Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ចាត់ទុកប្រព័ន្ធ Cambodia e-Arrival ដើម្បីទាញទេសចរ និងពង្រឹងសន្តិសុខ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬប្រព័ន្ធ Cambodia e-Arrival គឺជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជាការធានាការពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងថា ប្រព័ន្ធ Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia e-Arrival នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន បណ្ដាទីភ្នាក់ងារទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីតាមបណ្ដាច្រកទ្វារព្រំដែនគោក និងអាកាសជាច្រើនរូប។

បើតាមលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញពីប្រទេស ធានាថា អ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ ខណៈបណ្ដាប្រទេសជឿលឿនកាន់តែច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេសឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ។

ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival  ជាបណ្ដើរៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣នេះ នៅអំឡុងខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និងដឹកនាំឈានទៅសម្រេចបាននូវប្រព័ន្ធ Cambodia e-Arrival នេះ គឺជាការបញ្ជាក់ច្បាស់នូវលទ្ធផលជាក់ស្ដែងថ្មីមួយទៀត នៃទិសដៅការងារអាទិភាពទាំង៦ ដែលលោក ស សុខា បានប្រកាសអនុវត្តចាប់ពីដើមនីតិកាលទី៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម