ព័ត៌មានជាតិ
ប្រមុខមហាផ្ទៃ ជំរុញឱ្យសមត្ថកិច្ច ពិសេសខេត្តជាប់ព្រំដែន បង្កើនការយកចិត្តទុកដាក់បង្ក្រាបអំពើជួញដូរមនុស្ស
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ជំរុញបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

លោកប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។

តាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ១០៤ករណី កើនចំនួន ១៧ករណី ស្នើនឹង ១៦,៣៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការទាំងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ១៣៤នាក់ បញ្ជូនទៅតុលាការ និងសង្គ្រោះជនរងគ្រោះ បានចំនួន ២៩០នាក់ ក្នុងនោះករណីជួញដូរមនុស្សមានជនរងគ្រោះ ចំនួន ២២ករណី កើនឡើង ១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន ៨២ករណី កើន ៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០០នាក់។
ឆ្លងតាមបទពិសោធនៃការអនុវត្តការងារនេះ ជាពិសេសតាមរយៈការកំណត់អត្តសញ្ញាណជនរងគ្រោះ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងដែរថា មានករណីភាគច្រើនត្រូវបានរកឃើញថាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះទេ ប៉ុន្តែជាបទល្មើសឆបោក ទំនាស់ការងារ ការធ្វើការងារខុសច្បាប់ អន្តោប្រវេសន៍ខុសច្បាប់ ឬការបន្លំធ្វើជាជនរងគ្រោះ ដើម្បីគេចចេញពីសំណាញ់ច្បាប់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ