Connect with us

ព័ត៌មានជាតិ

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ​ប្រាថ្នា​ចង់​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ទៅ​ដល់​ឲ្យ​បាន

បានផុស

នៅ

ថ្លែង​សារ​ពិសេសពាក់ព័ន្ធ​តំបន់អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​កំណាត់​ផ្លូវ​ពី​ក្រុង​បានលុង​ខេត្ត​រតនគិរី​ ទៅដល់​តំបន់​កន្ទុយនាគ ចំណុច​ប្រសព្វគ្នានៃ​ព្រំដែន​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ​ ប្រធាន​ព្រឹទ្ធសភា សម្តេច​តេជោ ក៏​បង្ហាញ​បំណង​ចង់​មាន​ឱកាស​បាន​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ​ថែម​ទៀត​ផង នៅពេល​មាន​ផ្លូវ​ធ្វើ​ដំណើរទៅដល់។

សម្តេច​តេជោ​បាន​គូស​បញ្ជាក់​ថា «ខ្ញុំ​ពិត​ជា​ចង់​ណាស់​ទៅ​ឈរ​នៅ​មុំ ៣ នេះ។ នៅ​មុំ ៣ មាន​បង្គោល​ ៣ ប្រទេស ហើយ​ខ្ញុំ​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​ខិតខំ​រក​ថវិកា​ដើម្បី​កសាង​ផ្លូវជាតិ​ពី​ទី​រួម​ខេត្ត​រតនគិរី​ទៅ​តំបន់​មុំ​ ៣ ហើយ​ពេល​នោះ​ខ្ញុំ​ប្រាថ្នា​​នឹង​អាច​ធ្វើ​ដំណើរ​និង​ទៅ​ឈរ​នៅ​ទីនោះ»។

កំណាត់​ផ្លូវ​ជាតិ​លេខ ៧៨-៥ ពី​ក្រុង​បានលុង​កាត់​ស្រុក​តាវែង​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​ មាន​ប្រវែង ១៦៦ គីឡូម៉ែត្រ ​និង​ទទឹង ៩ ម៉ែត្រ។

សម្តេច​គូស​បញ្ជាក់បន្ថែម​ថា បើ​សិន​បាន​ផ្លូវ​នេះ​មួយ​ខ្សែ​ទៀត ​នឹង​អាច​តភ្ជាប់ទៅ​​ផ្លូវ​ជាតិ​លេខ ៧៨ ពី​អូរយ៉ាដាវ​ទៅ​បានលុង ដែល​បាន​ជួយ​កសាង​ដោយ​រដ្ឋាភិបាល​វៀតណាម។

«ខ្ញុំ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ខិតខំ​រក​ថវិកា ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​ខាន​តែ​បាន»។ សម្តេច​​តេជោ បញ្ជាក់បន្ថែម។

បើតាម​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​ រដ្ឋាភិបាល​គ្រោង​​សាងសង់​ផ្លូវ​ទៅ​តំបន់​មុំ ៣ (កន្ទុយនាគ) ​ដែល​ប្រសព្វ​គ្នា​រវាង​ប្រទេស ៣ គឺ​កម្ពុជា-ឡាវ-វៀតណាម​នៅ​ឆ្នាំ ២០២៨។

ឆ្លើយតបសំនួរ​របស់កម្ពុជាថ្មី ​នៅ​​ក្នុង​សន្និសីទ​​វឌ្ឍនភាព​រដ្ឋបាល​រាជធានី​ខេត្ត​កាលពី​ដើម​ឆ្នាំ ២០២៣ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​បាន​គូស​បញ្ជាក់ថា ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជួស​មុខ​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ លោក​បាន​ធ្វើ​បទ​អន្តរាគមន៍​ស្នើ​សុំ​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ក្នុង​ខេត្ត​រតនគិរី។

ផ្លូវ​ទាំង​ពីរ​ខ្សែ​ដែល​លោក​លើក​សំណើ​​នោះមាន​ទី​មួយ​ផ្លូវ​ទៅ​វ៉ឺនសៃ និង​មួយ​ខ្សែ​ទៀត​គឺ​ផ្លូវ​ទៅ​តំបន់​មុំ ៣ (កន្ទុយ​នាគ)​ប្រសព្វ​គ្នា​រវាង​កម្ពុជា-ឡាវ-វៀតណាម។

បើតាមលោកសាយ សាមាន ផ្លូវ​​លេខ ៧៨-៥ បាន​រៀបចំបញ្ចូល​ជា​​ប្រព័ន្ធ​ផ្លូវ​ជាតិ​ ​មាន​ប្រវែង​សរុប ១៩១ គ.ម ដែល​ស្ថានភាព​បច្ចុប្បន្ន​ចែក​ចេញ​ជា ៣ កំណាត់។

​កំណាត់​ទី​មួយ​ពី​ក្រុង​បានលុង​ទៅ​ភូមិ​តងណងលិ​ បាន​ចាក់ស្រោច​​កៅស៊ូ​​ជាប្រភេទ​​ DBST មាន​​ប្រវែង ២១.៩៥ គ.ម។ កំណាត់​ទី​ពីរ​ពី​ភូមិ​តងណងលិ​ទៅ​ដល់​ស្រុក​តាវែង​ ជា​ផ្លូវ​ល្បាយ​ថ្ម​មាន​ប្រវែង ២៥.៩ គ.ម និង​កំណាត់​ទី ៣ ពី​ស្រុក​តាវែង​រហូត​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​មាន​ប្រវែង ១៤៣.៩៦ គ.ម បច្ចុប្បន្ន​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរទៅដល់ ហើយ​បើ​ចង់​ធ្វើ​ដំណើរ​បន្ត​ដល់​តំបន់​មុំ ៣ (កន្ទុយ​នាគ) ត្រូវ​ឆ្លង​ចូល​ប្រទេស​វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម