Connect with us

ព័ត៌មានជាតិ

តាមគោលដៅស្រុកមួយចំនួន ក្នុង​ខេត្ត​បាត់ដំបង កសិករកំពុងភ្ជួរដីចម្ការរង់​ចាំទឹកភ្លៀង

បានផុស

នៅ

ស្របពេលប៉ុន្មានថ្ងៃមកនេះ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់ផ្ទួនៗបង្កឲ្យជន់លិច​ដំណាំកសិករមួយចំនួននៅស្រុកសំឡូត ហើយ​តាមគោលដៅក្នុងស្រុកមួយចំនួន​ក៏ពុំទាន់មានទឹកភ្លៀងដល់ សម្រាប់កសិករធ្វើការដាំដុះនៅឡើយ ខណះដីចម្ការដ៏ធំល្វឹងល្វើយរបស់ប្រជាកសិករត្រូវបានភ្ជួររួចរាល់ ហើយរង់​ចាំទឹកភ្លៀងជាមុនទើបធ្វើការដាំដុះ។ ប៉ុន្តែបើគឹតត្រឹមថ្ងៃទី ១៩ ខែកក្កដាម្សិលមិញ នៅតំបន់គោលដៅដីចម្ការរបស់កសិករ នៅក្នុងស្រុកភ្នំព្រឹក នៅមិនទាន់មានភ្លៀងធ្លាក់ដល់នៅ​ឡើយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាកសិករដែលប្រកបរបរកសិកម្មលើដំណាំ ពោត សណ្តែក ដំឡូងមី នៅចំណុចភូមិអូរគល់សំយ៉ុង ឃុំបារាំងធ្លាក់ ស្រុក ភ្នំព្រឹក បានប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី១៩ ខែកក្កដាថា ពួកគាត់បានភ្ជួរដីចម្ការជាច្រើនហិកតារង់​ចាំទឹកភ្លៀងធ្លាក់​សើម​ដីទើបធ្វើការដាំដុះ តែនៅមិនទាន់មានទឹកភ្លៀងមួយដំណក់នៅឡើយ ទើបខកខានក្នុងការដាំ រហូតមកដល់ពេលនេះ។

លោក រិនដា កសិករម្នាក់ក្នុងចំណោមកសិករ​ប្រកបរបរកសិកម្ម ក្នុងភូមិសាស្ត្រខាងលើនេះ​បានឲ្យដឹងថា ប៉ុន្មានថ្ងៃមក​នេះ​លោកនិងកសិករផ្សេងទៀត បានភ្ជួរដីចម្ការរៀងៗខ្លួនដើម្បីរងចាំទឹកភ្លៀង ខណះដែលលោកបានដឹងថា មានភ្លៀងធ្លាក់​ច្រើននៅប៉ែកខាងស្រុកសំឡូត ហើយក៏បានធ្លាក់ក្នុងស្រុកភ្នំព្រឹកខ្លះដែរ ទើបកសិករសម្រុកភ្ជួរដីចម្ការ​សម្រាប់ធ្វើការដាំដុះ បន្ទាប់ពីភ្លៀងធ្លាក់ធ្វើឲ្យដីសើម។

លោកបន្តថា “ចំណែកខ្ញុំបានភ្ជួរដីចម្ការចំនួន ២៤ ហិកតា ក្នុងនោះខ្ញុំដាំពោតក្រហម និងសណ្តែកសៀង តែមកដល់ពេល​នេះនៅមិនទាន់បានដាំ ព្រោះដីនៅស្ងួតនៅឡើយ”។

ទន្ទឹមគ្នានេះដែរ ងាកមកកសិករ ក្នុងស្រុកបាណន់ នៅតាមតំបន់មួយចំនួនក៏នៅខ្វះទឹកភ្លៀងស្រោចស្រព​លើផលដំណាំ​ដែលកសិករ​បានដាំរួចមកហើយ បណ្តាលឲ្យក្រៀមស្វិតអស់មួយចំនួនធំ ដូចជា ពោត ដំឡូង ត្រសក់ សណ្តែកកួរជាដើម ដោយសារតែទឹកភ្លៀងធ្លាក់តែលើតំបន់មួយចំនួនក្នុងស្រុកបាណន់។

លោកស្រី សួន ថាវ បានឲ្យដឹងថា ពោត ត្រសក់ ត្រឡាច របស់លោកស្រីក្រៀមស្វិតជាបណ្តើរៗ ដែលលោកស្រីបានដាំជិត​ ១ ខែកន្លងមក នៅចំណុចប៉ៃឡាំ ក្នុងភូមិទួល ឃុំចែងមានជ័យ ស្រុកបាណន់។

លោកស្រីបន្តថា “មានភ្លៀងធ្លាក់ដែរនៅក្នុងស្រុកបាណន់ តែនៅតំបន់ខាងខ្ញុំរស់នៅ គ្រាន់តែមានចំហាយទឹកផាត់មកបាន​តិចបំផុត។ ថ្ងៃខ្លះបានសើមដីបន្តិច តែត្រូវថ្ងៃមិនបាន ១ ម៉ោងផងក៏ស្ងួតទៅវិញ។ ខ្ញុំគិតតថា បើនៅតែបែបនេះត្រឹម ១ អាទិត្យទៀត អាចនឹងដាំសារជាថ្មី”។

មន្ត្រីជំនាញថា កត្តាអាកាសធាតុប្រែប្រួលបែបនេះ ផលដំណាំកសិកម្មរយះពេលខ្លីរបស់កសិករ (ដំណាំឆ្លងកាត់) ងាយនឹងរងគ្រោះ អាចនឹងមានផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ តាមរយះការប្រើប្រាស់ថវិកាជាដើមទុនក្នុងការដាំដុះ ហើយកត្តាបែបនេះ ក៏គ្មានជំនាញណានឹងដោះស្រាយបាននោះដែរ ដោយសារ​ជាកត្តាធម្មជាតិ ដែលកសិករទាំងអស់បានដឹង និង​តែងនិយាយតៗគ្នាថា “ធ្វើស្រែប្រវ៉ាស់មេឃ”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម