ព័ត៌មានជាតិ
តើពេលនេះរោងចក្រ Y & W មានស្ថានភាពដូចម្ដេច ក្រោយពេលរកឃើញកម្មករមានកូវីដ-១៩?
លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោបានប្រាប់ កម្ពុជាថ្មី មុននេះបន្តិចថា អាជ្ញាធរបានសហការជាមួយមន្ត្រីសុខាភិបាល បានយកសំណាករបស់បងប្អូនកម្មករនៅរោងចក្រ វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT Co., LDT) កាលពីម្សិលម៉្ងៃ ដោយពេលនេះលទ្ធផលបានបង្ហាញថា ពួកគេមានភាពអវិជ្ជមានមេរោគកូវីដ-១៩ទាំងអស់គ្នា។
លោក កេង ថា មានប្រសាសន៍ថា៖ “លទ្ធផលគឺអវិជ្ជមានទាំងអស់ចំពោះកម្មករ៧១៦នាក់ ដែលក្រុមគ្រូពេទ្យបានយកសំណាកយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩នោះ។ នៅថ្ងៃនេះ មិនមានការយកសំណាករបស់កម្មករដើម្បីរកមេរោគកូវីដទៀតទេ ដោយសារតែរោងចក្រ YW ហ្នឹងគាត់មានអគារធ្វើការច្រើន ហើយអគារដែលពាក់ព័ន្ធជាមួយបងស្រីកម្មការិនីដែលវិជ្ជមានកូវីដ-១៩ហ្នឹង គឺនៅអាគារ D8 អ៊ីចឹងក្រុមគ្រូពេទ្យយកសំណាកតែអ្នកដែលពាក់ព័ន្ធជាមួយកម្មការិនីម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ហ្នឹងទេ”។
នាយករងរដ្ឋបាលខណ្ឌដង្កោបានប្រាប់ ខាងលើនេះ បានបង្ហាញការទទួលខុសត្រូវខ្ពស់ថា ក្នុងនាមជាអាជ្ញាធរ បើទោះជាពេលនេះមិនមានឃើញផ្ទុះកូវីដ១៩នៅរោងចក្រក្នុងមូលដ្ឋានក្ដី ក៏អាជ្ញាធរមូលដ្ឋាននៅតែពង្រឹង និងចុះអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ចូលសហគមន៍ជាប្រចាំ តាមអនុសាសន៍ដឹកនាំរបស់ អភិបាលរាជធានីភ្នំពេញ ក៏ដូចជាសម្ដេចតេជោ នាយករដ្ឋមន្ត្រី។
លោក កេង ថា មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “អាជ្ញាធរបានអនុវត្តជាប្រចាំដូចជា ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធានការទប់ស្កាត់កូវីដ-១៩ ក៏ដូចជាការចែកម៉ាសជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជានៅទីប្រជុំជន និងប្រជាពលរដ្ឋទូទៅ សុំឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការសម្ដេចតេជោ ៣កុំ៣ការពារ”។
លោក កេង ថា បានឱ្យដឹងទៀតថា ចំណែកខាងរោងចក្រនីមួយៗក៏មានវិធានការណ៍ផងដែរ គឺអនុវត្តតាមវិធានការណ៍សុខាភិបាល ដោយនៅពេលបុគ្គលិក និងកម្មករចូលរោងចក្រត្រូវវាស់កម្ដៅ បាញ់អាល់កុល រក្សាអនាម័យ និងឱ្យពាក់ម៉ាសជាប់ជាប្រចាំ។
លោក កេង ថា បានផ្ញើសារសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ ចូលសហគមន៍ទាំងអស់គ្នា ព្រោះបញ្ហារបស់កម្ពុជាក្នុងដំណាក់កាលនេះ គឺការចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដើម្បីឆាប់បញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ។
គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសពីថា កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរើការងារនៅរោងចក្រ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ-១៩នោះ គឺអវិជ្ជមានទាំងអស់គ្នា។
ចំណែកលោកស្រី គឹម ញិប អភិបាល ខណ្ឌដង្កោបានឱ្យដឹងថា ជនរងគ្រោះ រួមទាំងក្រុមគ្រួសារត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។
លោក ជួន វុ ឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បិទរោងចក្រយីហោ “Y & W GARMENT” នៅឡើយទេ ដោយសារការប៉ះពាល់មានកម្រិតតិចតូចនៅឡើយ។
គួរបញ្ជាក់ថា រោងចក្រ វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT Co., LDT) ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានរកឃើញស្ត្រីម្នាក់ មានអាយុ៤៨ឆ្នាំ ជាកម្មករ បានឆ្លងកូវីដ-១៩ ពីកូនជាអ្នកបើកឡានឱ្យជនជាតិចិន។ ក្រោយពីរកឃើញស្ត្រីម្នាក់មានវិជ្ជមានកូវីដ-១៩នេះ អាជ្ញាធរ និងក្រសួងសុខាភិបាល បានចុះយកសំណាកលើកម្មករ កម្មការិនី បានចំនួនជាង៧០០នាក់ ក្នុងចំណោមកម្មករ កម្មការិនី ទាំងអស់ចំនួន៥០៣០នាក់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានបន្ទាប់៖
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់