Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ កំពុងជំរុញដោះ ស្រាយបញ្ហាកុមារស្គមស្គាំងនៅប្រទេសកម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយ អង្គការ Save the Children ប្រចាំកម្ពុជា កាលពីថ្ងៃទី២៥កក្កដា ឆ្នាំ ២០២៤ បានរៀបចំវេទិកាភស្តុតាងបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវលើបញ្ហាកុមារស្គមស្គាំងនៅខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជា ។ វេទិកានេះ ក៏ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សំដៅកំណត់អាទិភាពក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយបញ្ហាកុមារស្គមស្គាំងនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសិក្សាស្រាវជ្រាវពីបញ្ហាកុមារស្គមស្គាំងនៅកម្ពុជា ធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង និងកោះកុង ក្រោមថវិកាគាំទ្ររបស់អង្គការ Save the Children ជប៉ុន និងកិច្ចសហការរបស់ស្ថាប័នពាក់ព័ន្ធ។

ការសិក្សាស្រាវជ្រាវ បានបង្ហាញពីអត្រាប្រេវ៉ាឡង់នៃកង្វះអាហារូបត្ថម្ភទាបជាងបើប្រៀបធៀបទៅនឹងការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១ លើកលែងតែក្នុងខេត្តកំពង់ឆ្នាំង និងកោះកុង ដែលមានអត្រាក្រិនខ្ពស់ ។ ទិន្នន័យនេះ បង្ហាញពីតម្រូវការដ៏សំខាន់សម្រាប់ការអនុវត្តការបំបៅកូនឱ្យកាន់តែប្រសើរថែមទៀត ដោយសារបញ្ហាស្គមស្គាំងគឺ កើតមានច្រើនបំផុតក្នុងចំណោមកុមារអាយុលើសពី១២ខែ ហើយជាពិសេសគឺខ្ពស់ក្នុងចំណោមទារកដែលមានអាយុពី ០ដល់៥ខែ នៅក្នុងខេត្តកំពង់ចាម ដែលអត្រាបំបៅដោះកូនតែមួយមុខមានត្រឹមតែ ៤៨%ប៉ុណ្ណោះ។

ថ្លែងបើកវេទិកា លោក រស់ ច័ន្ទបូរិទ្ធិ ប្រធានផ្នែកការអភិវឌ្ឍកម្មវិធី គុណភាព និងផលជះរបស់អង្គការ Save the Children បានឱ្យដឹងថា ការស្រាវជ្រាវនេះ មិនត្រឹមតែបង្ហាញពីការកែលម្អ និងភាពរីកចម្រើននោះទេ តែក៏បង្ហាញពីឱកាសដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ។ ការរកឃើញទាំងនេះ ធ្វើឡើងស្របតាមផែនការសកម្មភាពសកលរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាស្គមស្គាំងរបស់កុមារ ដោយផ្តោតលើវិស័យសំខាន់ៗចំនួនបួន រួមមាន ការពង្រឹងអាហារូបត្ថម្ភ ការកែលម្អសុខភាពកុមារ ការពង្រឹងការអនុវត្តការចិញ្ចឹមទារក និងកុមារតូច, និងការពង្រីកលទ្ធភាពទទួលបានការព្យាបាលកុមារដែលស្គមស្គាំង ។

លោកថា៖ «យើងខ្ញុំ ជឿជាក់ថាវឌ្ឍនភាពក្នុងវិស័យទាំងនេះ ទាមទារឱ្យមានការវិនិយោគបន្តនៅក្នុងវិធីសាស្រ្តផ្អែកលើសហគមន៍ ការពង្រឹងប្រព័ន្ធសុខភាព ការគាំពារសង្គម និងប្រព័ន្ធអាហារដែលផ្តល់នូវតម្លៃសមរម្យ និងអាហារូបត្ថម្ភដល់គ្រួសារទាំងអស់»។

អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក ជា សំណាង យល់ថា ការសិក្សាស្រាវជ្រាវពីបញ្ហាកុមារស្គមស្គាំងនេះ ពិតជាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជា ហើយបញ្ហានេះ ត្រូវតែលុបបំបាត់ឱ្យបាន ដើម្បីការពារកុំឱ្យកុមារវិវត្តន៍ទៅរកស្ថានភាពក្រេសក្រិន ទទួលរងហានិភ័យធ្ងន់ធ្ងរដល់ការអភិវឌ្ឍសរីរាង្គ សុខភាព ខួរក្បាល ការរៀនសូត្រ និងផលិតភាពការងារ ។ល។

លោក មានប្រសាសន៍ថា៖ «ការពង្រឹង និងពង្រីកសេវាស្រាវជ្រាវរកកុមារដែលមានបញ្ហាស្គមស្គាំងទាន់ពេលវេលា ការការពារ និងព្យាបាលទាន់ពេល គឺពិតជាយន្តការមួយដ៏មានប្រសិទ្ធភាពជួយលុបបំបាត់បញ្ហាកុមារស្គមស្គាំង»។

បើតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ចាប់ពីឆ្នាំ២០០០មក អត្រាប្រេវ៉ាឡង់កុមារស្គមស្គាំងមាន ១៧% ឆ្នាំ២០០០, ៨% ឆ្នាំ២០០៥, ១១% ឆ្នាំ២០១០, ១០% ឆ្នាំ២០១៤, និង១០% ឆ្នាំ២០២១-២០២២។ ផ្អែកតាមតួលេខនេះ អត្រាប្រេវ៉ាឡង់កុមារស្គមស្គាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១-២០២២ គឺមិនមានថយចុះទេ គឺនៅទ្រឹង ១០%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម