ព័ត៌មានជាតិ
លោក គួច ចំរើន ណែនាំរដ្ឋបាលក្រុង បន្តយកចិត្តទុកដាក់ការពារទឹកដីតាមព្រំដែន និងជំរុញការចុះបញ្ជីដីធ្លី
អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានណែនាំដល់រដ្ឋបាលក្រុង ឱ្យបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន។ លោកបានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាក្រុងសំពៅពូន។

ថ្លែងនាឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពរដ្ឋ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានក្រុងរបស់ខ្លួន។ លោកបន្តថា រដ្ឋបាលក្រុង ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់។
លើសពីនេះ ត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាល បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងន័យនេះចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។

ជាមួយគ្នានេះ លោកបានណែនាំដល់រដ្ឋបាលក្រុង ឱ្យសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់បំផុតលើការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន។ ព្រមទាំងជំរុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន និងអាចឈានទៅបង្កើតជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន។ ជាពិសេស ត្រូវខិតខំជំរុញពលរដ្ឋផ្តល់ការរាយការណ៍មកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ ដោយផ្តល់ការសម្របសម្រួល ភាពងាយស្រួល និងការសម្ងាត់ជូនប្រជាពលរដ្ឋដែលបានរាយការណ៍ ហើយត្រូវចាត់ទុកថា ប្រជាពលរដ្ឋ គឺជាអ្នករាយការណ៍ដ៏សំខាន់រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ សង្កាត់ ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានបណ្តឹងពីប្រជាពលរដ្ឋច្រើនជាងគេ គឺជាអង្គភាពដែលបានផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ