ព័ត៌មានជាតិ
លោក ប៉ែន បូណា «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ ដើម្បីការពារពលរដ្ឋ យើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយម និងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ក្នុងនាមជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារធ្ងន់ និងត្រូវយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមនិងប្រជាពលរដ្ឋ កុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេសយុវជន និងអ្នកជំនួញ ជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផលប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗពីប្រទេសជាតិ ដើម្បីទាក់ទាញទេសចរ និងទាញការវិនិយោគជាដើម។ ប៉ុន្តែ វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានមនុស្សមួយក្រុមបែរជាងប់ងល់នឹងមនោគមន៍វិជ្ជាប្រឆាំងជ្រុលនិយម ហើយបានប្រើប្រាស់បច្ចេក វិទ្យាទំនើបក្នុងផ្លូវខុសដោយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដើម្បីបំពុលសង្គមទៅវិញ។
លោក ប៉ែន បូណា បញ្ជាក់ថា ស្ថានភាពបែបនេះ ទាមទារឱ្យពួកយើងទាំងអស់គ្នាត្រូវធ្វើការងារធ្ងន់ និងហត់នឿយយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសង្គមយើងនិងប្រជាជនយើងចេញពីគ្រោះថ្នាក់នៃការបំពុលដោយសារព័ត៌មានមិនពិតប្រឌិតក្លែងក្លាយទាំងនោះ។ ទោះយ៉ាងណាពួកយើងពេញចិត្តនឹងការងារនេះពីព្រោះជាការងារដ៏សំខាន់ ដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានធ្វើដើម្បៅប្រជាពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» ដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក ហៀម ឃួន អភិបាលរង និងជាអ្នកនាំពាក្យខេត្ត ព្រមទាំងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុបជាង ២០០នាក់។

ក្នុងនាមលោក ខូយ រីដា អភិបាលខេត្ត, លោក ហៀម ឃួន បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោករដ្ឋមន្ត្រីប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចុះមកជួយបណ្តុះបណ្តាលមន្ត្រីក្នុងខេត្តពោធិ៍សាត់ក្រោមប្រធានបទដ៏មានសារៈសំខាន់នេះ ស្របពេលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលតម្រូវឱ្យស្ថាប័នរដ្ឋគ្រប់ថ្នាក់ និងគ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន។
លោកអភិបាលរង បន្តថា ក្រុមការងារព័ត៌មាន និងនាំពាក្យខេត្តពោធិ៍សាត់ ដោយមានការចង្អុលបង្ហាញពីលោកអភិបាល បានធ្វើការងារយ៉ាងសកម្ម ដើម្បីផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ។ លោក រំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបានយល់កាន់តែច្បាស់ថែមទៀតអំពីការងារព័ត៌មាន និងនាំពាក្យ ដែលនឹងជួយជំរុញប្រសិទ្ធភាពនៃការងារ អនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាវាគ្មិន បានកោតសរសើរដល់គណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាននិងនាំពាក្យ ដោយសង្កត់ធ្ងន់លើតួនាទី ភារកិច្ច និងការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម ទាំងការងារបុរេសកម្ម និងការពន្យល់បកស្រាយជូនប្រជាពលរដ្ឋជ្រាបអំពីការពិតដើម្បីការពារពួកគេកុំឱ្យរងការបំពុលដោយព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ គ្រប់ប្រភេទ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ