ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ជឿជាក់ថា អ្នកការទូតចម្បាំងចចក នឹងរួមចំណែកឱ្យមានសមិទ្ធផលធំៗសម្រាប់កម្ពុជា-ចិន
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា សុខ ចិន្ដាសោភា សម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wenbin ដែលមានរហ័សនាមថា អ្នកការទូតចម្បាំងចចក នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ចិន។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញក្ដីជឿជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះលោក Wang Wenbin ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។ លោក Wang Wenbin បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូនលោកឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី និងលោក Wang Wenbin ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
គួរឱ្យដឹងថា លោក Wang Wenbin គឺត្រូវបានរដ្ឋាភិបាលចិនតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធាន ដែលចប់អាណត្តិការងារ។ លោក Wang Wenbin មកដល់កម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ដើម្បីជំនួសការងាររបស់លោក វ៉ាង វិនធាន ដែលចប់អាណត្តិការងារ។ ដាក់ជើងជាន់ដីកម្ពុជា នៅម៉ោងជិត១១យប់ លោក Wang Wenbin ក៏បានថ្លែងសារស្វាគមន៍ភ្លាមៗទៅកាន់អ្នកសារព័ត៌មាន នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ថ្លែងសារស្វាគមន៍រយៈប្រមាណ៥នាទី កាលណោះ លោក Wang Wenbin ឆ្លៀតប្រកាសពីប្ដេជ្ញាចិត្តថា រូបលោកនឹងប្រឹងប្រែងយ៉ាងឥតឈប់ឈរ ដើម្បីឱ្យទំនាក់់ទំនងចិន និងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែម និងរុញច្រានឱ្យខ្លាំងការកសាងសហគមន៍ជោគវាសនារួមរវាង ចិន និងកម្ពុជា ដើម្បីផ្ដល់ជាប្រយោជន៍រួម។

ជាការកត់សម្គាល់ ដំណើរមកដល់របស់លោកឯកអគ្គរដ្ឋទូតចិនថ្មី គឺភ្លាមៗ ពោលគឺមិនដល់១ខែផង បន្ទាប់ពីលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិន ចាកចេញពីកម្ពុជា។
មកដល់កម្ពុជាជាង១សប្ដាហ៍ លោកទូតចិន បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ដើម្បីថ្វាយសារតាំងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់មកនៅថ្ងៃទី១៨ ខែកក្កដា លោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នៅថ្ងៃទី២២ ខែកក្កដា លោកទូតចិន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោក Wang Wenbin ក៏បានជួបជាមួយប្រធានរដ្ឋសភា និងជួបជាមួយសម្ដេចក្រឡាហោម ស ខេង និងសម្ដេចកត្តិសង្គហ បណ្ឌិត ម៉ែន សំអន ផងដែរ៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ