ព័ត៌មានជាតិ
ក្រសួងអប់រំ ពិភាក្សាជាមួយប្រតិភូ UN ពីការសហការរៀបចំ កិច្ចប្រជុំកំពូលយុវជនថ្នាក់ជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ អង្គការសហប្រជាជាតិ (UN) ដឹកនាំដោយ លោក Joe Scheuer, United Nations Resident Coordinator ក្នុងគោលបំណង ពិភាក្សាអំពីការសហការរៀបចំ កិច្ចប្រជុំកំពូលយុវជនថ្នាក់ជាតិ (National Youth Summit) ដើម្បីប្រមូលធាតុចូលត្រៀមសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន Summit of the Future នៅទីក្រុងញូវយ៉ក នាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាមួយគ្នានេះ ជំនួបពិភាក្សា ក៏ដើម្បីពិនិត្យពិភាក្សាលើសំណើក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការបន្តជួយគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំ ក៏ដូចជាការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិដែលបានធ្វើឡើងក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមខែមិថុនាកន្លងទៅនេះ។

លោក Joe Scheuer បានរំលឹកឡើងវិញពីលទ្ធផល នៃជំនួបរវាង UN និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្មីៗនេះ ដែលបានទទួលស្គាល់នូវសមិទ្ធផលជាច្រើនដែលសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការរវាង UN និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយផ្ដោតលើអាទិភាពចំនួន២ គឺ ១. ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ និង ២. ការពន្លឿនការកែលម្អជំនាញ និងលទ្ធភាពការងារសម្រាប់យុវជនក្រោយបញ្ចប់ការសិក្សា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ និងសម្រេចបាននូវវឌ្ឍនភាពប្រកបដោយនិរន្តរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ដោយឡែក ឆ្លើយតបទៅនឹងការត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន Summit of the Future បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមការងារ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងប្រមូលធាតុចូលជាច្រើនយ៉ាងសកម្ម តាមរយៈការរៀបចំសិក្ខាសាលាពិគ្រោះយោបល់របស់យុវជន កិច្ចប្រជុំស្តីពី ការតម្រង់ទិស និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលយុវជនថ្នាក់ជាតិ (National Youth Summit-Summit of the Future Cambodia) ដើម្បីផ្តល់ជាវេទិកា និងឱកាសសម្រាប់យុវជនពីគ្រប់មជ្ឈដ្ឋាន អាចចូលរួមក្នុងការពិនិត្យ និងផ្តល់យោបល់លើឯកសារសំខាន់ៗចំនួន ២ គឺ៖ ១. Pact for the Future & ២. Declaration on Future Generation ក្នុងក្របខណ្ឌកម្ពុជា ហើយឈានទៅអនុម័តលើធាតុចូលសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសម្រាប់អនាគត (Summit of the Future) នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ឈរលើមូលដ្ឋានភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបានលើកឡើងអំពីវឌ្ឍនភាព នៃគម្រោងកំណែទម្រង់គ្រូបង្រៀន និងការកែលម្អគោលនយោបាយគ្រូបង្រៀន ដោយគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងបានរៀបចំប្រព័ន្ធរួចរាល់ហើយ នៅឡើយការពង្រឹងបន្ថែមលើការវិភាគគោលនយោបាយ (Policy Analysis) ដើម្បីបន្តកែលម្អប្រព័ន្ធនេះឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលកំណត់យកកំណែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាព។

គួរបញ្ជាក់ថា ជំនួបនេះ ប្រព្រឹត្តទៅនៅ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសំណាក់ លោក Will Parks តំណាង UNICEF នៅកម្ពុជា និង លោក Sardar Umar Alam តំណាង UNESCO នៅកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ