ព័ត៌មានជាតិ
ពលរដ្ឋខេត្តឧត្តរមានជ័យ៩ម៉ឺននាក់បានខ្ចីលុយធនាគារ ខណៈអភិបាលខេត្តប្រាប់ពលរដ្ឋប្រើកម្ចីឱ្យបានត្រឹមត្រូវ
ពលរដ្ឋខេត្តឧត្ដរមានជ័យ៩ម៉ឺននាក់ បានជំពាក់លុយគ្រឹះស្ថានហិរញ្ញវត្ថុ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារ ដែលអភិបាលខេត្ត លោក មាន ចាន់យ៉ាដា ចាត់ទុកថា ជាទំហំប្រាក់កម្ចីច្រើនលើសលប់សម្រាប់ពលរដ្ឋនៅក្នុងខេត្តដាច់ស្រយាលមួយនេះ។ លោកអភិបាលខេត្ត បានដាស់តឿនពលរដ្ឋប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវ ខណៈរដ្ឋបាលខេត្ត ដាក់ចេញវិធានការចំពោះមុខមួយចំនួនទាក់ទិនបញ្ហានេះ។

បើតាមលោកអភិបាលខេត្ត គ្រាន់តែនៅក្នុងក្របខណ្ឌស្រុកបន្ទាយអំពិលមួយ គឺមានប្រជាពលរដ្ឋដែលបានប្រើប្រាស់កម្ចី ពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងរង្វង់ ២១%ឯណោះ។ លោកអភិបាលខេត្ត រៀបរាប់ឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋសរុបនៅក្នុងស្រុកបន្ទាយអំពិលចំនួន៥១ ៦០៥នាក់ បើគិតជាគ្រួសារ មានចំនួន១៤ ៥៥៦គ្រួសារ គឺមានអ្នកដែលខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ រហូតដល់១៨ ៥២៩នាក់។
ជារួម ក្របខណ្ឌទូទាំងខេត្តឧត្តរមានជ័យ មានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុតែមួយស្ថាប័ន មាន៦៦% អ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុពីរស្ថាប័ន មាន២៧% និងពលរដ្ឋដែលមានកម្ចីចាប់ពីបីស្ថាប័ន មាន៨%។ តាមរយៈទិន្នន័យនេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានវាយតម្លៃថា ការខ្ចីឥណទានទាំងនេះ គឺជាតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីយកមកពង្រីកមុខរបរ ដូចជាលើវិស័យកសិកម្ម ជាដើម។ ប៉ុន្តែការប្រើប្រាស់កម្ចីនេះ មិនទាន់ចេះធ្វើផែនការនៃអាជីវកម្មរបស់ខ្លួនឱ្យត្រឹមត្រូវ ដែលអាចឈានក្លាយជាវិបត្តិបំណុល ពោល គឺបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គឺការប្រើប្រាស់ប្រាក់កម្ចីមិនទាន់ត្រឹមត្រូវ។

ចំពោះមុខប្រជាពលរដ្ឋស្រុកបន្ទាយអំពិល ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ចាន់យ៉ាដា ក្នុងនាមជាអភិបាលខេត្តឧត្ដរមានជ័យ បានប្រកាសដាក់ចេញនូវវិធានការក្នុងក្របខណ្ឌខេត្តមួយចំនួន សំដៅឆ្លើយតបទៅនឹងបញ្ហានៃការប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋនេះ ក្នុងនោះ លោក បានស្នើដល់គ្រប់ស្ថាប័នផ្តល់ឥណទានទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ សម្រាប់ប្រតិបត្តិការនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ស្របតាមវិជ្ជាជីវៈរបស់ខ្លួន។
ចំណែកអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺត្រូវពង្រឹង និងសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីនីតិវិធីនៃការស្នើសុំឥណទាននេះ ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតឡើងក្នុងករណីគ្មានផែនការច្បាស់លាស់នៃការប្រើប្រាស់ឥណទាន។

លោកអភិបាលខេត្ត ក៏បានប្រកាសជួបប្រជុំជាមួយស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងខេត្ត ដើម្បីពិនិត្យឡើងវិញអំពីនីតិវិធីនៃការផ្ដល់ប្រាក់កម្ចី ក៏ដូចជាការងារមួយចំនួនដែលត្រូវជជែកគ្នាកម្រិតបច្ចេកទេស។ អភិបាលខេត្តរូបនេះ ក៏សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ នឹងយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានា។
គួរជម្រាបថា គ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តឧត្តរមានជ័យបច្ចុប្បន្ន មាន១៩គ្រឹះស្ថានឯកជន។ នេះបើតាមការលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ៕

-
KPT+១៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់