ព័ត៌មានជាតិ
តោះ! ស្វែងយល់ពាក្យគន្លឹះសៀវភៅ CQS ជំរុញសហគ្រាសកម្ពុជាពង្រឹងគុណភាព ចាប់ទីផ្សារទៅក្រៅប្រទេស
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផ្សាយសៀវភៅណែនាំស្តីពីប្រព័ន្ធវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលផលិតផលជលផលកម្ពុជា (CQS) ដែលជាប្រព័ន្ធវិញ្ញាបនបត្រទទួលស្គាល់សុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យល្អ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងគុណភាពចំណីអាហារ ក៏ដូចជាការបន្ថែមតម្លៃដល់ផលផលិតផលជលផលនៅកម្ពុជា ដើម្បីឈានសម្រេចគោលបំណងនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាបំពេញកំណើនតម្រូវការក្នុងស្រុកសម្រាប់អាហារដែលមានសុវត្តិភាព។
តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ដោយមានការគាំទ្រថវិកាដោយសហភាពអឺរ៉ុប រដ្ឋបាលជលផល (FiA) និង អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានបន្តអភិវឌ្ឍន៍ប្រព័ន្ធវិញ្ញាបនបត្រគុណភាពផលផលិតផលជលផល (CQS) ដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារ ក្នុងវិស័យជលផលក្រោយប្រមូល ផលឱ្យស្របតាមតម្រូវការទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
សៀវភៅណែនាំស្តីពីប្រព័ន្ធវិញ្ញាបនបត្រគុណភាពផល ផលិតផលជលផលកម្ពុជា គឺជាឯកសារមគ្គុទេសន៍ដ៏សំខាន់ក្នុងដំណើរការនៃការផ្តល់វិញ្ញាបនបត្រ។ ក្នុងសៀវភៅបានចង្អុលណែនាំពីដំណើរការផ្តល់វិញ្ញាបនបត្រដែលមានភាពសុក្រឹត និងតម្លាភាព ស្របតាមលក្ខខណ្ឌរបស់ CQS ដែលភាគីពាក់ព័ន្ធទាំងអស់អាចទទួលយកបាន។
សៀវភៅណែនាំនេះបានរៀបរាប់លម្អិតអំពីលក្ខខណ្ឌតម្រូវការ ដែលសហគ្រាសកែច្នៃផលផលិតផលជលផល យឿត្រី រួមទាំងទូកនេសាទ ត្រូវអនុវត្តតាមដើម្បីទទួលបានវិញ្ញាបនបត្រ CQS។ ការចងក្រងសៀវភៅណែនាំនេះឡើង ក៏ត្រូវបានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងត្រូវបានពិនិត្យផ្ទៀងផ្ទាត់នៅក្នុងឆ្នាំ ២០២១ និង ២០២២។
សៀវភៅនេះផ្អែកលើគោលការណ៏ណែនាំរបស់ស្តង់ដារ CODEX ដែលជាទិសដៅក្នុងការផ្តល់នូវវិញ្ញាបនបត្រ ដែលនឹងជួយលើកកម្ពស់ការអនុវត្តល្អក្នុងអនុវិស័យជលផលកម្ពុជា ពាក់ព័ន្ធទៅនិងសុវត្ថិភាពផលផលិតផលជលផល ដោយផ្នែកតាមគោលការណ៍ទូទៅនៃតម្រូវការស្តង់ដារអនាម័យល្អ (GHP) និង (GMP) របស់ CODEX និងក្របខណ្ឌគតិយុត្តដែលមានជាធរមានស្ដីពីសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា តំបន់អាស៊ាន នឹងទីផ្សារដែលមានសក្តានុពលផ្សេងទៀត។
បន្តទៀតនេះ កម្ពុជាថ្មីនឹងចែករំលែកពាក្យបច្ចេកទេសគន្លឹះដែលប្រើប្រាស់ក្នុងសៀវភៅណែនាំនេះ សម្រាប់ប្រិយមិត្តនិងមិត្តអ្នកអានអាចស្វែងយល់ទាំងអស់គ្នា។
-ផលិតផលជលផល (Fishery product) = ផលវារីសត្វ ឬវារីរុក្ខជាតិដែលបានឆ្លងកាត់ការកែច្នៃរួចហើយ។
-ផល ផលិតផលជលផល (Fish and fishery product) = ផលវារីសត្វ ឬរុក្ខជាតិដែលបានមកពីការចាប់ពីធម្មជាតិ ឬវារីវប្បកម្មទាំងនៅស្រស់មិនទាន់កែច្នៃ និងកែច្នៃរួចហើយ ឬអាចចាត់ទុកជាមុខទំនិញជលផលនៅពេលត្រូវបានធ្វើពាណិជ្ជកម្ម។
-បណ្តុំផលិតផល (Batch) = បរិមាណនៃផលិតផលសម្រេច ឬមុខទំនិញដែលបានផលិតមួយលើកៗ ។
-ការធ្វើព្យាសកម្ម (Calibration) = ជាសំណុំនៃប្រតិបត្តិការដែលបង្ហាញពីទំនាក់ទំនងរវាងតម្លៃនៃបរិមាណ ដែលចង្អុលបង្ហាញដោយឧបករណ៍វាស់ ឬប្រព័ន្ធវាស់ ឬតម្លៃដែលតំណាងដោយរង្វាស់សម្ភារៈ ឬសម្ភារៈយោង ជាមួយនិងតម្លៃដែលវាស់ដោយឧបករណ៍ស្តង់ដារ ឬតម្លៃនៃបរិមាណស្តង់ដារ។
-ចំណុចត្រួតពិនិត្យសំខាន់ៗ (CCPs) = ចំណុចឬដំណាក់កាលនៅក្នុងខ្សែច្រវាក់ផលិតកម្មដែលត្រូវធ្វើការត្រួតពិនិត្យដើម្បីការពារ ឬ កាត់បន្ថយហានីភ័យគ្រោះថ្នាក់លើសុវត្ថិភាពម្ហូបអាហារ ឬកាត់បន្ថយដល់កម្រិតដែលអាចទទួលយកបាន
-ការតវ៉ា (Complaint) = ការសំដែងនូវសេចក្តីមិនពេញចិត្ត ឬមិនអាចទទួលយកបានចំពោះអ្វីមួយ។
-ការអនុលោមតាមស្តង់ដា (Conformity) = គឺជាការគោរពតាមលក្ខខណ្ឌតម្រូវរបស់គោលការណ៍នៃ CQS ឬលក្ខខណ្ឌតម្រូវរបស់បទដ្ឋាន នៃច្បាប់សុវត្ថិភាពម្ហូបអាហារ។
-អនុលោមភាព (Compliance) = គឺជាការអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់គោលការណ៍នៃ CQS ឬអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់បទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពម្ហូបអាហារ។
-ផ្ទៃប៉ះ (Contact surface) = ផ្ទៃនៃឧបករណ៍ សម្ភារបរិក្ខារ ប្រដាប់ប្រដាប្រើប្រាស់ ឬរាងកាយមនុស្សដែលប៉ះផ្ទាល់ជាមួយនឹងផលផលិតផលជលផល។
-ការចម្លងកខ្វក់ពីមួយទៅមួយ (Cross-contamination) = ការចម្លងកខ្វក់បន្តគ្នាពីផលិតផល ឬវត្ថុមួយ ទៅផលិតផល ឬវត្ថុមួយ ឬច្រើនផ្សេងទៀត។
-ការចម្លងកខ្វក់ (Contamination) = ការប៉ះឬការកើតឡើងនៃអតិសុខុមប្រាណដែលមិនចង់បាន ឬក៏ជាក្លិន ឬសារធាតុដែលអាចឆ្លងមកសំបកវេចខ្ចប់ ផលិតផលជលផល វត្ថុធាតុដើម ឬបរិស្ថានជុំវិញ។ ការចម្លងកខ្វក់រួមមាន លក្ខណៈរូបសាស្ត្រ គីមីសាស្ត្រ វិទ្យុសកម្ម និងមីក្រូជីវសាស្ត្រ។
-វិធានការកែតម្រូវ (Corrective measure) = វិធានការដើម្បីលុបបំបាត់មូលហេតុនៃភាពមិនអនុលោម។
-ការសម្លាប់មេរោគ (Disinfection) = ដំណើរការដែលកាត់បន្ថយអតិសុខុមប្រាណជាច្រើន ឬទាំងអស់។
-និយោជិក (Employee) = បុគ្គលដែលធ្វើការឱ្យនរណាម្នាក់ផ្សេងទៀតជាថ្នូរនឹងការទូទាត់កម្រៃ។
-កាលបរិច្ឆេទផុតកំណត់ការប្រើប្រាស់ (Expiration date) = កាលបរិច្ឆេទដែលបានកំណត់ថ្ងៃចុងក្រោយ ដែលផលិតផលនៅមានគុណភាព សុវត្ថិភាព អាចប្រើប្រាស់ឬបរិភោគបាន។
-កាកសំណល់ត្រី (Fish waste) = ផ្នែកនៃត្រីដែលមិនត្រូវបានប្រើប្រាស់ ឬកែច្នៃជាអាហារមនុស្ស ដែលអាចរួមមាន ស្បែក ឆ្អឹង គ្រឿងក្នុង សំបក ។ល។
-ដ្យាក្រាមលំហូរ (Flow diagram) = ជាតំណាងនៃលំដាប់ជំហាន ឬប្រតិបត្តិការដែលត្រូវបានប្រើក្នុងការផលិត ឬការផលិតផលិតផលផលផលណាមួយ
-សារធាតុបន្ថែមក្នុងអាហារ (Food Additive) = សារធាតុគីមីដែលត្រូវបានប្រើប្រាស់ដាក់បន្ថែមក្នុងអាហារ ដើម្បីរក្សាគុណភាព ទំរង់រូបសាស្រ្ត ឬបង្កើនរសជាតិ ក្លិន ពណ៌ ឬគុណភាពផ្សេងទៀត។
-វត្ថុខាងក្រៅ (Foreign matter) = ប្រភេទនៃការចម្លងណាមួយពីខាងក្រៅ ដែលប៉ៈផលិតផលអាហារទៅចំណុចណាមួយនៅក្នុងដំណើរការផលិតរបស់វា ដែលជាទូទៅមិនមែនជាអតិសុខុមប្រាណ។ ឧទាហរណ៍ កញ្ចក់ ឈើ ចូលី ដីខ្សាច់ ជាដើម។
-ផ្សែង (Fumes) = ឧស្ម័ន ឬចំហាយទឹកដែលមានក្លិនខ្លាំង និងគ្រោះថ្នាក់ពេលហឺតចូល ឬអាចធ្វើឲ្យឆ្លងដល់អាហារ។
-អង្គបង្កគ្រោះថ្នាក់ (Hazard) = ភ្នាក់ងារនៃប្រភេទណាមួយដែលអាចបង្កគ្រោះថ្នាក់ (ដូចជា ជីវសាស្ត្រ គីមីសាស្រ្ត ឬ រូបសាស្រ្ត)។
-ការរុករានដោយសត្វចង្រៃ (Infestation) = វត្ដមាននៃសត្វចង្រៃ ដែលមានចំនួនច្រើនខុសពីធម្មតា។ នេះជាធម្មតាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ឬបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃផលិតផលជលផល។
-អធិការកិច្ច (Inspection) =សកម្មភាពនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់នូវប្រតិបត្តិការ ដែលបានកំណត់គោលដៅ ឬតាមផែនការកំណត់ (ជាទូទៅគេត្រួតពិនិត្យដោយប្រើបញ្ជី› ដើម្បីធានាបាននូវប្រតិបត្តិការ ដែលអនុវត្តតាមការរំពឹងទុក។
-មូលដ្ឋានទិន្នន័យនៃសុក្រឹតភាព (Integrity database) = ភាពត្រឹមត្រូវ និងនិរន្តរភាពនៃទិន្នន័យដែលត្រូវបានផ្ទុកនៅក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យ។
-ឡូត៍ (Lot) = បរិមាណនៃផលិតផលសម្រេច ដែលត្រូវបានបែងចែកជាចំណែកផ្សេងៗគ្នាតាមពេល ឬ ដំណាក់កាលសម្រាប់ការដឹកជញ្ជូន និងចែកចាយឬលក់ទៅតាមទិសដៅនៃទីផ្សារផ្សេងៗគ្នា។
-ប្រតិបត្តិករ (Operator) = បុគ្គលណាមួយដែលធ្វើប្រតិបត្តិការ។
-រចនាសម្ព័ន្ធអង្គភាព (Organization chart) = តំណាងក្រាហ្វិកនៃរចនាសម្ព័ន្ធនៃអង្គភាពដែលបង្ហាញពីទំនាក់ទំនងនៃមុខតំណែង ឬការងារ។
-សត្វល្អិតចង្រៃ (Pest) = សត្វល្អិតចង្រៃដែលបំផ្លាញ ឬធ្វើឱ្យមានការចម្លងកខ្វក់លើផល ផលិតផលជលផល។
-រោងចក្រ (Plant) = កន្លែងដែលដំណើរការឧស្សាហកម្ម ឬផលិតកម្មកើតឡើង។
-ទីតាំងសិប្បកម្ម (Premises) = រួមមានទីធ្លានិងសំណង់ខាងក្រៅនៃសំណង់អគាររោងចក្រដែលកាន់កាប់ដោយសហគ្រាស។
-នីតិវិធី (Procedure) = វិធីសាស្រ្តដែលបានព្រមព្រៀងគ្នាក្នុងការអនុវត្តសកម្មភាព ឬដំណើរការដែលត្រូវបានអនុវត្ត និងចងក្រងជាឯកសារក្នុងទម្រង់នៃការណែនាំលម្អិត ឬការពិពណ៌នាអំពីដំណើរការ។
-ប្រភេទផលិតផល (Product Category) = ជាប្រភេទនៃផលិតផល ឬ សេវា។ ឧទាហរណ៍ ផលិតផលស្ងួត ផលិតផលក្លាស្សេ។
-លក្ខណៈនៃផលិតផល (Product Characteristic) =លក្ខណៈសម្បត្តិដែលកំណត់ឲ្យផលិតផលជលផល។
-ការប្រមូលផលិតផលត្រឡប់មកវិញ (Product Recall) =ជាវិធានការដើម្បីប្រមូលផលិតផលដែលបានចែកចាយ ឬលក់រួចហើយត្រឡប់មកវិញ នៅពេលដែលត្រូវបានរកឃើញ ឬផ្តល់ព័ត៌មានថាផលិតតផលទាំងនោះមិនមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ឬបរិភោគបាន។
-គុណភាព (Quality) =កម្រិតនៃឧត្តមភាពរបស់ផលិតផលដែលត្រូវបានប្រៀបធៀបជាមួយស្ដង់ដារគុណភាពនៃផលិតផលដូចឬស្រដៀងគ្នា ដើម្បីបំពេញតម្រូវការ និងការរំពឹងទុករបស់អថិតិជន។
-វត្ថុធាតុដើម (Raw material) =គ្រឿងផ្សំមូលដ្ឋានណាមួយ ឬពាក់កណ្ដាលសម្រេចណាមួយ ដែលត្រូវបានប្រើដោយសហគ្រាស សម្រាប់ការផលិតផលិតផល។ វត្ថុធាតុដើមរួមមានគ្រឿងសម្ភារៈវេចខ្ចប់ សារធាតុបន្ថែម គ្រឿងបន្ថែមក្នុងការកែច្នៃ។ ល។
-ហានិភ័យ (Risk) =លទ្ធភាពនៃការកើតឡើងដោយអង្គបង្កគ្រោះថ្នាក់។
-ការវាយតម្លៃហានិភ័យ (Risk Assessment) =ការកំណត់អត្តសញ្ញាណវាយតម្លៃ និងការប៉ាន់ស្មាននៃកម្រិតនៃហានិភ័យដែលពាក់ព័ន្ធនឹងដំណើរការ ដើម្បីកំណត់ដំណើរការត្រួតពិនិត្យឲ្យសមស្រប។
-មូលហេតុជាឫសគល់នៃបញ្ហា (Cause Root) = ប្រភពនៃមូលហេតុចំបងដែលបង្កឱ្យមានបញ្ហា ប្រសិនបើត្រូវបានដោះស្រាយ ទោះវានឹងអាចជួយការពារកុំឱ្យបញ្ហានោះកើតឡើងវិញ។
-អ្នកគ្រប់គ្រង (Senior Manager) = អ្នកទទួលខុសត្រូវក្នុងប្រតិបត្តិការកម្រិតខ្ពស់របស់ក្រុមហ៊ុនដែលមានសមត្ថភាពក្នុងការសម្រេចចិត្តផ្តល់ហិរញ្ញវត្ថុ ឬធនធានមនុស្សដែលចាំបាច់សម្រាប់ការអនុវត្តតាមលក្ខខណ្ឌតម្រូវ។
-លក្ខណៈពិសេស (Specification) =ការពិពណ៌នាច្បាស់លាស់ ឬលម្អិតនៃសម្ភារៈផលិតផល ឬសេវាកម្ម។
-ប្រព័ន្ធអង្កេតដាន (Traceability) =សមត្ថភាពក្នុងការតាមដានវត្ថុធាតុដើម សមាសធាតុ និងផលិតផល គ្រប់ដំណាក់កាល ដែលរួមមានការទទួល ការផលិត ការកែច្នៃ និងការចែកចាយ ទាំងទៅមុខនិងថយក្រោយ។
-អាយុកាលផលិតផល (Self-Life) = រយៈពេលដែលបញ្ជាក់ពីគុណភាព សុវត្តិភាពនៃផលិតផលជលផលដែលអាចទៅប្រើប្រាស់បាន ឬអាចនៅធ្វើពាណិជ្ជកម្មបាន។
-ទឹកសកម្ម (water activity) = គឺជារង្វាស់ដើម្បីកំណត់ថាតើ ទឹកសេរីភាពនឹងមិនចង់សម្ព័ន្ធមានកម្រិតណា ដែលបរិមាណនោះផងដែរ នឹងត្រូវបានប្រើប្រាស់ដោយអតិសុខុមប្រាណសម្រាប់ការលូតលាស់។
-សំលៀកបំពាក់ការងារ (workwear) =សម្លៀកបំពាក់ដែលក្រុមហ៊ុនបានរចនាប្រើប្រាស់ ឬអនុញ្ញាតឱ្យប្រើដើម្បីការពារផលិតផលពីការចម្លងកខ្វក់ដែលអាចកកើតឡើង។
គួរបញ្ជាក់ថា CQS (Cambodia Qualify Seal) ផ្តួចផ្តើមដោយរដ្ឋបាលជលផល (FiA) និងត្រូវបានអភិវឌ្ឈន៍បន្ថែមទៀតដោយមានការជួយគាំទ្រពីអង្គការ UNIDO ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ផ្នែកក្រោយប្រមូលផលជលផលក្រោមជំនួយហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប។ គម្រោងនេះ ជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់វិស័យជលផលក្នុងប្រទេសកម្ពុជា។
គោលបំណងចំបងនៃគ្រោងការណ៍នេះ គឺផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូច មធ្យម និងធំនៅក្នុងប្រទេសកម្ពុជា ពង្រឹងគុណភាព សុវត្ថិភាពផលផលិតផលជលផល រួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកវិស័យក្រោយប្រមូលផលជលផលរបស់ប្រទេសកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធបទបញ្ញត្តិ និងស្ថាប័នកិច្ចដើម្បីវិស័យឯកជនទទួលយកមកអនុវត្តកាន់តែប្រសើរឡើង៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់