ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំឱ្យកម្លាំងកងទ័ពត្រៀមអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់
អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានណែនាំដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងរដូវវស្សានេះឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការណែនាំរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់អំពីតួនាទី និងភារកិច្ចចម្បងរបស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ការចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងសហការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះលោកមេបញ្ជាការ រួមជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាមគ្គី ឯកភាពគ្នាល្អ ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលបានជោគជ័យ ពិសេសការចូលរួមសហការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះទទួលបានលទ្ឋផលល្អប្រសើរ គួរជាទីមោទនៈ ។

លោក នួន ផារ័ត្ន បានណែនាំ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួនដល់កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺបន្តសកម្មភាពសហការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងរដូវវស្សានេះឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
គួរជម្រាបថា ស្ថានភាពទឹកជំនន់ស្ទឹងសែនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅតែកើនឡើងជាបន្តបន្ទាប់ ខណៈអាជ្ញាធរក៏បានខិតខំរកដំណោះស្រាយបង្វែរមុខទឹកជៀសវាងកុំឱ្យជន់លិចស្រូវ និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ