ព័ត៌មានជាតិ
ព្រែកជីកជាប្រវត្តិសាស្ត្រហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងទិដ្ឋភាពដ៏អស្ចារ្យ
ដូចការគ្រោងទុក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ព្រែកជីកហ្វូណនតេជោ បានចាប់ផ្តើមបើកការដ្ឋានជាផ្លូវការហើយ ក្រោមការអបអរសារទរនៅទូទាំងប្រទេសពីសំណាក់ប្រជាពលរដ្ឋខ្មែរ ខណៈពិធីបើកការដ្ឋានជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីបើកការដ្ឋាននេះ បានរៀបចំយ៉ាងអធិកអធម អមទៅដោយការប្រគុំតន្ត្រីខ្នាតធំ ការអុជកាំជ្រួច ការទូងស្គរ វាយគង និងការចុចប៊ូតុងចាប់ផ្ដើមបើកការដ្ឋានសាងសង់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។
ស្របពេលដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុចប៊ូតុងបើកដ្ឋានសាងសង់ជាផ្លូវការនេះ នៅតាមក្រសួងស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំគ្រប់កម្រិត វត្តអារាម រោងចក្រ សហគ្រាស និងទីសាធារណៈនៅទូទាំងរាជធានី-ខេត្តទូទាំងប្រទេស ក៏បានរួមគ្នាវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីបង្ហាញពីចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកជាប្រវត្តិសាស្ត្រនេះ។ ក្នុងនោះ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងខេត្តមួយចំនួនទៀត ក៏ត្រៀមរៀបចំការប្រគុំតន្ត្រី និងទស្សនីយភាពដ៏អស្ចារ្យនៅពេលរាត្រីនេះផងដែរ ដើម្បីញ៉ាំងកម្មវិធីឱ្យមានភាពសប្បាយរីករាយ និងកាន់តែមានភាពកុះករ ក្លៀវក្លា និងអធិកអធម។
ពីពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាលំនាំនៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក កាលពី២ពាន់ឆ្នាំមុន ក្នុងសម័យអាណាចក្រភ្នំ ឬអាណាចក្រហ្វូណន។ សម្ដេចធិបតី ថា មិនត្រឹមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននោះទេ តែគម្រោងព្រែកជីកហ្វូណនតេជោ គឺបានឆ្លុះបញ្ចាំងពីមហាសាមគ្គីភាពជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងសម័យកាលទំនើបនេះ។
ក្នុងនាមជាអ្នកដឹកនាំបន្តវេន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាបន្តដើរតាមគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដោយធ្វើគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ សាមគ្គីភាពជាតិ ជាពិសេសការប្ដេជ្ញាចិត្តធ្វើឱ្យបានលេចចេញជារូបរាងនូវព្រែកជីកហ្វូណនតេជោនេះឱ្យសម្រេចបានជោគជ័យ។
បើតាមការគូសបញ្ជាក់ឱ្យដឹងដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រែកជីកហ្វូណនតេជោ គឺជាគម្រោង BOT សាងសង់ដោយក្រុមហ៊ុនឯកជន មិនមែនជាគម្រោងសង់ដោយរាជរដ្ឋាភិបាលឡើយ។ សម្ដេចធិបតី បន្ថែមថា គម្រោងព្រែកជីកនេះ ត្រូវបានវិនិយោគភាគច្រើនដោយក្រុមហ៊ុនខ្មែរ ជាអាទិ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC ដែលជាគម្រោងរបស់ខ្មែរ។
គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលថ្មី គឺមានប្រវែង១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលត្រូវប្រើរយៈពេលសាងសង់ ៤ឆ្នាំ ចាយថវិកាប្រមាណ ១ ៧០០លានដុល្លារ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់