Connect with us

ព័ត៌មានជាតិ

​ច្នៃ​កណ្តុរស្រស់ ជា​កណ្តុរខ្វៃតម្រូវចិត្ត​អតិថិជនមួយគីឡូក្រាមលក់ចេញបាន​ ៤ ម៉ឺន​រៀល​ ​

បានផុស

នៅ

ខុស​ប្លែក​ពី​មុន បច្ចុប្បន្ន​នេះសត្វ​កណ្តុរបាន​ក្លាយ​ជាម្ហូប​មួយ​ប្រភេទ​ដែល​ពលរដ្ឋ​មួយ​ចំនួន​ចូល​ចិត្ត​ទិញយក​ទៅ​បរិភោគ ខណៈក៏​​មាន​ពលរដ្ឋ​​បាន​ចាប់​មុខរបរ​ខ្វៃកណ្តុរលក់តម្រូវចិត្តអតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វ​កណ្ដុរ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​សត្វ​ចង្រៃ​មួយ​ប្រភេទតែង​បំផ្លាញ​ផល​ដំណាំ និង​បាន​អុកឡុក​ក្នុង​លំនៅឋាន ដែល​កណ្តុរ​ទាំង​នោះ​ដែរ​ ក៏​ត្រូវ​បាន​បែង​ចែក​ជា​ពីរ គឺ កណ្តុរ​ប្រមេះ ឬ កណ្តុល​បង្កង់ ដែល​វា​មាន​ទំហំ​តូចៗ និង​មួយ​ប្រភេទ​ទៀត​គឺ កណ្តុល​ប្រែង មាន​ទំហំ​ធំ ដែល​កសិករ​តែង​ប្រើប្រាស់​អង្គុប​ចាប់​តាម​ដំបូក​វាលស្រែយក​ទៅ​បរិភោគ​។

អ្នកស្រី ធីប នៅស្រុករុក្ខគីរី ដែល​ប្តី​អ្នក​ស្រីជា​អ្នកដើរ​ប្រមាញ់​សត្វ​កណ្តុរបានចំណូល​​ពីការចាប់​កណ្តុរលក់​បានច្រើន​គួរសមក្នុងមួយ​ថ្ងៃៗ ដើម្បី​អាច​ផ្គត់ផ្គង់​​កូន​រៀនសូត្រ​ និង​ចំណាយ​ក្នុង​​គ្រួសារបាន​មួយផ្នែក។

អ្នកស្រី ធីប បាន​ប្រាប់​ថា ក្នុង​មួយយប់ៗ​ប្តីអ្នកស្រី​រក​បានចន្លោះពី ៥ ទៅ ១០ គីឡូក្រាម ដោយ​​យក​ទៅ​លក់​នៅផ្សារ​បាត់ដំបង ១ គីឡូក្រាម លក់តម្លៃ ១ ម៉ឺនរៀល តាមតូច ឬ​ធំ បើធំ ១ គីឡូក្រាម មាន ៣ កណ្តុរ បើតូច​បន្តិច​មាន ៤ កណ្តុរ ហើយ​លក់អត់​យូរទេ គ្រាន់តែ​ដាក់ចេញ​ពីថង់គេនាំគ្នាទិញគ្មានសល់។

ចំណែកគ្រួសារ​​អ្នកស្រី ស៊ុន ផាត ដែល​រស់នៅ​​ភូមិព្រៃផ្តៅ ឃុំ​តាគ្រាម ស្រុក​បាណន់ នៅ​មិនឆ្ងាយប៉ុន្មាន​ពីអាងកំពីង​ពួយបាន​ប្រាប់យ៉ាងដូច្នេះ​ថា «ឲ្យ​តែ​មាន​មិន​ខ្វះ​ម៉ូយ​មក​យកទេ ដោយ​មកទិញ​ដល់ផ្ទះ ​ដើម្បីយក​ទៅ​ឆ្អើរ​​លក់​នៅ​​ចុង​​ស្អាន​អូរតាគី»។

ប្តីអ្នកស្រី ស៊ុន ផាត លោក អាត ប្រាប់ថា កាលពីមុនមួយ​យប់​យ៉ាង​ហោចណាស់​​រកបាន​ ២០ ទៅ ៣០​ គីឡូក្រាម ដោយ​ប្រើ​អន្ទាក់និង​អង្គុបតាម​ដងអូរ។

លោក​បន្ត​ថា កាល​នោះ​សំបូរ​ណាស់​ ហើយ​លក់បាន ១ គីឡូ​ក្រាមបានពី ៥ ០០០ ទៅ ៧ ០០០ រៀល ដែល​​អាច​ដោះ​ស្រាយ​ជីវភាព​បាន​មួយគ្រា​ៗដែរ។ ប៉ុន្តែ​ឥឡូវ​រក​អត់សូវបានទេ មួយ​យប់បានត្រឹមជាង ៥ គីឡូក្រាម តែ​​កើន​តម្លៃបន្តិច។

បុរស​រូបនេះ​បន្ត​ទាំង​អស់​សំណើច​ ក្រោយ​ដឹង​ថាមានគេ​ចិញ្ចឹម​កណ្តុរ​លក់ដែល​​ទិញពូជ​ពីថៃដោយ​លោក​បញ្ជាក់​ថា «​ខ្ញុំចង់​សើច ខ្ញុំគិតថា នៅខ្មែរយើង​ខ្វះអី​កណ្តុរប្រែង ចាំ​បាច់យកពី​ប្រទេស​គេមក​ចិញ្ចឹម»។

ក្នុង​​បទ​ពិសោធន៍​ចិញ្ចឹម​សត្វ​កណ្តុរ​ប្រែង​លក់​​ជាង ២ ឆ្នាំ លោក ម៉ឺយ រើន បាន​ឈាន​មួយ​ជំហាន​ទៀត​​លើមុខ​របរ​មួយ​នេះ។ បន្ទាប់ពី​ចិញ្ចឹម​លក់​ពូជ លោក ម៉ឺយ រើន ក៏​បានពង្រីក​ជំនាញ​មួយទៀតដែល​កំពុង​ពេញ​និយមលើ​​ទីផ្សារនោះគឺ កណ្តុរ​ខ្វៃ ដែល​​គំនិត​ច្នៃប្រឌិត​នេះហាក់ចម្លែក​បន្តិច ប៉ុន្តែ​បាន​ជោគជ័យ​ដែល​នាំ​​ឲ្យគ្រួសារ​បុរស​រូបនេះ​​ដើរចេញពីភាព​ទន់ខ្សោយ​ផ្នែក​សេដ្ឋកិច្ច ក្លាយ​ជា​គ្រួសារ​រឹងមាំ​បាន​យ៉ាងឆាប់រហ័ស ដោយមិននឹកស្មានដល់។

លោក មុយ រើន ជាម្ចាស់កសិដ្ឋាន​ចិញ្ចឹម​សត្វកណ្តុរបានប្រាប់ «កម្ពុជាថ្មី»ថា លោកបានកែច្នៃធ្វើកណ្តុរខ្វៃ​​​នេះ បើគិតមកដល់​ពេល​នេះ​មាន​រយៈពេល​ជាង ៥ខែហើយ។ តែគេស្គាល់​ទើបតែបានជាង ២ ខែ​ប៉ុណ្ណោះ រហូត​ដល់​លោក​រក​កណ្តុរ​មកខ្វៃមិន​បានឆ្លើយតបតាម​តម្រូវការអតិថិជន។

បុរស​រូបនេះ​បន្ត​ថា បច្ចុប្បន្នលោក​បាន​បង្កើន​តម្លៃការទិញ​ចូល​ពីសាខា​ ដែលបានទិញពូជពីលោក​ទៅ​ចិញ្ចឹម ដើម្បី​ជាការលើកទឹកចិត្ត ដោយទិញចូល ១ ក្បាលចន្លោះពី ១៣ ០០០ ដល់ ១៥ ០០០រៀល ខណៈ​កាលពី​មុន​លោកទិញ​ចូល​ចន្លោះ​ពី ១០ ០០០ ទៅ ១២ ០០០រៀល ប៉ុណ្ណោះក្នុង ១ក្បាល។

លោកបន្តថា «ក្រោយពីខ្ញុំបានច្នៃ​ធ្វើ​កណ្តុរខ្វៃ រហូតដល់ពេលនេះ តម្រូវ​ការតាមទីផ្សារ និងអតិថិជន មិន​គ្រប់គ្រាន់​ទេ ការ​កែច្នៃនេះ ខ្ញុំ និងភរិយា​ធ្វើដោយខ្លួនឯង អត់​មានជួលគេទេ ហើយការ​ច្នៃនេះគឺ ខ្ញុំធ្វើឲ្យ​មានអនាម័យល្អ តាម​ដែលខ្ញុំបានសិក្សា​ពី​ប្រទេសថៃ និង​ការផ្សំគ្រឿងផងដែរ ទើបអ្នក​និយម​បរិភោគ​កម្ម៉ង់រហូត​ដល់​មានការខ្វះខាត»។

លោក​ថា កណ្តុរខ្វៃ ១ គីឡូក្រាមតម្លៃ ៤ ម៉ឺនរៀល បើធំមាន ២ ឬ ៣ ក្បាលក្នុង ១គីឡូក្រាម បើស្ទើរ គឺ ៤ ក្បាល។ ដោយ​ឡែកសម្រាប់ការវេចខ្ចប់ ក៏តាម​ស្តង់ដា​អនាម័យ​ ព្រោះ​បើលោក​​ចង់រក្សាទីផ្សារបាន​យូរគឺទាមទា​ឲ្យ​មាន​ទាំង​គុណភាព រសជាតិ និង​អនាម័យល្អ។ ចំ​ណែកប្រាក់ចំណូល មិន​ក្រោម ៥០០ ដុល្លារ ក្នុងមួយខែ​ បន្ទាប់​ពីទូទាត់​លើការចំណាយ​​រួចរាល់ ហើយ​ក៏អាចលើសពី ៥០០ ​ដុល្លារបើគិត​ទាំង​លក់ពូជ និង​លក់ខ្វៃ។

លោកបញ្ជាក់​ថា នេះជាភាពជោគជ័យមួយ​ដែលកើត​ចេញតាមរយៈ​ការ​តស៊ូ និង​អត់ធ្មត់​របស់​លោក ទើបឈានមកដល់ចំណុចនេះ។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម