣២៥ គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន៦៩១២នាក់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ៕
ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
KPT+១ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ចរាចរណ៍៤ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល