Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោស្នើកូរ៉េជួយកៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាសម្រាប់នាំចេញ

បានផុស

នៅ

ដោយខេត្តឃ្យុងសាងប៊ុកដូមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អភិបាលខេត្តរបស់កូរ៉េខាងត្បូងមួយនេះ ជួយកៀរគរវិនិយោគគិនកូរ៉េមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារកូរ៉េ និងទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើទៅកាន់លោក លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម តាមរយៈការកៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈកម្ពុជាមានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។​​

បន្ថែមពីការស្នើលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរទៅលោកអភិបាលខេត្តឃ្យុងសាងប៊ុកដូ ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនកូរ៉េ ដើម្បីជំរុញកំណើនទេសចរកូរ៉េបានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ការស្នើសុំរបស់សម្ដេចតេជោខាងលើ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចទទួលជួបជាមួយលោក លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោកអភិបាលខេត្ត បានជម្រាបសម្តេចតេជោ ថា ខេត្តឃ្យុងសាងប៊ុកដូ ជាខេត្តដែលធំជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េ និងមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវប្បធម៌។

លោកភិបាលខេត្ត លើកឡើងថា កន្លងមក ខេត្តឃ្យុងសាងប៊ុកដូ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យព្យាបាលប្រជាជនកម្ពុជា ចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១១ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអនុវត្តនៅក្នុងប្រទេសកម្ពុជានូវកម្មវិធីចលនាភូមិថ្មី ដែលជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតី Park Chung Hee។ បើតាមលោកអភិបាលរូបនេះ ខេត្តឃ្យុងសាងប៊ុកដូ ក៏ទើបតែចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តកំពង់ធំ ហើយក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាព លោកបានបញ្ជាក់ថា ខេត្តឃ្យុងសាងប៊ុកដូត្រៀមលក្ខណៈរួចរាល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តការជាមួយកម្ពុជា ទាំងលើវិស័យឧស្សាហកម្ម កសិកម្ម វេជ្ជសាស្រ្ត វប្បធម៌ និងទេសចរណ៍។

លោក លី ឈូលវ៉ូ អភិបាលខេត្តឃ្យុងសាងប៊ុកដូ បានបង្ហាញក្ដីជឿជាក់នៅចំពោះមុខសម្ដេចតេជោ ថា ការបន្តបើកសាកលវិទ្យាល័យដើម្បីបង្រៀនពីចលនាភូមិថ្មី និងឧស្សាហកម្មកែច្នៃនៅប្រទេសកម្ពុជា ដោយកិច្ចសហប្រតិបត្តិការជាមួយខេត្តឃ្យុងសាងប៊ុកដូ នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាដូចគ្នាទៅនឹងកូរ៉េផងដែរ។

អភិបាលខេត្តរបស់កូរ៉េរូបនេះ ក៏យល់ស្របតាមការលើកឡើងរបស់សម្ដេចតេជោ ជុំវិញការជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀងរវាងប្រទេសទាំងពីរ ខណៈកូរ៉េមានការអភិវឌ្ឍខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ប៉ុន្តែកូរ៉េនៅតែមានកង្វល់ចំពោះបញ្ហាអសន្តិសុខស្បៀង ដែលត្រូវគិតគូរជំរុញផលិតភាពកសិកម្ម និងការកែច្នៃ។ ក្នុងន័យនេះលោក ថា យល់ឃើញថា ប្រសិនបើកូរ៉េ និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀង គឺជាកត្តាល្អប្រសើរ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ដោយឡែក លើទំនាក់ទំនងវិស័យទេសចរណ៍ លោកអភិបាល បានសន្យាថា នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ដោយសារកូរ៉េ និងកម្ពុជា មានសក្តានុពលផ្នែកវប្បធម៌ និងបេតិកភណ្ឌពិភពលោកដូចគ្នា តាមរយៈការភ្ជាប់ជើងហោះហើរមកកាន់តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដែលនឹងជួយបង្កើនចំនួនទេសចរអន្តរជាតិបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម