ព័ត៌មានជាតិ
បន្តតាមដានការសាងសង់តួថ្នល់ ត្រូវមានបច្ចេកទេសបែបណា?
អត្ថបទមុន កម្ពុជាថ្មីបានបង្ហាញទិដ្ឋភាពទូទៅនៃដំណើរការសាងសង់ផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញផ្សាយសៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការងារជួសជុល និងសាងសង់ផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ រចនាសម្ព័ន្ធផ្លូវថ្នល់បែងចែកជាច្រើនដំណាក់កាល តាំងពីដំណាក់កាលដំបូងគឺការរៀបចំតួផ្លូវ (Embankment) បន្ទាប់មកការរៀបចំស្រទាប់ដីសម្រាំង (Selected Sub-Grade) ស្រទាប់គ្រឹះរង (Sub-Base Course) ស្រទាប់គ្រឹះ (Base Course) ស្រទាប់ដីខាងលើកម្រាលថ្នល់ (Road Surfacing) និងចិញ្ចើមថ្នល់ (Road Shoulder)។
កម្ពុជាថ្មីនឹងលើកបង្ហាញពីបច្ចេកទេសក្នុងការរៀបចំតួថ្នល់ (Embankment) បន្តទៀត ដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធផ្លូវថ្នល់។
ការតេស្តស្រទាប់តួថ្នល់ជាមួយឧបករណ៍ LWD ( Lightweight Deflectometer) និង PLT (Plate Load Test)
១. តួថ្នល់ (Embankment)
តួថ្នល់ (Embankment) គឺជាស្រទាប់ក្រោមបង្អស់នៃរចនាសម្ព័ន្ធផ្លូវថ្នល់។ តួថ្នល់អាចបានមកពីការកាត់ចេញ (Cutting) ឬការចាក់បំពេញ (Back filling) នូវដីធម្មជាតិ ឬដីធម្មតា ដើម្បីឲ្យបានកម្រិតកម្ពស់ (Level) តាមការគិតគូររបស់អ្នកសិក្សា ដែលជាទូទៅត្រូវតែខ្ពស់ជាងកម្រិតកម្ពស់ទឹកជំនន់ (HWL) យ៉ាងតិច 500 មម។
ការសាងសង់តូថ្នល់ ត្រូវគោរពនិងអនុលោមតាមគោលការណ៍បច្ចេកទេសដូចខាងក្រោម៖
១.១/ ដីដែលយកមកប្រើសម្រាប់សាងសង់តូថ្នល់ ត្រូវជៀសវាងការប្រើប្រាស់ប្រភេទដីស្រទាប់លើ (Top Soil) ឬ ដីរុក្ខជាតិ (Vegetation) ឬដីអរកានិច (Organic Soil)។
១.២/ ដីដែលយកមកប្រើសម្រាប់សាងសង់តួថ្នល់ ត្រូវតែមានតម្លៃ CBR ≥ 2% (ត្រាំទឹក ៩៦ ម៉) និងភាពហើម (Swelling) ≤ 4% ដែលតម្លៃនេះត្រូវកំណត់ដោយតេស្ដឈោ្មះ California Bearing Ratio Test (AASHTO T-193) នៅត្រង់កម្រិតភាពហាប់របស់ដី 90% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ។
១.៣/ គ្រឿងចក្រ ដែលយកមកប្រើប្រាស់ក្នុងការងារសាងសង់តួថ្នល់ ត្រូវតែទាន់សម័យ មានអនុភាពគ្រប់គ្រាន់ និងប្រសិទ្ធិភាពការងារខ្ពស់ ហើយត្រូវមានការឯកភាពនិងអនុញ្ញាតឲ្យប្រើប្រាស់ដោយវិស្វករត្រួតពិនិត្យបច្ចេកទេស។
១.៤/ មុនពេលសាងសង់តួថ្នល់ ប្រតិបត្តិករត្រូវត្រៀមនិងរៀបចំនូវរាល់សម្ភារៈ គ្រឿងចក្រ និងស្លាកសញ្ញាការដ្ឋាន ដែលទាក់ទងនឹងការសាងសង់ ដោយមានការឯកភាពនិងយល់ព្រមដោយវិស្វករត្រួតពិនិត្យបច្ចេកទេសគម្រោង។
១.៥/ ប្រតិបត្តិករ ត្រូវកៀរសម្រួលបាតតួថ្នល់ និងចាក់បំពេញនូវរាល់រណ្ដៅ ឬគ្រលុក ដែលបណ្តាលមកពីការឈូសឆាយ ជីកគាស់ដើមឈើ និងកាប់ឆ្ការព្រៃ ហើយត្រូវបង្ហាប់ឲ្យដល់កម្រិតបច្ចេកទេស មុនពេលចាក់បំពេញតួថ្នល់ និងត្រូវមានការឯកភាពពីវិស្វករត្រួតពិនិត្យ។
១.៦/ បាតតួថ្នល់ដែលបានរៀបចំរួច ត្រូវផ្សើមទឹកឲ្យបានសព្វក្នុងកម្រិតបរិមាណសមរម្យ បន្ទាប់មកដីសម្រាប់តួថ្នល់ត្រូវចាក់ពង្រាយនិងលាយច្របល់ជាមួយទឹកឲ្យបានសព្វក្នុងកម្រិតបរិមាណ ± 2% នៃសំណើមទឹកប្រសើរបំផុត (Optimum Moisture Content) ដូចដែលបានកំណត់ដោយការធ្វើតេស្តឈ្មោះ Modified Proctor Test (AASHTO T-180)។
១.៧/ បន្ទាប់ពីការកៀរសម្រួល ស្រទាប់នីមួយៗនៃតួថ្នល់ត្រូវបង្ហាប់ឲ្យបានពេញផ្ទៃ ដែលការបង្ហាប់នេះ ត្រូវធ្វើឡើងស្របតាមបណ្តោយតួថ្នល់ ហើយជាទូទៅត្រូវចាប់ផ្តើមចេញពីគែមថ្នល់ចូលមកអ័ក្សថ្នល់ ដោយស្រទាប់នីមួយៗត្រូវបង្ហាប់ឲ្យបាន ≥ 90% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ដូចដែលបានកំណត់ដោយការធ្វើតេស្ត Modified Proctor Test (AASHTO T-180)។
១.៨/ ស្រទាប់តួថ្នល់នីមួយៗត្រូវមានកម្រាស់ ≤ 20 ស.ម បន្ទាប់ពីការបង្ហាប់រួច។ ប៉ុន្តែក្នុងករណីដែលប្រតិបត្តិករ ចង់ឲ្យស្រទាប់តួថ្នល់នីមួយៗមានកម្រាស់ > 20 សម (បន្ទាប់ពីការបង្ហាប់រួច) ប្រតិបត្តិករ ត្រូវបង្ហាញប្រភេទគ្រឿងចក្រ ដែលត្រូវយកមកប្រើថាមានកម្លាំងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការអនុវត្ត និងត្រូវធ្វើពិសោធសាកល្បងលើកម្រាស់ដែលចង់បានលើប្រវែងផ្លូវពី 200 ម ទៅ 500 ម ជូនដល់វិស្វករត្រួតពិនិត្យបច្ចេកទេស ដើម្បីបញ្ជាក់អំពីប្រសិទ្ធិភាពនិងគុណភាពគ្រឿងចក្រ។
១.៩/ ក្នុងករណីដែលទទឹងតួថ្នល់ត្រូវពង្រីក ការសាងសង់តូថ្នល់ថ្មី ត្រូវភ្ជាប់ជាមួយតួថ្នល់ចាស់តាមរបៀបមុខតំណជាថ្នាក់ៗ (Benching Method) និងត្រូវមានការឯកភាពពីវិស្វករត្រួតពិនិត្យ។
១.១០/ ការពិនិត្យកម្រិតហាប់តួថ្នល់នៅការដ្ឋាន (Field Density Test) ចាំបាច់ត្រូវអនុវត្តនូវគ្រប់ស្រទាប់នីមួយៗនៃតួថ្នល់ទាំងអស់ ហើយតម្លៃរបស់វាត្រូវតែមានតម្លៃ ≥ 90% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) តាមរយៈការធ្វើតេស្ត Field Density Test by Sand Cone Method (AASHTO T-191) ឬអាចធ្វើតេស្តផ្សេងពីនេះ តែត្រូវមានការយល់ព្រមពីវិស្វករត្រួតពិនិត្យបច្ចេកទេស។ ការធ្វើពិសោធផ្ទាល់ ត្រូវតែធ្វើផ្ទាល់នៅការដ្ឋាន ហើយទីតាំងនិងចំនួនពិសោធន៍ ត្រូវកំណត់ដោយវិស្វករត្រួតពិនិត្យបច្ចេកទេស។
១.១១/ ដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់តួថ្នល់ ត្រូវរើសយកចេញទំហំគ្រាប់ដែល > 50 មម។
អត្ថបទក្រោយ កម្ពុជាថ្មីនឹងលើកបង្ហាញពីដំណាក់កាល ការរៀបចំស្រទាប់ដីសម្រាំង (Selected Sub-Grade) បន្តទៀត៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ