ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ភារកិច្ចចម្បងរបស់សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំ ជាអ្នកជួយលើកតម្កើងតម្លៃស្រ្តី និងជាអ្នកជួយដល់ការងារមនុស្សធម៌នៅក្នុងសង្គមកម្ពុជា
នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដោយមានការចូលរូមពីសមាជិក សមាជិកា សិល្បករ សិល្បការិនី ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ជាច្រើនរូប ព្រមទាំងតំណាងសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ។
មានប្រសាសន៍ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ ព្រមទាំងបានជួយដល់សិល្បករ សិល្បការិនី ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ហើយមានផែនការច្បាស់លាស់ក្នុងការជួយពង្រឹងវិស័យសិល្បៈខ្មែរឱ្យមានភាពរីកចម្រើនថែមទៀត ។ លោកជំទាវបណ្ឌិត ក៏បានលើកទ្បើងផងដែរថា ភារកិច្ចចម្បងរបស់សិល្បករ សិល្បការិនី គឺជាអ្នកនាំសារអប់រំ ជាអ្នកជួយលើកតម្កើងតម្លៃស្រ្តី និងជាអ្នកជួយដល់ការងារមនុស្សធម៌នៅក្នុងសង្គមកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។
បន្ទាប់មកលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ រួមទាំងសមិទ្ធផលការងារថ្មីៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ារយៈពេលជាង៣ខែមកនេះ។ ការងារទាំងនោះរួមមានការរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគមជាដើម។ ដោយឡែកចំពោះសកម្មភាពវិញ សមាគមបានរៀបចំ និងចូលរួមរៀបចំព្រឹត្តិការណ៍សង្គមវប្បធម៌ជាច្រើនរួចមកហើយ ហើយថ្មីៗនេះក៏បានដឹកនាំសិល្បករ-សិល្បការិនី ប្រមាណ២០០នាក់ ចូលរួមអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណតេជោ»ផងដែរ រួមទាំងសកម្មភាពសប្បុរសធម៌ជួយសម្រួលដល់ជីវភាពសិល្បករចាស់ជរា និងបាត់បង់សមត្ថភាពក្នុងការសម្តែង ត្រូវបានអនុវត្តជាបន្តបន្ទាប់។
ក្រៅអំពីនេះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏បានជម្រាបជូនពីផែនការសកម្មភាពនានាជាបន្តបន្ទាប់របស់សមាគមក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាបានបង្ហាញឆន្ទៈប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលបច្ចុប្បន្ន។
ក្នុងនោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បានស្នើឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ ជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចការងារ សង្គមរួមគ្នាផងដែរ។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជាបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានក្នុងរយៈពេលកន្លងមកនេះ ដែលបានធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ ក៏ដូចជាកិច្ចការងារចូលរួមចំណែកជួយដល់សង្គមជាតិ។ លោកជំទាវបណ្ឌិតក៏សូមកោតសរសើរនូវការផ្ដួចផ្ដើមបង្កើតសមាគមសិល្បករនេះឡើង នាអាណត្តិជាបន្តបន្ទាប់កន្លងមកផងដែរ ព្រោះការងារបង្កើតសមាគម ឬអង្គការជារឿងងាយស្រួល តែការថែរក្សា និងការគ្រប់គ្រងឱ្យមានសកម្មភាពជារឿងលំបាក។
ទោះបីជាយ៉ាងណា លោកជំទាវបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ណែនាំជាច្រើនដល់ជាអាទិ៍៖
*ទី១៖ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើយ៉ាងណាពង្រីកវិសាលភាពបន្ថែមទៀត តាមរយៈការប្រមូលសិល្បករដែលមិនទាន់បានចុះឈ្មោះជាសមាជិក ឱ្យក្លាយជាសមាជិក ដើម្បីងាយស្រួលបានដឹងពីសុខទុក្ខ និងធ្វើការជាមួយគ្នាបានល្អ ជាពិសេសអាចជួយគ្នាទៅវិញទៅមកបាន។
*ទី២៖ បន្តចូលរួមលើកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសការថែរក្សា និងអភរិក្សចំពោះទម្រង់សិល្បៈវប្បធម៌ ដែលកំពុងមានការប្រឈម តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាពេលកន្លងមក ដោយខិតខំអភិរក្សធនធានទាំងនោះឡើងវិញ។
*ទី៣៖ លោកជំទាវក៏បានស្នើសុំឱ្យសមាគមធ្វើយ៉ាងណា គិតគួរដល់អ្នកជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះថាសិល្បករ-សិល្បការិនី ជំនាន់មុនមានវ័យកាន់តែចាស់ទៅហើយ។ ក្នុងនោះមានទម្រង់សិល្បៈមួយចំនួនកាន់តែខ្សត់អ្នកចង់រៀនសូត្របន្តវេន។ ដូច្នេះអាចគិតគួរធ្វើយ៉ាងណាឱ្យកូនៗរបស់អ្នកសិល្បករ-សិល្បការិនី ដែលចង់បន្តវេនពីឪពុកម្ដាយរបស់ពួកគាត់។
*ទី៤៖ លោកជំទាវបណ្ឌិតបានស្នើដល់សិល្បករ-សិល្បការិនីទាំងអស់ ធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងទេសចរណ៍របស់ជាតិតាមរយៈការស្លៀកពាក់ ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរណ៍ជាដើម។
*ទី៥៖ លោកជំទាវបានស្នើដល់អ្នកសិល្បៈមានការប្រុងប្រយ័ត្ន គួរចៀសវាងការបង្កើតមាតិការណាមិនពិតទៅជារឿងបំពុលសង្គម ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ជាពិសេសរឿងជំនឿសាសនា។ ពោលគឺត្រូវធ្វើជាគំរូសម្រាប់អ្នកគាំទ្រ ក្នុងការផ្សព្វផ្សាយពីសីលធម៌ គុណធម៌ សច្ចធម៌ជាដើម។
*ទី៦៖ លោកជំទាវបណ្ឌិតជំទាវបានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើការផ្សារភ្ជាប់ជាមួយវិស័យឯកជន ជាពិសេសវិស័យសិល្បៈបុរាណ ដែលអាចជួយលើកតម្កើង និងជួយដល់ជីវភាពសិល្បករផងដែរ។
ជាចុងបញ្ចប់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ក៏បានស្វាគមន៍នូវសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា ក៏ដូចជាសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការធ្វើការងារសង្គម សិល្បៈវប្បធម៌ និងការងារមនុស្សធម៌រួមគ្នានៅពេលខាងមុខ៕
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់