Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតរថយន្តមួយ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ

បានផុស

នៅ

លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ក្រុមហ៊ុនក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គនាយករងក្រុមហ៊ុន Chery Holding Group Co., Ltd. បានបង្ហាញចំណាប់អារម្មណ៍បែបនេះ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ​ នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ដោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

 សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងការកសាងកំពង់ផែក្នុងខេត្តសក្តានុពលមួយចំនួនរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា។

ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម