Connect with us

ព័ត៌មានជាតិ

មន្ត្រីរដ្ឋាភិបាល ថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។

នេះជាហេតុផលដែលប្រជាពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំរាជរដ្ឋាភិបាលរហូតមក ។ ដើម្បីសម្រេចគោលដៅនេះ ការដ្ឋានមួយក្នុងចំណោមការដ្ឋានដ៏សំខាន់បំផុតដែលមិនអាចមើលរំលងបានគឺការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ និងប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ប៉ែន បូណា ដដែល។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមជាគណៈអធិបតីជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងវគ្គបណ្តុះបណ្តាលស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ បានស្វាគមន៍ និងអរគុណចំពោះលោក ប៉ែន បូណា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញធ្វើជាវាគ្មិនដោយផ្ទាល់ក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងការយល់ដឹងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ក្នុងការប្រមូលគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន និងនាំពាក្យឱ្យកាន់តែមានគុណវុឌ្ឍិ មានវិជ្ជាជីវៈ គុណភាព និង ប្រសិទ្ធភាពខ្ពស់ រួមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន។

លោកអភិបាលខេត្ត វាយតម្លៃខ្ពស់ចំពោះដំណើការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានខំជំរុញការលើកទឹកចិត្ត ណែនាំដល់អ្នកនាំពាក្យនៅតាមបណ្តាអង្គភាពនានាឱ្យចេះផ្សព្វផ្សាយព័ត៌មានពិត និងត្រូវបកស្រាយឱ្យបានច្បាស់ក្នុងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង ផ្សព្វផ្សាយព័ត៌មាន និងនាំពាក្យ កាន់តែប្រសើរឡើង។ លោក បន្តថា ប្រសិនបើអាជ្ញាធររដ្ឋបាលថ្នាក់មូលដ្ឋានឃុំ សង្កាត់ ក្រុង និងខេត្ត បានធ្វើសមិទ្ធផលច្រើន ប៉ុន្តែមិនបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹងលឺនោះ គឺមានន័យថា យើងមិនបានធ្វើដូច្នោះដែរ។

លោក ប៉ែន បូណា បានកោតសរសើរដល់គណៈអភិបាលខេត្តបាត់ដំបង ដែលបានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល សំដៅធ្វើយ៉ាងណាការពារកុំឱ្យព័ត៌មានក្លែងក្លាយមករារាំងដំណើរឈានទៅសម្រេចក្តីសុបិនដ៏ធំបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ស្របតាមគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម