ព័ត៌មានជាតិ
ក្រសួងការងារ ពិនិត្យឃើញថា រោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ អនុវត្តច្បាប់ការងារបានត្រឹមត្រូវ និងមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយកម្មករ-និយោជិត
នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៤ នេះ ថ្នាក់ដឹកនាំចំនួន ៣ រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល ពិនិត្យមើលការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ-និយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន ៣ ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រទាំង ៣ ទីតាំង ដែលថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យមើលស្ថានភាពការងារ និងសំណេះសំណាលជាមួយកម្មករ-និយោជិតនេះ មានរោងចក្រ QUANTUM CLOTHING (CAMBODIA) LIMITED ដឹកនាំដោយ លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, រោងចក្រ JOINT FORCE SPORTING GOODS ( CAMBODIA ) CO., LTD. ដឹកនាំដោយ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ, រោងចក្រ SHANGHAI CH GARMENT (CAMBODIA) CO., LTD. ដឹកនាំដោយ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ។
នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយតំណាងនិយោជក និងសាកសួរផ្ទាល់ជាមួយកម្មករ-និយោជិត ប្រមាណ ៥០០ នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ QUANTUM CLOTHING (CAMBODIA) LIMITED ស្ថិតក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ លោក ប្រាក់ ចាន់ធឿន បានកោតសរសើរដល់ភាគីនិយោជក និងកម្មករ-និយោជិត ដែលមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយគ្នានៅកន្លែងធ្វើការងារ។ ជាពិសេស និយោជកក៏បានអនុវត្តតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងថែមទាំងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនជូនកម្មករ-និយោជិត ក្នុងនោះរោងចក្រក៏មានអាហារដ្ឋាន និងផ្តល់អាហារថ្ងៃត្រង់ជូនកម្មករ-និយោជិត ទៀតផង។

ដោយឡែក នៅក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបជាមួយកម្មករ-និយោជិត ជាង ១ ០០០ នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ JOINT FORCE SPORTING GOODS ( CAMBODIA ) CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ លោក ងុយ រិទ្ធ បានពិនិត្យឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារ រួមនឹងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-និយោជិត បានត្រឹមត្រូវ និងមានចំណុចមួយចំនួនលើសពីច្បាប់ការងារបានកំណត់ទៀតផង។ ក្នុងនោះ រោងចក្រមានទាំងកន្លែងហូបបាយ, គិលានដ្ឋាន, បន្ទប់បំបៅកូន, ការផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១២ ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរ ៨ ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារ រួមនឹងអត្ថប្រយោជន៍ផ្សេងៗ ទៀត។
ចំណែកការចុះពិនិត្យមើលស្ថានភាពការងារ និងជួបជាមួយកម្មករ-និយោជិត ជាង ៥០០ នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ SHANGHAI CH GARMENT (CAMBODIA) CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ លោក ប៉ុក ប៉ាន់ បានវាយតម្លៃថា បរិយាកាស និងលក្ខខណ្ឌការងារនៅក្នុងរោងចក្រនេះមានភាពល្អប្រសើរ ដោយម្ចាស់រោងចក្របានគោរពតាមច្បាប់ការងារ និងអនុវត្តនូវស្តង់ដារការងារបានយ៉ាងល្អ ថែមទាំងបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់អត្ថប្រយោជន៍ជូនកម្មករ-និយោជិត បានយ៉ាងពេញលេញផងដែរ។ ក្នុងនោះ ក្រៅពីការផ្តល់ប្រាក់ឈ្នួលអប្បបរមា ២០៤ ដុល្លារ រោងចក្រក៏ផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់រង្វាន់អតីតភាពការងារ ប្រាក់ថែមម៉ោង និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ១៨ ថ្ងៃ សម្រាប់កម្មករ-និយោជិត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលការណ៍ផ្តល់អត្ថប្រយោជន៍ជាច្រើនជូនកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសទាំងអស់ នៅទូទាំងប្រទេស និងធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្ដាម្ចាស់រោងចក្រ សហគ្រាស និងកម្មករ-និយោជិត ក្នុងគោលបំណងចម្បង គឺប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕






-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?