ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ វិស័យឯកជនពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍ប្រែក្លាយមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា វិស័យឯកជនពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍ប្រែក្លាយមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បងសម្រាប់កម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៉ីសធើនហៅស៍ រៀលអ៉ីស្ទេត បាន រួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ ដែលបានរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់ចំណូល ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្តាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកប្រែក្លាយមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា ក៏ដូចជាការប្រើប្រាស់នូវសក្ដានុពល និងធនធានអំណោយផលដែលមានស្រាប់ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះប្រកបដោយប្រសិទ្ធភាព។
តាមការលើកឡើងរបស់ លោក ម៉ាង ស៊ីណេត ក៏បានលើកឡើងអំពីវឌ្ឍនភាព និងការអភិវឌ្ឍខេត្តព្រះសីហនុ ស្របពេលដែលកាលពីពេលថ្មីៗ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ក្នុងការជួយជំរុញលើកទឹកចិត្ត និងការផ្តល់លក្ខខណ្ឌងាយស្រួលមួយចំនួនដល់អ្នកវិនិយោគដែលមានបំណងបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជួយរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ។
តាមការលើកឡើងរបស់ លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិលមង្គលរៀលធី នេះគឺជាគម្រោងទី ១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៉ីសធើនហៅស៍ រៀលអ៉ីស្ទេត ដែលបានវិយោគលើលំនៅដ្ឋាន ដែលរួមមាន ប្រភេទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រភេទផ្ទះមូលថ្មីស្រឡាង ដោយផ្តោតចម្បងលើភាពរឹងមាំ ប្រណិតភាព សោភណភាព ផាសុកភាព និងទំនើបស៊ីវិល័យ។
សម្តេចកិត្តិបណ្ឌិត បានបន្តទៀតថា វត្តមាន និងទំហំ នៃការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជំនឿទុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនមកលើ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច រួមជាមួយនឹងការលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់។
សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើឲ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្ម ដល់អតិថិជនប្រកបដោយការ ទទួលខុសត្រូវ ធានាសោភ័ណភាព គុណភាព និងប្រណិតភាព និងត្រូវគោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា ៖ ច្បាប់សំណង់ និងច្បាប់វិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា និងមានកាតព្វកិច្ចបង់ពន្ធដាឲ្យបានត្រឹមត្រូវ។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរព្រមៗ គ្នា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន តេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រតែម្ដង៕
អត្ថបទ ៖ វិមាន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់