Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដាំអភិបាលរងខេត្តពោធិ៍សាត់ទើបតែងតាំងជួយពង្រឹងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរងខេត្តពោធិ៍សាត់ ទើបបានប្រកាសចូលកាន់តំណែងថ្មីឱ្យជួយពង្រឹងលើការងារអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល បានតែងតាំងលោក ហេង សុភាណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលស្រុកភ្នំក្រវាញ ឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់ ដោយជំនួសលោក ចេង ឡៃ ដែលត្រូវទទួលតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្ត។ ពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលរងខេត្តរូបនេះ បានរៀបចំឡើងនៅព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីរបស់លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានវត្តមានអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានអបអរសាទរលោក ហេង សុភាណា ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់ នាពេលនេះ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

លោករដ្ឋលេខាធិការ បានណែនាំឱ្យលោកអភិបាលរងខេត្តថ្មីយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាពិសេសត្រូវពង្រឹងការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាក់ស្តែងដូចជាការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងយកកម្ពុជាទៅប្រៀបជាមួយបង់ក្លាដេសគឺត្រូវ តែទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម