ព័ត៌មានជាតិ
ខេត្តមួយទៀត ទុកពេល១៥ថ្ងៃឱ្យរុះរើស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅទីសាធារណៈ
ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហិង្សាព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភណភាពក្នុងភូមិសាស្ត្រខេត្តក្រចេះ អាជ្ញាធរបានណែនាំឱ្យម្ចាស់អាជីវកម្មនានារុះរើស្លាកសញ្ញាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមទីសាធារណៈ។

វិធានការនេះ ដោយសារកន្លងមកអាជ្ញាធរខេត្តក្រចេះ បានសង្កេតឃើញថា មានការដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានាដែលធ្វើឱ្យបាត់បង់នូវសោភណភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រនៅខេត្តនេះ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកសំបូរ រដ្ឋបាលស្រុកឆ្លូង និងរដ្ឋបាលក្រុងក្រចេះ នៃខេត្តក្រចេះ ដាច់ដោយឡែកពីគ្នា ប៉ុន្តែមានខ្លឹមសារស្រដៀងគ្នា។
ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលក្រុងក្រចេះ ចុះថ្ងៃទី ១៦ ខែកក្កដា បានស្នើដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ដែលបានដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ។ ប្រភពដែលបន្តថា ចំពោះក្រុមហ៊ុនស្រាបៀរគ្រប់ប្រភេទដែលមានលិខិតអនុញ្ញាតត្រូវរុះរើចេញពេលផុតសុពលភាព។
រដ្ឋបាលក្រុងនេះសង្កត់ធ្ងន់ថា៖«ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្មក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ពុំព្រមធ្វើការរុះរើ រដ្ឋបាលក្រុងក្រចេះនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាលធ្វើការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន»។

ចំណែករដ្ឋបាលស្រុកសំបូរវិញ ក៏បានហាមឃាត់នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ជូនអនីតិជនអាយុក្រោម ១៨ ឆ្នាំ និងមិនអនុញ្ញាតឱ្យអនីតិជនអាយុក្រោម ១៨ឆ្នាំ ទិញដូរ ស្រាបៀរគ្រឿងស្រវឹងគ្រប់រូបភាពក្នុងភូមិសាស្រ្តស្រុកឡើយ។
គួររំឭកថា នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
បន្ថែមពីនេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០២៤ បានដាក់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ពិនិត្យសើរើឡើងវិញរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិតគ្រឿងស្រវឹងដើម្បីឈានទៅបញ្ចប់រាល់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
ក្រោយការណែនាំនេះ សង្កេតឃើញថា អាជ្ញាធរខេត្តមួយចំនួនបានអនុវត្តរុះរើស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងភូមិសាស្រ្តខេត្តរួមមាន ខេត្តកំពង់ស្ពឺ តាកែវ និងខេត្តបាត់ដំបង ជាដើម។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងមកពីក្រសួងព័ត៌មាន ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងឱ្យមានសណ្តាប់ធ្នាប់ល្អ៕
អត្ថបទ៖ ឡាយ សាមាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត