ព័ត៌មានជាតិ
ដីព្រលានយន្តហោះចាស់ខេត្តរតនគិរី គ្រោងអភិវឌ្ឍជាទីតាំងសាលាខេត្តរតនគិរីថ្មី
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានអះអាងថា ដីព្រលានយន្តហោះចាស់នៅក្នុងក្រុងបានលុង គ្រោងអភិវឌ្ឍរៀបចំជាទីតាំងសាលាខេត្តរតនគិរីថ្មី ដើម្បីជួយបង្កើនទីធ្លានិងសោភណភាពទីក្រុងបានលុង ឱ្យកាន់តែមានភាពប្រណិត និងជឿនលឿនបន្ថែមទៀត។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា «នាពេលបន្តិចទៀតនេះ ទីតាំងសាលាខេត្តរតនគិរី នឹងរុះរើទៅកាន់ដីនៅព្រលានយន្តហោះចាស់ ដោយទីតាំងសាលាខេត្តនឹងជំនួសមកវិញជាសាលាក្រុង ដើម្បីធ្វើយ៉ាងណាឱ្យសោភណភាពក្រុងបានលុង ក្លាយជាក្រុងមួយដែលកាន់តែមានភាពស៊ីវិល័យ»។
ជាមួយគ្នានេះ លោកបញ្ជាក់ជុំវិញទីតាំងមន្ទីរសុខាភិបាលខេត្តដែលនៅជាប់នឹងច្រាំងបឹងកន្សែង ក៏នឹងត្រូវរុះរើមកទីតាំងថ្មីលើដីទំហំជាង ១ហិតា ស្ថិតនៅលើដីនៃព្រលានយន្តហោះចាស់ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនមកដល់ខេត្ត។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី
លោក ញ៉ែម សំអឿន បានលើកពីអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឲ្យរដ្ឋបាលខេត្តកែប្រែនិងអភិវឌ្ឍន៍ក្រុងបានលុងឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសសោភណភាពជុំវិញបឹងកន្សែង ព្រោះនាពេលកន្លងមក ឃើញមានការទើសទាល់ពីសំណាក់មហាជនចំពោះទីតាំងមន្ទីរសុខាភិបាលខេត្ត ដែលនៅជាប់នឹងច្រាំងបឹងកន្សែង ដែលធ្វើឱ្យទីធ្លាក្បែរមាត់បឹងមិនសូវភាពធំទូលាយ។

បន្ថែមពីនេះ លោកអភិបាលខេត្តបានអះអាងថា នាពេលដ៏ខ្លីខាងមុខនេះ នៅថ្ងៃអ៊ុំទូកពលរដ្ឋនឹងឃើញការប្រែក្លាយបឹងកន្សែងកាន់តែស្រស់ស្អាតជាងមុន ដោយលោកជំរុញឱ្យមានការរៀបចំឲ្យបានស្រស់ស្អាតជាងមុន មានសុខភាពសាធារណៈ អនាម័យបរិស្ថាន ដើម្បីពលរដ្ឋក្នុងខេត្តអាចហាត់ប្រាណ និងទស្សនាកម្សាន្តកាន់តែច្រើនកុះករនៅទីនេះថែមទៀត។

នៅក្នុងអាណត្តិដែលដឹកនាំខេត្តរតនគិរី លោក ញ៉ែម សំអឿនបានអះអាងថា ប្រសិនបើលោកអាចកសាងនូវសាលាខេត្តថ្មីបានមែននោះគឺពិតជាមោទនភាពសម្រាប់លោកផ្ទាល់ ដែលនេះនឹងបង្ហាញឱ្យឃើញពីភាពរីកចម្រើននៅក្នុងខេត្តពីមួយថ្ងៃទៅមួយថ្ងៃ។
ខេត្តរតនគីរីមានព្រលានយន្តហោះចាស់មួយ ដែលដំណើរការតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ឆ្នាំ ២០០៦ ទើបបានផ្អាកដំណើរការទាំងស្រុង។ បច្ចុប្បន្ននេះនៅក្នុងបរិវេណាព្រលាន ពុំមានសេសសល់សំណង់ហេដ្ឋារចនាសម្ព័ន្ធធំដុំទេ ក្រៅពីផ្លូវយន្តហោះក្រួសក្រហមប្រវែងជាង ៣ គីឡូម៉ែត្រ សម្រាប់បម្រើការហោះឡើងចុះ។
គួរជម្រាបថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ២០០ លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី៕
អត្ថបទ៖ ឌិន ថារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ