ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានថ្លែងថា កម្ពុជា-ចិន បានបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពិសេសមិត្តភាពដែកថែបតែម្តង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអនុញ្ញាតឲ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមាន ៧ មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាង កក់ក្ដៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។

ឯកឧត្ដមឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម នាព្រឹកនេះ។
ឯកឧត្តម ក៏បានកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាយ៉ាងឆាប់រហ័សក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេសការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន។

ឯកឧត្តម បានប្ដេជ្ញាថា ក្នុងអាណត្តិការទូតរបស់ ឯកឧត្តម នៅកម្ពុជា ឯកឧត្តម នឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ក្នុងនោះផងដែរ ឯកឧត្តម ក៏បានអញ្ជើញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីចូលរួមក្នុងវេទិកាស្ត្រីកិច្ចសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តទៅក្នុងខេត្តសានទុង ប្រទេសចិន នៅថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

ជាកិច្ចឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីចំណងមិត្តភាពកម្ពុជា-ចិន សម្រាប់ឆ្នាំនេះជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ។ សម្ដេច បន្តទៀតថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយមិត្តចិន។ ការផ្លាស់ប្ដូរទស្សនកិច្ចញឹកញាប់គ្រប់ជាន់ថ្នាក់ បានធ្វើឱ្យទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីររឹងមាំដូចដែកថែប មិនអាចបំបែកបាន។ ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
សម្តេច មានជំនឿយ៉ាងមុតមាំចំពោះមិត្តចិនក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា៕
អត្ថបទ ៖ វិមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ