ព័ត៌មានជាតិ
ព្រះមហាក្សត្រ បញ្ចប់គោរម្យងារឧកញ៉ា ពីឈ្មោះ ខុន បញ្ចសិទ្ធ ក្រោយយកអាវុធបាញ់សម្ញែងក្នុងក្លឹប
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១០ ខែសីហា នេះ បានចេញព្រះរាជក្រឹត្យ បញ្ចប់គោរម្យងារឧកញ៉ា ពីឈ្មោះខុន បញ្ចសិទ្ធ ក្រោយយកអាវុធបាញ់សម្ញែងក្នុងក្លឹប។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប មកផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះមានបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ (ហៅថា ឧកញ៉ា សិទ្ធ ឧកញ៉ា សិទ្ធ) បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀត ដែលអង្គុយនៅសាឡុងក្បែរៗ នោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះសុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះបានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធីច្បាប់ ព្រមទាំងដកហូតអាវុធខ្លីបាន០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀតម៉ាក EKOL VOLGA សមត្ថកិច្ច ឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថា ជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីកាក់កបខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុងឡានខ្លួននោះទេ រីឯតៃកងឡានបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។
លោក ខុន បញ្ចសិទ្ធ និងបក្ខពួក រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលសំណុំរឿងនេះបានស្ថិតនៅលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង កំពុងបើកការស៊ើបសួរករណី”ផ្ទុះអាវុធ”។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា តំណាងអយ្យការបាន បេីកការស៊េីបសួរលេីជនសង្ស័យរួចរាល់ហេីយដែលមាន
ទី១.ឈ្មោះ ខុន បញ្ចសិទ្ធ ត្រូវបានចោទប្រកាន់ពីបទ កាន់កាប់ ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ទី២.ឈ្មោះ ជឿន ចុន ត្រូវបានចោទប្រកាន់ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវហើយ សំណុំរឿងខាងលើនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់