ព័ត៌មានជាតិ
ប្រកួតរចនាគម្រោងប្លង់នគរូបនីយកម្មឆ្នេរសមុទ្រកម្ពុជា កើនក្រុមចូលរួមដល់ជាង ១៩០ ក្រុម
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា បានទទួលក្រុមដាក់ពាក្យចូលរួមប្រកួតប្រជែងកើនឡើងសរុបដល់ ១៩២ ក្រុម ខណៈក៏មានបេក្ខជនចុះឈ្មោះពីក្រៅប្រទេសចំនួន ៨ ក្រុម បានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីនេះ។
ក្រោមមូលបទ «កម្ពុជាៈ មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ» កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្ដួចផ្ដើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលបើកឱកាសដល់គ្រប់មជ្ឈដ្ឋាន មិនថាជាសិស្សនិស្សិត វិស្វករ ស្ថាបត្យករ អ្នកជំនាញជាតិ និងអន្តរជាតិ អាចចុះឈ្មោះប្រកួតប្រជែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយតម្រង់ទិសកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជាដែលរៀបចំឡើងកាលពីម្សិលមិញនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានគូសបញ្ជាក់ថា អ្នកដាក់ពាក្យចូលរួមប្រកួតប្រជែង មានចំនួនច្រើនលើសលុបហួសពីការរំពឹងទុក។
តាមតួលេខថ្ងៃបិទបញ្ចប់ ចំនួនក្រុមដែលបានដាក់ពាក្យចូលរួមមានរហូតដល់ ១៩២ ក្រុម រួមមានទាំងក្រុមមកពីក្រៅប្រទេសចំនួន ៨ ដែលបានចុះឈ្មោះជាបេក្ខភាពប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា។
ឆ្នេរនៅខេត្តជាប់សមុទ្រចំនួន ៤ ត្រូវបានកំណត់ជាវិញ្ញាសាសម្រាប់ការប្រកួតប្រជែង។
1. ខេត្តកែប
វិញ្ញាសាប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជានៅក្នុងខេត្តកែប គិតចាប់ពីឆ្នេរអង្កោលរហូតដល់ឆ្នេរតេជោសន្តិភាពកែប (ឆ្នេរ ២ ៧០០ ម៉ែត្រ) ដែលជាប្រភេទឆ្នេរកម្សាន្ត ឆ្នេរកោងកាង ឆ្នេរខ្សាច់កម្សាន្ត និងឆ្នេរថ្មកម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ ១៤ ៥៥៦ ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ព្រៃធំ សង្កាត់កែបនៃក្រុងកែប និងឃុំពងទឹក ឃុំអង្កោលនៃស្រុកដំណាក់ចង្អើរ។
2.ខេត្តកំពត
ខេត្តកំពត វិញ្ញាសាប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា គិតចាប់ពីឆ្នេរនេសាទកែបថ្មី រហូតដល់ព្រែក កំពត និងមួយផ្នែកទៀត ចាប់ពីព្រែកកំពតរហូតដល់ព្រៃកោងកាងត្រពាំងសង្កែ ដែលជាប្រភេទព្រែកកម្សាន្ត មានប្រវែងសរុបប្រមាណ ២៣ ០៧៣ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់អណ្តូងខ្មែរ សង្កាត់កំពង់បាយ សង្កាត់កំពង់កណ្តាលនៃក្រុងកំពត និងឃុំកំពង់ក្រែង ឃុំជុំគ្រៀលនៃស្រុកទឹកឈូ ព្រមទាំងសង្កាត់បឹងទូកនៃក្រុងបូកគោ ខេត្តកំពត។
3.ខេត្តព្រះសីហនុ
ដោយឡែកខេត្តព្រះសីហនុ វិញ្ញាសាប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា គិតចាប់ពីឆ្នេរថ្មី (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) រហូតដល់ស្ពានព្រះថោងព្រះនាងនាគ (ស្ពានមាត់ពាម) ខេត្តព្រះសីហនុ ដែលជាប្រភេទឆ្នេរខ្សាច់កម្សាន្ត ឆ្នេរកម្សាន្ត និងឆ្នេរថ្មកម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ ២១ ៨៧៧ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៣ សង្កាត់លេខ ៤ នៃក្រុងព្រះសីហនុ និងឃុំបិតត្រាំង ឃុំរាមនៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
4.ខេត្តកោះកុង
ខេត្តកោះកុង វិញ្ញាសាប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា គិតចាប់ពីឆ្នេរការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រកោងកាងពាមក្រសោប រហូតដល់ព្រែកកោះយ៉ និងមួយផ្នែកទៀតចាប់ពីឆ្នេរប៉ាក់ខ្លងរហូតដល់ព្រែកកោះប៉ោ ដែលជាប្រភេទឆ្នេរកម្សាន្ត និងឆ្នេរខ្សាច់កម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ ១៤ ៥៩៨ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែងនៃក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ឃុំពាមក្រសោបនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ប៉ែន សុផល បានឲ្យដឹងបន្តថា ឆ្នេរសមុទ្រប្រទេសកម្ពុជាមានប្រវែងជាង ៤៤០ គីឡូម៉ែត្រ ជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។ ដោយសារសក្ដានុពលនិងភាពទាក់ទាញខុសៗគ្នា ដូច្នេះគំនិតឌីហ្សាញគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រក្នុងខេត្តនីមួយៗ ត្រូវរួមបញ្ចូលគោលគំនិតនៃការរចនាដែលស្របតាមភូមិសាស្ត្រតំបន់ និងបរិស្ថានធម្មជាតិជុំវិញ។
លោក ប៉ែន សុផល ក៏បានក្រើនរំលឹកដល់បេក្ខជនទាំងអស់ថា រាល់គំនិតឌីហ្សាញមិនអាចខ្វះគឺត្រូវដាក់បញ្ចូលអត្តសញ្ញាណជាតិ រួមទាំងគិតគូរពីគុណតម្លៃនៃគម្រោងដែលអាចអនុវត្តបានសម្រាប់ពេលអនាគត។
បើតាមលោក ប៉ែន សុផល ដំណើរការកម្មវិធីប្រកួតប្រជែងនេះដែរ ក៏នឹងមានការដឹកនាំក្រុមចុះទៅពិនិត្យទីតាំងឆ្នេរដែលជាគោលដៅតាមខេត្តជាប់សមុទ្រទាំង ៤ ដើម្បីឲ្យក្រុមចូលរួមបានសិក្សាស្វែងយល់ពីភូមិសាស្ត្រតំបន់ អាចរកចំណុចគន្លឹះក្នុងគំនិតឌីហ្សាញបញ្ចូលនៅក្នុងគម្រោងប្លង់រចនា ដើម្បីទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការក្នុងការជាប់ជាជយលាភី។
លោក ស៊ីន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា និងជាគណៈកម្មការមួយរូបបានគូសបញ្ជាក់ថា សម្រាប់ការផ្តល់ពិន្ទុនឹងធ្វើឡើងយ៉ាងសុក្រឹត ដោយមានការចូលរួមវាយតម្លៃពីអ្នកជំនាញទាំងជាតិនិងអន្តរជាតិ ដើម្បីធានាបានភាពត្រឹមត្រូវ និងយុត្តិធម៌ដល់ក្រុមចូលរួមប្រកួតប្រជែងទទួលយកលទ្ធផលដោយអស់ចិត្ត៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់