ព័ត៌មានជាតិ
ប្រទះឃើញ ពងក្រពើភ្នំ ៥ សម្បុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំ
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសមី ៣ រួមគ្នាចុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ បានគូសបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុក ក្រពើភ្នំសរុបចំនួន ៥ សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។

តាមសេចក្តីប្រកាសព័ត៌មានដដែល បានចង្អុលបង្ហាញឱ្យដឹងថា សម្បុកទាំង ៥ នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងមានលទ្ធភាពបង្កកំណើតមាន ចំនួន ៦៦គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ក្នុងនោះ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន ៦០ ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ជំវិញការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។
ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។ មិនតែប៉ុណ្ណោះ ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុង ប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥ សម្បុក និងញាស់ជោគជ័យបាន ៦០កូននេះ ឆ្លុះបញ្ចាំង ឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្របសម្រាប់ប្រភេទសត្វ ដ៏កម្រនេះរស់នៅ។

ជុំវិញការប្រទះឃើញនេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នេះជា ជោគជ័យមួយថ្មីទៀតយ៉ាងសំខាន់នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានខិតខំជ្រើសរើស ពូជក្រពើភ្នំសុទ្ធមកបង្កាត់ហើយដាក់ចូលទៅក្នុងជម្រកធម្មជាតិវិញក្នុងដែនអភិរក្សបរិស្ថាន»។

មិនតែប៉ុណ្ណោះ កិច្ចខិតខំប្រឹងប្រែងនេះ បានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ ដោយសត្វក្រពើភ្នំអាចបន្តពូជដោយខ្លួនឯង ហើយបង្កើតជាសម្បុក និង កូនជំនាន់ថ្មីក្នុងធម្មជាតិ។ ជោគជ័យនេះបានផ្តល់កម្លាំងចិត្ត ព្រមទាំងពង្រឹងការតាំងចិត្តរបស់យើងក្នុងការបន្ត ការពារជីវចម្រុះដ៏សម្បូរបែបរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានលើកឡើងដែរថា អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយដែលអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូរ បានខិតខំប្រឹងប្រែងក្នុងបេសកកម្មជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញនៃ ប្រទេសកម្ពុជា។ ការងារនេះមិនត្រឹមតែទាក់ទងនឹងការបង្កាត់ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែធានាឱ្យបានថា ពួកវាមានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ ហើយការពង្រឹងការការពារទីតាំងសំខាន់ៗនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានសារៈសំខាន់ក្នុងការការពារ ជម្រកទាំងនេះពីការគំរាមកំហែង ដូចជាការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ជាដើម។
លោក បន្ថែមថា ការរកឃើញ សំបុកថ្មីៗនេះ សបញ្ជាក់ពីសារៈសំខាន់នៃការការពារតំបន់នេះ ដោយមានចំនួនក្រពើភ្នំតិចជាងពីរបីរយក្បាល នៅក្នុងធម្មជាតិ ក្រពើថ្មីចំនួន ៦០ ក្បាលដែលបានញាស់នេះ គឺជាកត្តាជំរុញយ៉ាងខ្លាំងនៃការកើនឡើងនៃ ចំនួនប្រភេទនេះ។ ខណៈពេលដែលជីវចម្រុះនៅតំបន់ដីសើមកំពុងបាត់បង់យ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ការរកឃើញនេះគូសបញ្ជាក់អំពីសក្តានុពល សម្រាប់ការស្តារឡើងវិញនូវធម្មជាតិតាមរយៈកិច្ចខិតខំប្រឹងប្រែង អភិរក្សរួមគ្នាប្រកបដោយនិរន្តរភាព។

លោក ថយ ឈន អ្នកល្បាតក្រពើភ្នំ បានបង្ហាញចំណាប់អារម្មរណ៍ថា យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ដើម្បីការពារប្រភេទសត្វជិតផុតពូជនេះជាច្រើនឆ្នាំមកហើយ ហើយយើងពិតជារំភើបណាស់ដែលបានរកឃើញសម្បុកក្រពើទាំងនេះ។
លោកថា «ការរកឃើញនេះបង្ហាញថា កិច្ចខិតខំ ប្រឹងប្រែងអភិរក្សរបស់យើងទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិរក្ស ជាបន្តបន្ទាប់របស់យើងចំនួនក្រពើភ្នំនឹងបន្តកើនឡើងនាពេលអនាគត»។
គួរជម្រាបថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី