Connect with us

ព័ត៌មានជាតិ

១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់

បានផុស

នៅ

រយៈពេល១០ឆ្នាំចុងក្រោយរាប់ពីខែកក្កដា ឆ្នាំ២០១៤ មកដល់ខែកក្កដា ឆ្នាំ២០២៤ នេះ កងទ័ពអាកាសកម្ពុជា បានជួបឧបទ្ទវហេតុធ្លាក់ចំនួន២លើក បណ្ដាលឱ្យយោធាចំនួន៧រូបបាត់បង់ជីវិត និងម្នាក់រងរបួស។

លើកទី១ គឺនៅវេលាម៉ោង ៩៖ ៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ គឺមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធា បានកើតឡើង។ កាលណោះអំឡុងពេលហ្វឹកហ្វឺនឱ្យអាកាសយានិក ឧទ្ធម្ភាគចក្រយោធាម៉ាក Z9 បានធ្លាក់ចូលទៅក្នុងរណ្ដៅដីមួយកន្លែង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបណ្ដាលឱ្យយោធាជាន់ខ្ពស់៥រូប នៃកងទ័ពអាកាស បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកទី២ គឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រម៉ាក Z9 បានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញខេត្តពោធិ៍សាត់។ តាមផែនការហោះហើរ គឺឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនេះ បានចាកចេញពីទីបញ្ជាការទ័ពអាកាសកម្ពុជា នៅរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖០០នាទី គោលដៅឆ្ពោះទៅតំបន់ថ្មដា និងខេត្តពោធិ៍សាត់ ក្នុងគោលបំណងហ្វឹកហ្វឺនសមត្ថភាពឱ្យអាកាសយានិក ដោយគ្រោងត្រឡប់មកទីបញ្ជាការទ័ពអាកាសវិញនៅវេលាម៉ោង២៖០០រសៀល។

តាមក្រសួងការពារជាតិកម្ពុជា ក្នុងពេលហោះហើរដល់តំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ ដែលនាពេលនោះអាកាសធាតុកំពុងតែអាប់អួរ និងមានភ្លៀងធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនេះក៏បាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាសកម្ពុជា។ បន្ទាប់ពីបាត់ការទាក់ទង ក្រសួងការពារជាតិ បានបញ្ជូនកងកម្លាំងរុករកទៅទីតាំងដែលបាត់ការទាក់ទងជាបន្ទាន់។ ការរុករកធ្វើឡើងទាំងកម្លាំងថ្មើរជើងរុកព្រៃ លើដី និងតាមរយៈដ្រូន និងឧទ្ធម្ភាគចក្ររុករកពីលើអាកាស ក្រោមស្ថានភាពអាកាសធាតុដ៏អាប់អួរ។

ក្រុមកងកម្លាំងរុករកចម្រុះ បានប្រឹងរុករកយ៉ាងសស្រាក់សស្រាំ ក្រោមការចូលរួមពីសំណាក់ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា, នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់, លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។

ចំណាយរយៈពេល១៧ថ្ងៃ ក្រោមអាកាសធាតុត្រជាក់ ភ្លៀង ចុះអ័ព្វ និងមេឃបើកថ្ងៃ គឺនៅថ្ងៃទី២៩ ខែកក្កដា វេលាម៉ោង១៖៣៤នាទីរសៀល កម្លាំងរុករកពីលើអាកាសតាមឧទ្ធម្ភាគចក្របានរកឃើញទីតាំងដែលឧទ្ធម្ភាគចក្របានធ្លាក់នៅត្រង់ចំណុចភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែភ្លាមៗមិនទាន់ដឹងថាប្រធានក្រុមហោះហើរ និងអាកាសយានិកនៅមានជីវិតឬយ៉ាងណាឡើយ ព្រោះអ្នករុករកពីលើអាកាសមិនអាចចុះទៅទីតាំងផ្ទាល់បាន ពោលគឺបានត្រឹមបន្ទាបឧទ្ធម្ភាគចក្រមើលពីលើប៉ុណ្ណោះ ដោយប្រគល់ភារកិច្ចនេះឱ្យក្រុមថ្មើរជើងដែលស្ថិតនៅចម្ងាយពីទីតាំងធ្លាក់ប្រមាណ១០០០ម៉ែត្រ ជាអ្នកចូលទៅដល់ទីតាំងសិន។

ក្រោយទទួលបានទីតាំងធ្លាក់ហើយ ក្រុមអ្នករុកដែលនៅមិនឆ្ងាយពីទីតាំង បានសម្រុកសំដៅទីតាំងធ្លាក់។ ក្នុងពេលទៅដល់ទីតាំង ជាអកុសល ក្រុមអ្នករុករកបានប្រទះឃើញសាកសព អាកាសយានិក ខេង ឆៃយុទ្ធ ស្លាប់នៅលើកៅអីឧទ្ធម្ភាគចក្រ ដែលធ្លាក់នោះ ក្រោមរូបភាពមានសម្លៀកបំពាក់យោធាគ្របពីលើមុខសាកសព។ ការស្លាប់របស់លោក ខេង ឆៃយុទ្ធ ក្នុងសភាពបែបនេះ ក្រុមអ្នករុករកបានសន្និដ្ឋានថា ប្រធានក្រុមហោះហើរ គឺលោក ស៊ុន ផ្លា អ្នករស់រានមានជីវិតបន្ទាប់ឧទ្ធម្ភាគចក្រធ្លាក់ជាអ្នកយកសម្លៀកបំពាក់ទៅគ្របលើសាកសពលោក ខេង ឆៃយុទ្ធ ដែលស្លាប់ភ្លាមៗ។

ក្រោយពីរកឃើញសាកសពលោក ខេង ឆៃយុទ្ធ ម្នាក់ហើយ កម្លាំងរុករក បានបន្តស្វែងរក លោក ស៊ុន ផ្លា ម្នាក់ទៀត ក្រោមក្ដីសង្ឃឹមថាលោកនៅមានជីវិត។ ការរុករកបានផ្អាកនៅពេលយប់ចូលមកដល់។ លុះមកដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា កម្លាំងរុករកបន្តសកម្មភាពជាថ្មី។ នៅវេលាម៉ោង១០៖៣០នាទី ក្រុមអ្នករុករក បានប្រទះឃើញសាកសព លោក ស៊ុន ផ្លា ដែលស្ថិតនៅចម្ងាយប្រមាណជា២១០ម៉ែត្រ ពីទីតាំងឧទ្ធម្ភាគចក្រ ដែលបានធ្លាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ថ្ងៃ​ស្អែកនេះ មាន​ចម្ងាយ​ផ្លូវ ៧០០ គីឡូម៉ែត្រ​

សន្តិសុខសង្គម៧ ម៉ោង មុន

ចេញពី​ធ្វើ​ការ​រោងចក្រ​ដើរ​មកដល់​បន្ទប់​ខ្យល់គរ​ដួល​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​រោងចក្រ បូ​វ​ឃើ ខេត្តកណ្តាល ចូលរួម​មូលនិធិ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​ស្រលាញ់​ជាតិ​ពិតប្រាកដ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អូទ្រីស​​បើក​ចំហកន្លែង​សម្រាប់​ការចរចា​សន្តិភាព​រុស្ស៊ី-អ៊ុយក្រែន​​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្លាំង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ចុះបង្ក្រាប​បទល្មើស​នេសាទ ៤​ករណី ក្នុងខេត្តកំពង់ចាម​

Sokha Hotels

ព័ត៌មានពេញនិយម