ព័ត៌មានជាតិ
ឆមាសទី ១ ឆ្នាំ ២០២៤ ចិនបង្ហូរទុនវិនិយោគជាង ១ ៣០០ លានដុល្លារនៅកម្ពុជា
វិនិយោគិនចិននៅតែឈានមុខគេ សម្រាប់វិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ វិនិយោគិនចិនបានចាក់ទុនវិនិយោគប្រមាណ ១ ៣៨៩ លានដុល្លារអាម៉េរិក ស្មើនឹង ៤២,៦៤% នៃទំហំវិនិយោគសរុបនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/415525106_386110463931488_5130728425635046735_n-1024x682.jpg)
អ្នកសេដ្ឋកិច្ចមើលឃើញថា ខណៈដែលទំនាក់ទំនងកម្ពុជាចិនត្រូវបានពង្រីកកាន់តែប្រសើរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ការវិនិយោគិនពីប្រទេសចិននៅតែដើរតួនាទីសំខាន់មិនអាចខ្វះបាន ដើម្បីធានាបានភាពរីកចម្រើន និងភាពធន់សេដ្ឋកិច្ចកម្ពុជា។
ទោះបីកម្ពុជាបើកចំហជើងមេឃ សម្រាប់ទទួលការវិនិយោគពីប្រទេសផ្សេងទៀត ប៉ុន្តែវិនិយោគិនចិននៅតែហក់ឈរលំដាប់លើគេ។ នេះបើតាមការកត់សម្គាល់របស់លោក ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានបើកចំហជើងមេឃ មានន័យថាបើកទ្វារទទួលវិនិយោគគ្រប់ប្រទេស ប៉ុន្តែវិនិយោគចិននៅតែដើរតួនាទីមិនអាចខ្វះបាន ដែលបានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
អ្នកសេដ្ឋកិច្ចរូបនេះថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចបដិសេធបានទេ ប្រទេសកម្ពុជាកំពុងមានតម្រូវការអ្នកវិនិយោគពីគ្រប់ប្រទេសមិនថាពីប្រទេសចិន និងប្រទេសផ្សេងទៀត។ ប៉ុន្តែជាក់ស្តែងវិនិយោគិនចិននៅតែឈរលំដាប់ទី ១ ក្នុងការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា»។
លោកបានលើកករណីខេត្តព្រះសីហនុ នៅពេលដែលវិនិយោគិនចិនចាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់រហូតដល់មានប្រតិកម្មពីពលរដ្ឋមួយចំនួន ប៉ុន្តែនៅពេលវិនិយោគិនចិនដកខ្លួនចេញក៏ជួបវិបត្តិ។
«ដូចដឹងស្រាប់ហើយ នៅពេលវិនិយោគិនចិនដកចេញពីប្រទេសកម្ពុជា ការវិនិយោគពីប្រទេសដទៃហាក់មិនសូវមាន។ ករណីដូចខេត្តព្រះសីហនុជាឧទាហរណ៍ស្រាប់»។ លោក ហុង វណ្ណៈ បញ្ជាក់បន្ថែម។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/258445683_124788706629026_2425875451336356560_n-1024x681.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/249054968_120387553735808_4078272162428462783_n-1024x775.jpg)
លោកក៏មើលឃើញក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ចិន បានមើលឃើញសក្តានុពុលនិងបង្កើនទុនកាន់តែធំលើគម្រោងវិនិយោគផ្សេងៗដូចជា ក្រុមហ៊ុនសៃលុនដែលវិនិយោគរាប់រយលានដុល្លារលើរោងចក្រផលិតសម្បកកង់រថយន្ត រួមទាំងក្រុមហ៊ុនឧស្សាហកម្ម និងកសិកម្មផ្សេងទៀត ដែលបង្កើតការងារនិងចំណូលជាតិ។
យ៉ាងណាមិញ លោក ហុង វណ្ណៈ ទទួលស្គាល់ថា ការវិនិយោគរបស់ប្រទេសចិនមួយចំនួន អាចបង្កផលប៉ះពាល់ដល់សហគមន៍និងសណ្ដាប់ធ្នាប់សង្គមជាដើម តែអាស្រ័យលើអាជ្ញាធរនិងសមត្ថភាពពាក់ព័ន្ធត្រូវគ្រប់គ្រងយ៉ាងដូចម្ដេច ដើម្បីធានាបានទាំងប្រភពចំណូលពីអ្នកវិនិយោគ និងសុខសុវត្ថិភាពដល់ពលរដ្ឋ។
លោកលើកឡើងថា «កាលបើកឲ្យការវិនិយោគដោយខ្វះការគ្រប់គ្រង អាចនាំបាតុភាពអវិជ្ជមានបង្កផលប៉ះពាល់ដល់សង្គម និងនាំឲ្យវិនិយោគិនដទៃទៀតខ្លាចរអាមិនហ៊ានមកវិនិយោគនៅប្រទេសយើង»។
ដើម្បីជំរុញទាក់ទាញអ្នកវិនិយោគមិនថាតែពីប្រទេសចិន និងពីប្រទេសដទៃទៀត លោក ហុង វណ្ណៈ ក៏ជំរុញឲ្យរដ្ឋាភិបាលត្រូវសម្រួលនីតិវិធីក្នុងការទាក់ទាញអ្នកវិនិយោគ ដោយកាត់បន្ថយរនាំងឧបសគ្គដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់វិនិយោគិន។
ឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជានិងចិនបានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំរីកចម្រើនថែមទៀត”។
កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការប្រទេសទាំងពីរបានបើកកិច្ចប្រជុំលើកទី ៧ ដើម្បីពិនិត្យវឌ្ឍនភាពការងារលើវិស័យអាទិភាពមួយចំនួន ដើម្បីពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពនិងស្តង់ដារខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/258567080_124787923295771_4687912168301889604_n.jpg)
ថ្លែងនៅក្នុងពិធីសម្ពោធផ្លាកឈ្មោះមហាវិថី «ស៊ី ជីនពីង» កាលពីថ្ងៃ ១៩ ខែកក្កដា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានឲ្យដឹងថា ចិនឈរជាប្រទេសលំដាប់ទី ១ ដែលបានកំពុងផ្តល់ឥណទានសម្បទាន និងជំនួយសរុបជាង ៣ ពាន់លានដុល្លារអាម៉េរិកនៅក្នុងក្របខណ្ឌនៃការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ក្នុងនោះប្រទេសចិនបានជួយស្ថាបនាផ្លូវសរុបជិត ៤ ពាន់គីឡូម៉ែត្រ ថែមទាំងគម្រោងស្ពានធំៗចំនួន ១៦ កន្លែង សរុបជាង ១៤ ពាន់ម៉ែត្រ។
គម្រោងធំៗដែលកើតចេញពីការវិនិយោគពីប្រទេសចិនមានដូចជា៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលកំពុងដំណើរការសាងសង់៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ