ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនសាងសង់ចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រ ពីបង្គោលព្រំដែន
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផ្លូវក្រវាត់ព្រំដែនដែលកម្ពុជាបានសាងសង់ កន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។
ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែលប្រមុខដឹកនាំកម្ពុជាចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចជិះរថយន្តធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក ដែលកន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រប៉ុណ្ណោះ។
ប្រមុខដឹកនាំកម្ពុជាបានបន្តថា ក្នុងពេលជួបជជែកជាមួយប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកាលពីពេលថ្មីៗនេះ ពលរដ្ឋបានលើកពីការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ដែលពីមុនអត់ទាន់មានផ្លូវ ពលរដ្ឋចង់ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ត្រូវសុំផ្លូវចូលតាមទឹកដីប្រទេសវៀតណាម។ ប៉ុន្តែក្រោយមានផ្លូវក្រវាត់ព្រំដែន ពលរដ្ឋអាចធ្វើដំណើរពីភូមិមួយទៅភូមិមួយដោយមិនបាច់សុំផ្លូវចូលតាមប្រទេសវៀតណាមទៀតទេ។
សម្តេចបន្តថា ពលលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈដែលសម្តេចក៏បានចារឱ្យកងវិស្វកម្មខិតខំពុះពារបន្តស្ថាបនាផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់តំបន់មុំ ៣ កន្ទុយនាគ។
ក្នុងឱកាសនោះដែរ មេដឹកនាំកម្ពុជាក៏បង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ព្រំដែនតាមបណ្តាខេត្តភាគឦសាន ដែលក្នុងនោះខេត្តក្រចេះស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែង ៧៨ គីឡូម៉ែត្រ ដែលបញ្ចប់ទាំងស្រុង។ ខេត្តមណ្ឌលគិរីសាងសង់បានប្រវែង ១៥៥ គីឡូម៉ែត្រលើ ៣១៩ គីឡូម៉ែត្រ និងខេត្តរតនគីរីបានប្រវែង ៨៩ គីឡូម៉ែត្រលើប្រវែង ២២០ គីឡូម៉ែត្រ និងកំពុងបន្តជំរុញសាងសង់ឲ្យដល់តំបន់កន្ទុយនាគ។

ទាក់ទងកិច្ចការពារបូរណភាពទឹកដី សម្តេចធិបតីបានបានគូសបញ្ជាក់ថា ត្រូវតែបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់។
សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «បង្គោលព្រំដែនពីមុនក្នុងខេត្តភាគឦសានមិនមានទេ។ បង្គោលព្រំដែនមានតែពីកំពតទៅកំពង់ចាម ហើយពីកំពង់ចាមទៅកន្ទុយនាគខេត្តរតនគិរីអត់មានទេ មានតែព្រំដែនរដ្ឋបាល។ ប៉ុន្តែយើងបានបោះបង្គោលព្រំដែនពីឆ្នាំ ២០០៧ មក។ ការបោះបង្គោលដើម្បីកំណត់ព្រំប្រទេសនិងប្រទេស»។
នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃការបោះបង្គោលព្រំដែននៅខេត្តភាគឦសានជាប់ជាមួយប្រទេសវៀតណាម ខេត្តក្រចេះពីឆ្នាំ២០០៦ ដល់ ២០១៨ បានបោះបង្គោលមេបានចំនួន ១១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ១៤៤ បង្គោល។
ខេត្តមណ្ឌលគិរី ពីឆ្នាំ ២០០៧ ដល់ ២០១៨ បានបោះបង្គោលមេបានចំនួន ៣៥ បង្គោល និងបង្គោលបំពេញបន្ថែមបានចំនួន ៣៧៥ បង្គោល និងបង្គោលតម្រុយបានចំនួន ១១ បង្គោល និងខេត្តរតនគិរី បានបោះបង្គោលមេបានចំនួន ៤០ បង្គោល បង្គោលបំពេញបន្ថែមបានចំនួន ១៥៣ បង្គោល និងបង្គោលតម្រុយបានចំនួន ៤ បង្គោល។
សម្តេចថា បង្គោលរាប់រយដែលបានបោះមកនេះ ដើម្បីបញ្ជាក់ពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការពារបូរណភាពទឹកដី ដែលដើម្បីអនាគតវែងឆ្ងាយសម្រាប់អ្នកជំនាន់ក្រោយ។
មិនត្រឹមតែបោះបង្គោលព្រំដែននោះទេ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា រាជរដ្ឋាភិបាលក៏មានគោលនយោបាយអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីលើកទឹកចិត្តនិងជំរុញឲ្យពលរដ្ឋឲ្យទៅរស់នៅកាន់តែច្រើន។
ឆ្លើយតបទៅសំនួររបស់កម្ពុជាក្នុងសន្និសីទពីវឌ្ឍនភាព ៥ ឆ្នាំរបស់ក្រសួងការពារជាតិនៅទីស្តីការគណៈរដ្ឋមន្រ្តីកន្លងទៅលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា «ឥលូវនេះយើងអាចធ្វើដំណើរមួយជុំស្រុកខ្មែរបាន។ បើយើងចេញដំណើរពីខេត្តកោះកុង អាចដើរមួយជុំប្រទេសតាមផ្លូវក្រវាត់ព្រំដែន គ្រាន់តែកន្លែងខ្លះផ្លូវរងការខូចខាតដោយអន្លើដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន»។
លោកបន្តថា ក្រៅពីការបំពេញការងារស្នូលលើកិច្ចការពារសន្តិសុខជាតិ កងយុទ្ធពលខេមរភូមិន្ទបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះបានស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាងបានរាប់រយគីឡូម៉ែត្រ។
កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានបញ្ចេញថវិកាជាតិក្នុងការស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តស្ទឹងត្រែងមានប្រវែងសរុប ១.២៨៧ គីឡូម៉ែត្រ ដែលបានដាក់សម្ពោធនៅឆ្នាំ ២០១២។
បើតាមលោក ឈុំ សុជាតិ ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលកងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី និងចូលរួមលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង