ព័ត៌មានជាតិ
តើគួរឆ្លើយតបយ៉ាងណាចំពោះទស្សនៈដែលខុស ឬ ផ្ទុយពីចិត្តរបស់យើង?
ជាលក្ខណៈធម្មជាតិ បុគ្គលម្នាក់ៗតែងតែមានភាពខុសគ្នាទាំងរូបរាង មុខមាត់ ទាំងចិត្តគំនិត ចំណង់ចំណូលចិត្ត រសនិយម ទស្សនៈ ទំនោរ ផ្នត់គំនិត និងឧត្តមគតិជាដើម។ ក្រៅពីនេះ ជាលក្ខណៈសង្គម មនុស្សម្នាក់ៗ ឬក្រុមនីមួយៗ ក៏មានភាពខុសគ្នា ឬផ្ទុយគ្នាខាងវប្បធម៌ ជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី សីលធម៌ ទស្សនៈនយោបាយ និងច្បាប់ជាដើម។

ក្នុងក្របខណ្ឌចំណេះដឹង មនុស្សម្នាក់ៗ អាចមានកម្រិតយល់ដឹង ការពិចារណា បទពិសោធ ការពិនិត្យសង្កេត ការសិក្សាស្រាវជ្រាវ ភ័ស្តុតាង និងព័ត៌មានដែលទទួលបានខុសៗគ្នា ហើយការវិភាគ និងការវាយតម្លៃព័ត៌មាន និងការផ្ដល់សក្ខីកម្ម ក៏អាចធ្វើឡើងតាមរបៀបផ្សេងៗគ្នាដែរ។
ផ្អែកលើមូលដ្ឋានទាំងអស់ខាងលើនេះហើយ បានជាយើងសង្កេតឃើញថា មនុស្សម្នាក់ៗ ឬក្រុមនីមួយៗ ដូចជា ជនសាមញ្ញ អ្នកជំនាញ អ្នកនយោបាយ វាគ្មិន អ្នកលេងបណ្ដាញសង្គម ឬគណបក្សនយោបាយនីមួយៗជាដើម បានបញ្ចេញគំនិត ទស្សនៈ ឬយោបល់របស់ខ្លួនខុសៗគ្នា ហើយពេលខ្លះមានទាំងផ្ទុយគ្នាទៀតផងស្ដីអំពីហេតុការណ៍ ព្រឹត្តិការណ៍ សកម្មភាពសង្គម នយោបាយ សេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ជាដើម។
ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងអារិយធម៌ ប្រជាពលរដ្ឋទាំងអស់នៅក្នុងរដ្ឋមួយ ក៏ដូចជា បុគ្គលម្នាក់ៗដែរ ត្រូវតែហ៊ានទទួលយកនូវសច្ចភាពនេះ។ បើមិនដូច្នោះទេ ពួកគេនឹងមានទំនាស់មិនចេះចប់ ហើយជាយថាហេតុ នឹងនាំឱ្យមានការបែកបាក់ជាតិគ្មានទីបញ្ចប់។
ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ ហាក់ដូចជាកំពុងមានការផ្ទុះឡើងនូវសង្គ្រាមពាក្យសម្ដី គំនិត និងទស្សនៈ រវាងអ្នកនយោបាយដែលមាននិន្នការខុសគ្នា ឬ ផ្ទុយគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ និងរវាងវាគ្មិន (បញ្ញវន្ត) និងប្រជាជនដែលជាអ្នកលេងបណ្ដាញសង្គម។ តាមរយៈពាក្យសម្ដីឆ្លើយឆ្លងគ្នាដោយតានតឹង និងគ្រោតគ្រាតក្នុងបណ្ដាញសង្គម ហើយថែមទាំងមានការជេរប្រទេច ការប្រើពាក្យអសុរោះ និងការប្រៀបប្រដូចវាគ្មិនមួយចំនួនទៅនឹងសត្វឆ្កែជាដើម បានបង្ហាញឱ្យឃើញថា ប្រជាជនខ្មែរមួយចំនួនតូចមិនសូវយល់ច្បាស់អំពីតថភាពបរានុម័តិភាព និងសច្ចភាពនៃធម្មជាតិរបស់មនុស្សជាតិនិងសង្គមឡើយ។

លើសពីនេះទៀត វាក៏បានបង្ហាញដែរថា ប្រជាជជនខ្មែរដែលជាអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច បានធ្លាក់ចុះនូវការយល់ដឹង និងការប្រតិបត្តិសីលធម៌គួរឱ្យព្រួយបារម្ភ។ មនុស្សមួយចំនួនក្នុងចំណោមអ្នកប្រើពាក្យជេរប្រទេច ឬពាក្យអសុរោះនោះ ក៏មានមនុស្សដែលគេស្គាល់ច្រើននៅក្នុងសង្គម ឬអ្នកនយោបាយល្បីឈ្មោះដែរ។
ជាការណ៍ពិត ដូចបានលើកឡើងខាងលើរួចហើយ មនុស្សម្នាក់ៗមិនដូចគ្នាទេ ហើយបើយើងភ្ជាប់ទៅនឹងផលប្រយោជន៍ និងជំហរនយោបាយទៀតសោត ច្បាស់ណាស់ថា ពិតជាមានភាពខុសគ្នា ឬផ្ទុយគ្នាដោយចៀសមិនរួចឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការតស៊ូមតិ ឬការបង្ហាញជំហរខុសគ្នាឬផ្ទុយគ្នា គួរតែធ្វើដោយថ្លៃថ្នូរ ដោយប្រើវោហាសាស្ត្រ ឬទឡ្ហីករណ៍សមហេតុផល និងគ្មានវិរុទ្ធនិទស្សន៍ ឬពាក្យអសុរោះ។ ជាក់ស្ដែង នៅអារ្យប្រទេស ដូចជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អាល្លឺម៉ង់ ជាដើម បេក្ខជនប្រធានាធិបតី ឬ បេក្ខជនតំណាងរាស្ត្រ ក៏មានការប្រកួតប្រជែងគ្នាដើម្បីដណ្ដើមសំឡេងគាំទ្រក្នុងការឃោសនាបោះឆ្នោត ឬមានការថ្លែងសារនយោបាយឆ្លើយឆ្លងគ្នាដែរ ប៉ុន្តែ ពួកគេប្រើត្រឹមគំនិតទស្សនវិជ្ជា ទស្សនវិស័យ ទឡ្ហីករណ៍ និងគោលនយោបាយថ្មីៗរបស់ខ្លួន ធ្វើជាឧបករណ៍ ជាមធ្យោបាយសម្រាប់តតាំងគ្នាប៉ុណ្ណោះ ពួកគេមិនមែនប្រើពាក្យជេរប្រទេសគ្នាទេ។ អ្នកលេងបណ្ដាញសង្គមមួយចំនួនក្នុងប្រទេសកម្ពុជាដែលកំពុងដើរផ្លូវខុសគួរតែដកស្រង់យកមេរៀនពីអារ្យប្រទេសទាំងនេះ។

មានការលើកឡើងមួយចំនួនថា ការរិះគន់ ឬការបញ្ចេញប្រតិកម្មដោយកំហឹង ព្រមទាំងបានប្រើពាក្យអសុរោះ និងជេរប្រទេចផងនោះ អាចបណ្ដាលមកពីសីលធម៌សង្គមធ្លាក់ចុះ ការបំពេញការងាររបស់អាជ្ញាធរមួយចំនួនខ្វះតម្លាភាព ពុករលួយ និងមិនបានប្រព្រឹត្តទៅត្រឹមត្រូវតាមគោលការណ៍ច្បាប់ ដែលនាំឱ្យកម្រិតនៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញារកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យព្រួយបារម្ភជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នករិះគន់គួរតែប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចភាព និងបរានុម័តិភាព ព្រមទាំងផ្អែកលើអង្គហេតុ សីលធម៌ ក្របខណ្ឌគំនិត គោលការណ៍ត្រឹមត្រូវ និងច្បាប់ណាមួយជាក់លាក់ ទើបប្រពៃ។ បើមិនដូច្នោះទេ ការរិះគន់នោះ មិនបានជួយស្ថាបនាសង្គមឬកែសង្គមឡើយ ផ្ទុយទៅវិញ វាអាចធ្វើសង្គមកាន់តែច្របូកច្របល់ ប្រេះស្រាំ និងបែកបាក់សាមគ្គីមិនខាន។
ដូចគ្នាដែរ វាគ្មិន អ្នកនយោបាយ និងអាជ្ញាធរ ត្រូវតែគិតថា ខ្លួនគួរនិយាយអំពីអ្វី និយាយបែបណា កម្រិតណា ជាមួយអ្នកណា និងផ្អែកលើមូលដ្ឋានត្រឹមត្រូវ ដើម្បីឱ្យអ្នកអាន អ្នកស្ដាប់ អ្នកទស្សនា ឬប្រជាជនទូទៅភាគច្រើន អាចទទួលយកបាន ដោយចៀសវាងឱ្យបាននូវខ្លឹមសារចាក់ដោយ គំនិតរើសអើង ការមើលងាយ ការធ្វើទូទៅនីយកម្ម និងវិរុទ្ធនិទស្សន៍ បើទោះបីជាការថ្លែងនោះក្នុងបំណងចង់អប់រំ កែលម្អ ដាស់តឿន ឬផ្ដល់មេរៀនដល់យុវជន ក្រុមជនងាយរងគ្រោះ ឬសង្គមទាំងមូលក៏ដោយ។

ជារួម ទាំងវាគ្មិន អ្នកនយោបាយ និងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមសុទ្ធតែអាចបាត់បង់តម្លៃដូចគ្នា ប្រសិនបើភាគីណាមួយប្រើពាក្យអសុរោះ ជេរប្រទេច លើកឡើងនូវគំនិតមិនសមហេតុផល ការវាយតម្លៃដោយគ្មានភស្តុតាងគ្រប់គ្រាន់និងរឹងមាំ ការនិយាយបែបរើសអើង ការធ្វើទូទៅនីយកម្មប្រញាប់ប្រញាល់ និងការលើកឡើងនូវទឡ្ហីករណ៍ដែលមានវិរុទ្ធនិទស្សន៍នៅក្នុងសំណេរ ឬបទអត្ថាធិប្បាយរបស់ខ្លួន។ ហេតុនេះ សូមភាគីពាក់ព័ន្ធទាំងអស់ងាកមកពិចារណាឡើងវិញតាមការផ្ដល់យោបល់ខាងលើមុននឹងបន្តបញ្ចេញយោបល់នៅក្នុងសំណេរ ឬបទអត្ថាធិប្បាយរបស់ខ្លួន ដើម្បីអាចរក្សាតម្លៃរបស់ខ្លួនផង និងអាចរួមចំណែកធ្វើឱ្យសង្គមទទួលបាននូវសន្តិភាព សន្តិសុខ សេចក្ដីថ្លៃថ្នូរ របៀបរៀបរយ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាយូរអង្វែង៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការសង្គម

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច