ព័ត៌មានជាតិ
មន្ត្រីក្រសួងការបរទេស៖ ស្មារតីស្នេហាជាតិរបស់បុគ្គលខ្លះ គ្រាន់ជាឈ្នាន់បម្រើនយោបាយ ហើយនាំគ្រោះថ្នាក់ដល់ជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ស្មារតីស្នេហាជាតិរបស់បុគ្គលខ្លះ គ្រាន់ជាឈ្នាន់បម្រើនយោបាយ ហើយនាំគ្រោះថ្នាក់ដល់ជាតិប៉ុណ្ណោះ។ ការលើកឡើងនេះ ស្របដែលមានក្រុមប្រឆាំងនៅក្រៅប្រទេស បាននិងកំពុងញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងក្នុងប្រទេសក្រោកបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមពាក្យថា ស្នេហាជាតិ។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស បានលើកឡើងថា ការបណ្តុះស្មារតីស្នេហាជាតិគឺមានសារៈសំខាន់បំផុតសម្រាប់គ្រប់ជាតិសាសន៍ទាំងអស់ ហើយកម្ពុជាក៏បានខិតខំប្រឹងប្រែងដើម្បីបណ្តុះស្មារតីមួយនេះទៅដល់ប្រជាជនគ្រប់រូបផងដែរ។ តួយ៉ាងដូចសម្តេចតេជោ បានលើកឡើងថា ប្រជាជនគឺជាខឿនការពារជាតិដែលរឹងមាំជាងរបងបេតុងច្រើនជាន់ទៅទៀត។
ប៉ុន្តែលោក ក៏បានលើកឡើងពីការប្រែក្លាយស្មារតីស្នេហាជាតិដោយបុគ្គលមួយចំនួនតូច ឱ្យទៅជាឧបករណ៍ដើម្បីបម្រើប្រយោជន៍នយោបាយរបស់ខ្លួន គឺជារឿងដែលគ្រោះថ្នាក់បំផុត ដោយសារការញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ។លោក គង់ ភោគ ថា ប្រការនេះនឹងធ្វើឱ្យជាតិទន់ខ្សោយ ជាពិសេសនៅក្នុងបរិបទនៃការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចដ៏ស្រួចស្រាល។
លោករដ្ឋលេខាធិការ បានបង្ហាញក្ដីសោកស្តាយដែលបុគ្គលទាំងនោះបានកេងប្រវ័ញ្ចលើស្មារតីស្នេហាជាតិរបស់ប្រជាជនមួយចំនួន ដោយបានបំភ្លៃការពិត និងធ្វើឱ្យប្រជាជនទាំងនោះយល់ខុស ហើយបានរួមចំណែកបំផ្លិចបំផ្លាញជាតិខ្លួនឯងដោយមិនដឹងខ្លួន។ លោក បានគូសបញ្ជាក់ថា បុគ្គលទាំងនោះយល់យ៉ាងច្បាស់អំពីសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការដែលកម្ពុជាបាននិងកំពុងអនុវត្តជាមួយប្រទេសជិតខាង ប៉ុន្តែពួកគេជ្រើសរើសធ្វើជាមិនយល់ ហើយថែមទាំងផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។
ទង្វើទាំងអស់នេះ ជាទង្វើខ្វះគុណធម៌ ដោយសារបុគ្គលទាំងនោះមិនត្រឹមតែមិនបានចូលរួមចំណែកធ្វើឱ្យជាតិដែលបានផ្តល់នូវអ្វីៗដែលពួកគេកំពុងទទួលបាននាពេលបច្ចុប្បន្នឱ្យរឹតតែថ្កុំថ្កើងថែមទៀតនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជាតិខ្លួនឯងទន់ខ្សោយ និងបែកបាក់ទៅវិញ។ ម៉្យាងវិញទៀត ទង្វើទាំងអស់នេះ ក៏ជាទង្វើដែលខ្វះការទទួលខុសត្រូវ និងអត្មានិយមបំផុត ព្រោះថា ដើម្បីតែបម្រើដល់ប្រយោជន៍ផ្ទាល់ខ្លួន ពួកគេបានដាក់សុខសុវត្ថិភាពរបស់ប្រជាជនមួយចំនួនដែលបាន ជឿលើបុគ្គលទាំងនេះ ដោយសារតែពួកគាត់មិនមានព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នេះជាសំណេរនៅលើបណ្ដាញសង្គមរបស់លោករដ្ឋលេខាធិការ គង់ ភោគ ដដែល។
ក្នុងន័យនេះ លោក គង់ ភោគ ចង់សង្កត់ធ្ងន់ថា ប្រជាជនគ្រប់រូបត្រូវបដិសេធយ៉ាងដាច់អហង្ការចំពោះទង្វើដែលនាំទៅដល់ការបំផ្លិចបំផ្លាញ និងការបែកបាក់ជាតិ ហើយបណ្តុះស្មារតីស្នេហាជាតិរបស់ខ្លួនដោយភាពវៃឆ្លាត ដោយចំណេះដឹង និងដោយការត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ជាមួយនឹងគោលបំណងធ្វើឱ្យជាតិមានសន្តិភាព មានការរីកចម្រើន និងមានឧត្តមភាពលើឆាកអន្តរជាតិ ទាំងអស់នេះហើយទើបជាការស្រឡាញ់ជាតិពិតប្រាកដ និងត្រឹមត្រូវ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ