ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឯកភាពប្រើលក្ខណវិនិច្ឆ័យបែបសង្គម-សេដ្ឋកិច្ច ជាមូលដ្ឋានក្នុងការចរចាប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៥
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី១ បានសម្រេចឯកភាពគ្នាប្រើប្រាស់លក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច សម្រាប់ឱ្យភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។

បើតាមការថ្លែងឱ្យដឹងដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺភាគីទាំង៣ រួមមាន ភាគីតំណាងរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត ក៏បានឯកភាពរៀបចំកិច្ចប្រជុំចំនួន៥លើកទៀត ពោលគឺ នៅថ្ងៃទី២៩ ខែសីហា, ថ្ងៃទី៦, ទី១២, ទី១៩ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ការសម្រេចឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ដែលដឹកនាំកិច្ចប្រជុំដោយលោក ហេង សួរ រដ្ឋក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ហើយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន៥១រូប ដែលមានសមាសភាពពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ ក្នុងនោះ តំណាងភាគីកម្មករនិយោជិត លោក គឹម ចាន់សំណាង និងតំណាងភាគីនិយោជក លោក ណាង សុធី។

លោករដ្ឋមន្ត្រី ហេង សួរ បញ្ជាក់បន្ថែមថា យន្តការត្រីភាគី នឹងខិតខំជំរុញឱ្យការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ឱ្យបានចប់ទាំងស្រុងមុនបុណ្យភ្ជុំបិណ្យ។ ក៏ប៉ុន្តែ យ៉ាងណា ក្នុងកិច្ចប្រជុំលើកទី១នេះ មិនទាន់បានកំណត់តួលេខប្រាក់ឈ្នួលណាមួយនៅឡើយទេ ដោយរង់ចាំភាគីនីមួយៗ យកស្ថិតិ និងព័ត៌មាន ដែលបានឯកភាពគ្នានេះ ទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។

ថ្លែងប្រាប់ក្រុមសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ លោក ណាង សុធី តំណាងឱ្យភាគីនិយោជក បានលើកឡើងថា លោក បានស្នើទៅកាន់ភាគីកម្មករនិយោជិត កុំឱ្យដាក់តួលេខប្រាក់ខ្ពស់ពេក ដែលមិនស្របតាមលក្ខណវិនិច្ឆ័យជាក់ស្ដែង។ តែផ្អែកលើបទពិសោធន៍កន្លងមក លោក ណាង សុធី ជឿជាក់ថា ការចរចាកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករ ក្នុងឆ្នាំ២០២៥ខាងមុខនេះ នឹងដំណើររលូនល្អ ប្រកបដោយភាពចាស់ទុំ។

ឆ្លើយនឹងការស្នើរបស់ភាគីនិយោជកខាងលើ លោក គឹម ចាន់សំណាង តំណាងឱ្យភាគីកម្មករនិយោជិត បានបញ្ជាក់ថា ខាងសហជីពដែលជាតំណាងឱ្យកម្មករនិយោជិត នឹងជជែកផ្ទៃក្នុងរបស់ខ្លួនដើម្បីកំណត់ដាក់តួលេខប្រាក់ឈ្នួលសមស្របមួយ ផ្អែកតាមបច្ចុប្បន្នភាពសេដ្ឋកិច្ច និងលក្ខណវិនិច្ឆ័យសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?