Connect with us

ព័ត៌មានជាតិ

លោក ​ហ៊ុន ​ម៉ា​នី ​ប្រកាស​បើក​ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» ​ក្រោម​ទិស​ស្លោក​ថ្មី​«​ស្អាត​ជា​ទម្លាប់​ថ្មី​»

បានផុស

នៅ

​ភ្នំពេញ​៖ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» ដែលជា​ផ្នែក​មួយ​នៃ «​គម្រោង​ស្អាត​» បាន​វិលត្រឡប់​មកវិញហើយ​នៅ​ថ្ងៃទី​០៤ ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក ហ៊ុន​ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​បើតាម​សេចក្តីប្រកាស​ព័​ត៌មាន ​របស់​គម្រោង​បាន​ឲ្យ​ដឹង​ថា ​ក្នុង​បុព្វហេតុ​លើកកម្ពស់​ការ​យល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ អំពី​បច្ចុប្បន្នភាព​នៃ «​ពាក្យ​ស្អាត​» ក្នុង​បរិបទ​កូ​វីដ ១៩ ព្រមទាំង​ក្នុង​បរិការណ៍​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្រុមការងារ​ប្រតិបត្តិ​នៃ​គម្រោង​ស្អាត​បានសម្រេច​រួមគ្នា​ជា​ឯកច្ឆន្ទ​ក្នុង​ការ​ដាក់ចេញ​ផ្លូវការ​នូវ​ពាក្យស្លោក​ថ្មី​មួយ​គឺ «​ស្អាត​ជា​ទម្លាប់​ថ្មី​» ដែល​ដើរ​តួនាទី​ជា​ទិស​ស្លោក​គន្លឹះ សម្រាប់​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ឆ្នាំ ២០២០​នេះ​។

ការបង្កើត​ពាក្យ​ស្លាក​ថ្មី​នេះ ​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ បាន​អុកឡុក​ប្រជាជាតិ​ក្នុង​ពិភពលោក​ទាំងមូល​ក្នុង​អំឡុង​ការបើក​ទំព័រ​ទសវត្សរ៍​ថ្មី​មក​«​ភាព​ស្អាត​» បាន​ក្លាយជា​និន្នាការ​សាកល​មួយ និង​ជា​ទម្លាប់​ថ្មី​មួយ ដែល​មនុស្សជាតិ​ត្រូវការ និង​ប្រកាប់​ខ្ជាប់​ជា​ចាំបាច់​។

បន្ថែម​ពីលើ​នេះ «​ភាព​ស្អាត ដែល​ជា​ទម្លាប់​ថ្មី​នេះ​» បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងពិត​ប្រាកដ​ជាមួយនឹង «​ការ​ទុកដាក់ និង​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​» ដែល​ជា​បេសកកម្ម​ចម្បង នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ចាប់តាំងពី​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។

លោក ហ៊ុន​ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ​ដែល​ធ្វើ​នៅ​អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី​ថា​ដើម្បី​ជាការ​ចូល​រួម​ចំណែក​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​,​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ក្រោម​ទិស​ស្លោក​ថ្មី​ប្រចាំ​ឆ្នាំនេះ​នឹង​ចូលរួម​លើកទឹកចិត្ត​ឱ្យ​មនុស្ស​សម័យថ្មី​ប្រតិបត្តិ​នូវ​គោលការណ៍​អនាម័យ​ស្អាត និង​វិធានការ​សុវត្ថិភាព​ពី​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា រួមមាន​ពាក់​ម៉ាស​ឲ្យបាន​ជាប់លាប់​នៅពេល​ចាំបាច់ ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល រក្សា​គម្លាត​សង្គម ចៀសវាង​ការប៉ះពាល់​ជាមួយ​សត្វ ឬ​អ្នកជំងឺ​ក្អក​និង​គ្រុនក្ដៅ​ជាដើម​។

លោក​បាន​បន្ត​ថា ​«​ជំងឺ​កូ​វីដ​១៩​បាន​កែ​ទម្លាប់​មនុស្ស​ភាគច្រើន​គឺ​ដូរ​ពី​ការ​ចាប់ដៃ​ទៅជា​ជម្រាបសួរ​ពី​ចង្ងាយ​។​ផ្នែក​លើ​បរិបទ​នេះ​ហើយ​​ទើប​យុទ្ធនាការ​យើង​បាន​គិតគូរ​យកពាក្យ​ស្លោក​«​ស្អាត​ជា​ទម្លាប់​ថ្មី​»​សម្រាប់​អនុវត្ត​នៅ​ប្រចាំថ្ងៃ​របស់​យើង​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​វិញ​លោក​បាន​បន្ថែម​ថា ​«​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​យើង​សង្ឃឹមថា​ឲ្យ​តែ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​មនុស្ស​ម្នាក់​ពី​អ្នក​បោះ​សំរាម​ទៅជា​មិន​បោះ​សំរាម​ហើយ​អ្នក​មិន​បោះ​ទៅជា​អ្នកចូលរួម​ផ្សព្វផ្សាយ​នេះ​ជា​ជោគជ័យ​និង​ជាការ​ចូលរួមចំណែក​ជាមួយ​សង្គមជាតិ​របស់​យើង​»​។

លោក​បាន​បញ្ជាក់​ថា ​«​យើង​ត្រូវមាន​ឆន្ទៈ​របស់​យើង​ត្រូវតែ​បន្ត​អ្វីដែល​យើង​បានឃើញ​ជា​វិ​ជ្ជ​មាន​និង​បាន​កែលំអ​ម្តង​បន្តិចៗ​ជា​មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​យើង​តាំងចិត្ត​និង​មានការ​លះបង់​ដើម្បី​ទទួលបាន​ជោគជ័យ​ថែមទៀត​ព្រោះថា​ សំរាម​នាំមក​នូវ​បរិស្ថាន​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​។​រឿង​សំរាម​និង​ចាត់ចែង​សំរាម​នេះ​វា​មិនមែន​ត្រឹមតែ​ជា​រឿង​បរិស្ថាន​ឬ​សម្ផស្ស​ទេ​តែ​វា​ជា​រឿង​សុខភាព​សាធារណៈ​»​។

យុទ្ធនាការ​ភ្នំពេញ​ស្អាត​ក៏បាន​បង្កើត​កម្មវិធី ប្រកួតប្រជែង​គម្រោង​ទស្សនាទាន «​សាលា​បរិស្ថាន​ស្អាត​» ដើម្បី​បើកឱកាស​ឲ្យ​សិស្សានុសិស្ស​នៅតាម​វិទ្យា​ល័យរ​ដ្ឋ និង​ឯកជន ព្រមទាំង​និស្សិត​នៅតាម​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​បញ្ចេញស្នាដៃ បទពិសោធន៍ និង​ការយល់ដឹង​ក្នុង​វិស័យ​បរិស្ថាន​ដោយ​ឈរលើ​ស្មារតី​ច្នៃប្រឌិត គំនិត​ជឿនលឿន ក៏ដូចជា​នវានុវត្តន៍​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ដើម្បី​ឈានទៅរក «​អនាម័យ​ស្អាត​» «​មេត្រីភាព​បរិស្ថាន​» ក៏ដូចជា «​ការ​ទុកដាក់ និង​គ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ​» ដោយមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ក្នុង​ការបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​គំរូ។

ពោល​គឺ​ការពារ​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ទាំង​ក្នុង​គេហដ្ឋាន ក្នុង​បរិវេណ​សាលា ក្នុង​ការិយាល័យ​ធ្វើការ ជាពិសេស​គឺ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ​ស្អាត រហូតដល់​សង្គមជាតិ​ទាំងមូល​គ្មាន​សំរាម​រាយប៉ាយ គ្មាន​កាកសំណល់​ពាសវាល​ពាស​កាល។

សូម​ជម្រាប​ថា ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៤​នៃ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» ដែល​តែងតែ​ធ្វើឡើង​នូវ​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ខែវិច្ឆិកា ដែល​ត្រូវ​យុទ្ធនាការ​នេះ​ប្រសិទ្ធ​នាម​ថា​ជា «​ខែ​ស្អាត​»។

គួរបញ្ជាក់​ផងដែរ ថា «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» ត្រូវបាន​បង្កើតឡើង​ដោយ​សហ​ស្ថាបនិក​ចំនួន ៦​រូប ដែល​ក្នុងនោះ មាន​លោក ហ៊ុន ម៉ា​នី លោកស្រី ទេព កូ​លាប លោក​ជី សិលា លោកស្រី ជា សុ​ផល្លា លោក ហៃ ភិរម្យ និង​លោកស្រី ហេង ធីតា​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម