ព័ត៌មានជាតិ
ប្រកាសតែងតាំង អភិបាលរងរាជធានីភ្នំពេញ ២ រូប ជាផ្លូវការ
លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ អតីតនាយក និងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ ដើម្បីជំនួសតំណែង អភិបាលរង ២ រូប ដែលតែងតាំងមុខតំណែងថ្មី ជាអភិបាលខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានប្រសាសន៍ថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ រចនាសម្ព័ន្ធអង្គការលេខ នៃសាលារាជធានីភ្នំពេញ គឺមានទីចាត់ការ-អង្គភាព និងថ្នាក់ប្រហាក់ប្រហែលចំនួន ១៣, ការិយាល័យប្រជាពលរដ្ឋចំនួន ១ និងមានការិយាល័យចំណុះចំនួន ២៣ ការិយាល័យ ដែលមានមន្ត្រី-បុគ្គលិកកំពុងបម្រើការងារសរុបចំនួន ១.៣៣១ នាក់ (នារី ៣៥១ នាក់) ក្នុងនោះ មន្ត្រីក្របខ័ណ្ឌ “ក” ចំនួន ១៧៦ នាក់, ក្របខ័ណ្ឌ “ខ” ចំនួន ៥៧ នាក់, ក្របខ័ណ្ឌ “គ” ចំនួន ៤៤ នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១.០៥៤ នាក់។

លោក ឃួង ស្រេង បានបន្តថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើស ព្រហ្មទណ្ឌសរុបបានចំនួន ២៣១ ករណី ស្មើនឹង ៩២,៧៧% នៃចំនួនបទល្មើសរួម ក្នុងនោះ បង្ក្រាបជាក់ស្ដែង ២១២ ករណី ឃាត់ខ្លួន ៣០៣ នាក់ និងបង្ក្រាបដោយស៊ើបអង្កេត ១៩ ករណី ឃាត់ខ្លួន ៤៩ នាក់ ព្រមទាំងបានបង្ក្រាបបទល្មើសល្បែងស៊ីសងចំនួន ៣៣ ករណី ឃាត់ខ្លួន ១៨៨ នាក់ និងបើកប្រតិបត្តិការបង្ក្រាបក្មេងទំនើង-ជនទំនើង ចំនួន ៤១១ ករណី ឃាត់ខ្លួន ៩១៧ នាក់។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំស្ដារ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្ដាញទឹកស្អាត បណ្ដាញអគ្គិសនីសាធារណៈ បណ្ដាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាស ជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងនេះ រាជធានីភ្នំពេញ បាននិងកំពុងប្រែប្រួលមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈវត្តមានរបស់ ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ បានក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក និងជាគោលដៅវិនិយោគដ៏គាប់ប្រសើរបំផុត។

លោកបន្តទៀតថា ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនេះ គឺជាដំណើរការជាធម្មតា នៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួល ភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។ ជាក់ស្ដែង ម្សិលមិញនេះ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោក សេង វណ្ណៈ នាយករដ្ឋបាល និងលោក ឆាយ វីរៈ នាយករងរដ្ឋបាល ឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួស លោក មាន ចាន់យ៉ាដា និងលោក នួន ផារ័ត្ន ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ជាអភិបាល ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានផ្ដាំផ្ញើឱ្យ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលនឹងត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសត្រូវចូលរួមសហការអនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង គណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងឱកាសនោះ ក៏បានធ្វើការផ្ដាំផ្ញើឱ្យ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ដែលត្រូវតែងតាំងជាអភិបាលរងរាជធានី ក៏ដូចជា រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យរីកចម្រើនបន្ថែមទៀត បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បន្តការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ដាក់ចេញជាវិធានការលុបបំបាត់ ចំពោះការប៉ុនប៉ងធ្វើឱ្យអសន្តិសុខនៅក្នុងសង្គម លុបបំបាត់គ្រឿងញៀន ទប់ស្កាត់ឱ្យបានការជួញដូរមនុស្សគ្រប់ទម្រង់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនឹងការចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយឱ្យបានគ្រោះថ្នាក់ចរាចរណ៍។
លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ក្នុងឱកាសនោះដែរ បានប្ដេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើឱ្យភូមិ-សង្កាត់មានសុវត្ថិភាព ប្រកាន់គុណសម្បត្តិ ៤ យ៉ាង គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ ប្ដេជ្ញាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន







-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ