ព័ត៌មានជាតិ
សម្ដេចធិបតីធានា កិច្ចសហប្រតិបត្តិការ CLV នឹងមិនឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធានាអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV នឹងមិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិកម្ពុជាឡើយ។ ការធានានេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអភិវឌ្ឍតំបន់ត្រីកោណ CLV ៣ ប្រទេស រវាង កម្ពុជា ឡាវ និងវៀតណាម គឺការលើកកំណើនសេដ្ឋកិច្ចនៅតំបន់ខេត្តព្រំដែនពិតប្រាកដ ដោយក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីសុំធានាជូនប្រជាពលរដ្ឋថា កម្មវិធី ឬកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ នឹងមិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិរបស់យើងទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ “នេះជាការធានា ថា បានអីមកធានា? គឺអនាគតរបស់ខ្ញុំ របស់កូនចៅ ចៅទួត ចៅលួតរបស់ខ្ញុំ។ ខ្ញុំទៅរៀនក្រៅប្រទេសរាប់ឆ្នាំ ម្ដាយឪពុកខ្ញុំហាមដាច់ខាត មិនឱ្យយកសញ្ជាតិបរទេស គឺត្រូវតែមកស្រុកខ្មែរវិញ គឺគ្មានផែនការវេចបង្វេចនាំកូនចៅទៅរស់នៅក្រៅប្រទេសទេ អ៊ីចឹងកូនចៅ ចៅទួតខ្ញុំនឹងបន្តរស់នៅក្នុងទឹកដីកម្ពុជាដែលកាន់តែសម្បូរសប្បាយបន្តទៀត… ខ្ញុំមិនទុកកេរ្តិ៍ឈ្មោះថា បានធ្វើឱ្យបាត់បង់ទឹកដីខេត្ត៤ ទៅឱ្យប្រទេសណាទេ សម្ដេចតេជោ ក៏ដូចគ្នា ហើយមន្ត្រីរបស់យើងដែលចូលចរចាខ្លឹមសារនៃកិច្ចព្រមព្រាង ក៏មិនអនុញ្ញាតឱ្យបាត់បង់ផលប្រយោជន៍ជាតិដែរ។ នេះជាការធានារបស់ខ្ញុំ”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបន្តថា ប្រធានបទ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាមន្ត្រីនានាធ្លាប់បកស្រាយរួចហើយ ដោយសម្ដេចធិបតីសុំមិនបកស្រាយបន្តទៀត។ ជាមួយគ្នានេះ សម្ដេចសង្កេតឃើញថា អ្នកប្រឆាំង គម្រោងអភិវឌ្ឍតំបន់ត្រីកោណ មាន ៣ ក្រុម គឺក្រុមដឹងគ្រប់រឿងដែលផ្សាយព័ត៌មានមិនពិត ក្រុមបំផុសឱ្យចលាចលយកចំណេញផ្នែកនយោបាយ ដែលក្រុមទាំងពីរនេះមានប្រហែល ០,២% នៃក្រុមប្រឆាំង និង ៩៩,៨% ទៀត ជាអ្នកព្រួយបារម្ភពិតប្រាកដ។ សម្ដេចធិបតីបញ្ជាក់ថា សម្ដេចគាំទ្រ ការបញ្ចេញមតិ ស្មារតីស្នេហា គិតគូរខ្វល់ខ្វាយរឿងជាតិ ប៉ុន្តែសូមឈ្វេងយល់ឱ្យគ្រប់ជ្រុងជ្រោយ និងកុំបង្កឱ្យមានភាពចលាចល បាត់ស្ថេរភាពក្នុងប្រទេស។
គួរបញ្ជាក់ឱ្យដឹងថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។ តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន ១៣ ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ ខេត្ត ប្រទេសឡាវ មានចំនួន ៤ ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ ខេត្ត ដូចជា៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ