ព័ត៌មានជាតិ
ក្រសួងព័ត៌មាន៖ សូមប្ដឹងមកក្រសួង បើមានករណីសារព័ត៌មានខិលខូចទារលុយ
ក្រោយមានបទបញ្ជានាយករដ្ឋមន្ត្រី, ក្រសួងព័ត៌មានបានប្រកាសឱ្យអ្នកដែលរងការកំហែងទារលុយ ឬករណីគាបសង្កត់ណាមួយពីក្រុមសារព័ត៌មានខិលខូចមួយចំនួន អាចដាក់ពាក្យបណ្ដឹងមកក្រសួងបាន ដើម្បីក្រសួងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានចំពោះជនខិលខូចទាំងនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានពិនិត្យឡើងវិញលើករណីដែលអ្នកសារព័ត៌មានមួយចំនួនតែងយកអាជីពរបស់ខ្លួនទៅដើរគៀបអ្នកដទៃ ដើម្បីបានលាភសក្ការៈផ្សេងៗ។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តី បានដាក់ជាគោលការណ៍ឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណមកវិញ បើរកឃើញថា បានប្រព្រឹត្តទង្វើបែបនេះពិតមែន។
ទន្ទឹមនឹងបទបញ្ជាខាងលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែទទូចដល់អ្នកសារព័ត៌មានទាំងអស់ឱ្យបន្តរក្សាឱ្យបានខ្ជាប់ខ្ជួនក្រមសីលធម៌ វិជ្ជាជីវៈក្នុងអាជីពជាអ្នកសារព័ត៌មាន ដោយធ្វើយ៉ាងណាកុំកេងចំណេញផលប្រយោជន៍ពីអាជីពរបស់ខ្លួន តាមរយៈការប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់ឱ្យសោះ។

អនុវត្តតាមបទបញ្ជាផ្ទាល់មាត់របស់នាយករដ្ឋមន្ត្រី, នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ ក្រសួងព័ត៌មានបានក្រើនរម្លឹកដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នករកប្រាក់តាមអនឡាញ MMO យកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចែកចាយព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន។ ព្រមជាមួយគ្នានេះ ក្រសួងព័ត៌មាន ដែលស្ថិតក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី ក៏ប្រកាស ឱ្យសាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន អាចរាយការណ៍មកកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣ / ០១២ ៤៨៨ ១៥៦ ឬ ដាក់ពាក្យបណ្ដឹងមកក្រសួង ដើម្បីឱ្យក្រសួងមានវិធានការតាមនីតិវិធីច្បាប់។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិធានការនេះ គឺដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទប់ស្កាត់ និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែលយកអាជ្ញាបណ្ណពីក្រសួងព័ត៌មានបានផ្តល់ជូន ទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងផ្ទុយពីច្បាប់របបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃនេះ។
ក្រសួងព័ត៌មាន ក៏បានបញ្ជាក់ពីត្រៀមប្រកាសដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់នៅកម្ពុជាគោរព និងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ