ព័ត៌មានជាតិ
ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់សំខាន់ ពាក់ព័ន្ធការប្រើប្រាស់សម្ភារៈកៅស៊ូសាងសង់ផ្លូវ
រចនាសម្ព័ន្ធផ្លូវថ្នល់មានតួផ្លូវ (embankment) ស្រទាប់ដីសម្រាំង (Selected Sub-Grade) ស្រទាប់គ្រឹះរង (Sub Base-Course) ស្រទាប់គ្រឹះ (Base Course)។ ដោយឡែកស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ ក៏ជាផ្នែកសំខាន់ក្នុងរចនាសម្ព័ន្ធផ្លូវថ្នល់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សម្ភារៈកៅស៊ូសម្រាប់ប្រើប្រាស់ក្នុងការងារសាងសង់ផ្លូវ។
តើបច្ចេកទេសការរៀបចំស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ មានដំណើរការយ៉ាងដូចម្តេច?
៥.ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ (Road Surfacing)
៥.១ ប្រភេទស្រោចកៅស៊ូបាចថ្មមួយជាន់ ឬពីរជាន់ (SBST or DBST)
៥.១.១ ប្រភេទ និងតម្រូវការសម្ភារៈដែលប្រើប្រាស់សម្រាប់ផ្ទៃកម្រាលផ្លូវ
>លក្ខណៈទូទៅ (General)
ផ្នែកនេះមានទំនាក់ទំនងទៅនឹងការងារក្រាលថ្មលើផ្លូវមួយជាន់ (SBST) ពីរជាន់ (DBST) ហើយក៏ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សម្ភារៈកៅស៊ូ ដែលគេបានផលិតជាច្រើនប្រភេទសម្រាប់ប្រើប្រាស់ក្នុងការងារសាងសង់ផ្លូវ។
ចំពោះកៅស៊ូដែលយកមកប្រើប្រាស់សម្រាប់គ្របផ្ទៃផ្លូវ ប្រតិបត្តិករអាចមានលទ្ធភាពជ្រើសរើសពីក្នុងចំណោមប្រភេទកៅស៊ូ ដែលមានចំណាត់ថា្នក់ដូចខាងក្រោម៖
ជាទូទៅនៅក្នុងការងារសាងសង់ផ្លូវថ្នល់ សម្ភារៈកៅស៊ូត្រូវបានចែកចេញជាពីរប្រភេទគឺ ៖ ប្រភេទទី១ ជាប្រភេទជ្រាបចូលទៅក្នុងស្រទាប់គ្រឹះ (Prime Coat) និងប្រភេទទី២ គឺជាប្រភេទបន្ស៊ី (Seal)។ ចំពោះការងារប្រើប្រាស់សីតុណ្ហភាពក្នុងការដុតកម្ដៅវិញ មានបង្ហាញនៅផ្នែកខាងក្រោម៖
> ប្រភេទទី១ គឺជាប្រភេទកៅស៊ូជ្រាបចូលក្នុងស្រទាប់គ្រឹះ (Prime Coat)
ចំពោះកៅស៊ូ Prime Coat ដែលត្រូវប្រើស្រោចពីលើគ្រឹះប្រភេទដីលាយស៊ីម៉ងត៍ត្រូវតែជាប្រភេទកៅស៊ូហួតមធ្យមកម្រិត MC-70 ឬ MC-30 ដែលត្រូវអនុលោមទៅតាមតម្រូវការនៃបទដ្ឋាន AASHTO M-82។ កៅស៊ូហួតមធ្យមកម្រិត MC-30 ត្រូវបានអនុញ្ញាតឲ្យប្រើ ប្រសិនបើក្នុងករណីរកឃើញថា ប្រភេទកៅស៊ូហូតមធ្យមកម្រិត MC-70 មិនអាចជ្រាបចូលទៅក្នុងស្រទាប់គ្រឹះដីលាយស៊ីម៉ងត៍បាន។ ប្រសិនបើកៅស៊ូហួតមធ្យមកម្រិត MC-30 មិនមាននៅលើទីផ្សារ យើងអាចយកប្រភេទកៅស៊ូហួតមធ្យមកម្រិត MC-70 លាយជាមួយប្រេងកាត ក្នុងបរិមាណមួយដែលមានការយល់ព្រមពីវិស្វករត្រួតពិនិត្យ។
– ប្រភេទទី២ គឺជាប្រភេទកៅស៊ូបន្ស៊ី (Seal)
ចំពោះកៅស៊ូបន្ស៊ី (Seal) ដែលគេផលិតសម្រាប់ប្រើប្រាស់ក្នុងការងារសាងសង់ផ្លូវថ្នល់ គឺមានច្រើនប្រភេទ ក៏ប៉ុន្តែចំពោះកៅស៊ូបន្ស៊ី ដែលគេនិយមប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលបច្ចុប្បន្នគឺមានប្រភេទ និងលក្ខខណ្ឌសីតុណ្ហភាពដូចខាងក្រោម៖
ប្រភេទកៅស៊ូដែលបានបង្ហាញខាងលើ ត្រូវតែអនុលោមទៅតាមការកំណត់នៃបទដ្ឋាន AASHTO M20-70, M81-75, M140-82, M208-81 & ASTM D1250-56។ ប្រភេទកៅស៊ូនីមួយៗក្នុងការងារអនុវត្ត ត្រូវធ្វើការកំដៅទៅតាមសីតុណ្ហភាពដូចដែលបានបង្ហាញខាងលើ ឬក៏អាស្រ័យទៅលើការណែនាំរបស់វិស្វករត្រួតពិនិត្យ ។
តម្រូវការ (Requirement)
ក. កៅស៊ូ (Bitumen)
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាទូទៅប្រតិបត្តិករនិយមប្រើប្រភេទកៅស៊ូដូចបង្ហាញនៅក្នុងតារាងខាងក្រោម ដែលកៅស៊ូទាំងនោះត្រូវអនុលោមតាមការកំណត់នៃបទដ្ឋាន AASHTO M20-70, M81-75, M140-82 និង M208-81។ ចំពោះសីតុណ្ហភាពប្រភេទកៅស៊ូនីមួយៗ ត្រូវអនុលោមទៅតាមការកំណត់នៃបទដ្ឋាន ASTM D-1250-56 ឬក៏អាស្រ័យទៅតាមការណែនាំរបស់វិស្វករត្រួតពិនិត្យគម្រោង។
កៅស៊ូដែលយកមកប្រើសម្រាប់ SBST ឬ DBST ត្រូវមានលិខិតបញ្ជាក់គុណភាពពីរោងចក្រផលិតកៅស៊ូ ឬ ត្រូវគោរពតាមលក្ខខណ្ឌដូចបង្ហាញក្នុងតារាងលេខ ៣៖
៥.១.២ វិធីសាស្ត្រក្នុងការស្រោចកៅស៊ូបាចថ្មសម្រាប់ផ្ទៃកម្រាលលើ
៥.១.២.១ ការស្រោចកៅស៊ូ (Application of Bitumen)
មុននឹងធ្វើការស្រោចកៅស៊ូនៅលើផ្ទៃផ្លូវ ត្រូវរៀបចំត្រៀមសម្ភារៈ ឧបករណ៍ និងគ្រឿងចក្រសម្រាប់ប្រើប្រាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងធ្វើការស្រោចសាកល្បងដោយត្រូវអនុវត្តដូចខាងក្រោម៖
-ដើម្បីពិនិត្យទៅលើអត្រានៃការស្រោចកៅស៊ូ ត្រូវធ្វើការក្រិតនៅលើធុងដាក់កៅស៊ូ មុននិងបន្ទាប់ពីជើងរត់ស្រោចនីមួយៗ ដើម្បីកំណត់មាឌកៅស៊ូ ហើយយកមកចែកនឹងផ្ទៃដែលស្រោចបាន។
-ការពិសោធដោយប្រើថាស ត្រូវធ្វើឲ្យបាន ១ ដង នៅរាល់ពេលស្រោចមួយលើកៗ ដើម្បីត្រួតពិនិត្យអត្រានៃការស្រោចកៅស៊ូឲ្យបានច្បាស់លាស់ ហើយផ្ទៀងផ្ទាត់ទៅនឹងតម្រូវការបរិមាណកៅស៊ូក្នុង ១ ម៉ែត្រការ៉េ។
-ក្នុងករណីមិនមានចរាចរឆ្លងកាត់ បន្ទាប់ពីស្រោចកៅស៊ូប្រភេទជ្រាប (Prime Coat) ត្រូវទុកឲ្យវាស្ងួតដោយមិនបាច់បាចខ្សាច់ ប៉ុន្តែក្នុងករណីមានចរាចរឆ្លងកាត់ គឺតម្រូវឲ្យមានការបាចខ្សាច់បន្ទាប់ពីផ្ទៃកៅស៊ូ (Prime Coat) ស្ងួតស្រពាប់ៗ ដោយមិនធ្វើឲ្យស្អិតជាប់គ្រាប់ខ្សាច់នៅពេលបាចទៅលើវា។ ក្រោយពេលដែលកៅស៊ូ Prime Coat ស្ងួត យើងអាចបោសខ្សាច់ចេញ ហើយស្រោចប្រភេទកៅស៊ូបន្ស៊ី និងបាចថ្មជាន់ទី១ ដោយមិនត្រូវទុកឲ្យផ្ទៃកៅស៊ូ Prime Coat នៅទទេ លើសពីមួយ សប្ដាហ៍ឡើយ ព្រោះផ្ទៃ Prime Coat មិនអាចទប់ទល់និងបន្ទុកចរាចរបាន ហើយអាចប្រឈមនិងការបែកខូចទៅវិញ។
– ក្នុងករណីដែលផ្ទៃកៅស៊ូ Prime Coat មានការខូចខាតដោយកត្តាផ្សេងៗ ត្រូវតែធ្វើការជួសជុលសិន មុននឹងស្រោចកៅស៊ូបន្ស៉ីដើម្បីបាចថ្មជាន់ទី១។
-បន្ទាប់ពីស្រោចកៅស៊ូប្រភេទបន្ស៊ី និងបាចថ្មនៅស្រទាប់ទី ១ រួច ត្រូវធ្វើការកិនបន្ស៉ី ហើយត្រូវទុកឲ្យចរាចរណ៍ឆ្លងកាត់យ៉ាងយូរ ១ សប្តាហ៍ រួចត្រូវបោសថ្មដែលមិនជាប់ជាមួយកៅស៊ូចេញឲ្យអស់ (ព្រោះថ្មដែលមិនជាប់ជាមួយកៅស៊ូវានឹងធ្វើចលនា ក្រោមបន្ទុកចរាចរទៅរំខានដល់ថ្មដែលជាប់ឲ្យរង្គើរបូតទៅវិញ)។ បន្ទាប់ពីបោសយកថ្មដែលមិនជាប់ចេញអស់ ត្រូវទុកយ៉ាងហោចណាស់ឲ្យបាន ២ ទៅ ៣ សប្ដាហ៍ ទៀតសិន មុននឹងបន្តអនុវត្តធ្វើទៅស្រទាប់ទីពីរ (ព្រោះការទុករយៈពេលពី ២ ទៅ ៣ សប្ដាហ៍នេះ ធ្វើឲ្យកៅស៊ូរងនូវកំដៅថ្ងៃវាឡើងតោងគល់គ្រាប់ថ្មបានរឹងមាំល្អ ព្រមទាំងមិនធ្វើឲ្យគ្រាប់ថ្មរង្គើក្រោមបន្ទុកចរាចរណ៍ឆ្លងកាត់)។
-អត្រាជាក់ស្ដែងនៃការស្រោចកៅស៊ូបន្ស៊ី មិនត្រូវប្រែប្រួលលើសពី ± ៥% ពីអត្រា ដែលបានកំណត់តាមទ្រឹស្ដីឡើយ។
-ត្រូវកំដៅកៅស៊ូក្នុងសីតុណ្ហភាពកំណត់មួយមុនធ្វើការស្រោច ប៉ុន្ដែមិនត្រូវទុកកៅស៊ូឲ្យលើសពី ៨ ម៉ោងឡើយ ព្រោះវាបណ្តាលឲ្យកៅស៊ូចុះកំដៅកករឹងវិញ ដែលធ្វើឲ្យស្ទះរន្ធក្បាលប៊ិចពេលកំពុងបាញ់ស្រោច។
-ត្រូវស្រោចកៅស៊ូឲ្យបានពេញមួយផ្ទៃផ្លូវ (សម្រាប់ចរាចរទាំងពីរទិស) ប៉ុន្តែបើមានករណីស្រោចផ្ទៃផ្លូវមួយចំហៀងម្ដង ឬស្រោចផ្ទះម្ដងធំជាងមួយចំហៀង ឬក៏ស្រោចផ្ទៃម្តងតូចជាងមួយចំហៀងត្រូវមានការអនុញ្ញាតពីវិស្វករត្រួតពិនិត្យគម្រោង។
– ប្រសិនបើការស្រោចកៅស៊ូបន្ស៊ីនៅស្រទាប់ទី ១ មានមុខតំណរ ហើយនៅស្រទាប់ទី ២ ក៏មានមុខតំណរដែរនោះត្រូវលៃយ៉ាងណាឲ្យមុខតំណររបស់ស្រទាប់ទាំងពីរនេះខុសគ្នាឲ្យបានប្រវែង ៣០០ មម។
៥.១.២.២ ឧបករណ៍ពង្រាយថ្ម (Aggregate Spreaders)
គ្រាប់ថ្មត្រូវរុញពង្រាយដោយម៉ាស៊ីនពង្រាយ ឬក៏អាចមានការអនុញ្ញាតឲ្យប្រើតាមរបៀបផ្សេងៗ។ ម៉ាស៊ីនពង្រាយគ្រាប់ថ្ម ត្រូវមានសមត្ថភាពក្នុងការពង្រាយគ្រាប់ថ្មឲ្យបានស្មើសាច់ទៅលើទទឹងផ្លូវដែលទទឹង នៃការបាចថ្មអាចប្រែប្រួលបានពី ០.៥០ ម ទៅ ៣.៥០ ម ដោយអត្រាជាក់លាក់មួយ។
៥.១.២.៣ ការពង្រាយថ្មគ្របពីលើកៅស៊ូ (Application of Cover Aggregate)
-មុននឹងធ្វើការពង្រាយថ្មឡាននីមួយៗ ត្រូវធ្វើការថ្លឹងជាមុន ហើយត្រូវថ្លឹងម្តងទៀត នៅពេលផ្ទុកថ្មដែលអនុញ្ញាតឲ្យយើងដឹងទម្ងន់ថ្មក្នុងឡាន។ បន្ទាប់ពីធ្វើការពង្រាយ ចប់យើងអាចគណនារកទម្ងន់ថ្ម ដែលបានពង្រាយនៅលើផ្ទៃផ្លូវក្នុង ១ ម៉ែត្រការ៉ ដោយយកទម្ងន់ថ្មសរុបចែក និងផ្ទៃក្រឡាផ្លូវដែលបានពង្រាយ។
-បន្ទាប់ពីស្រោចកៅស៊ូរួចរយៈពេល ១ នាទី ត្រូវធ្វើការពង្រាយគ្រាប់ថ្មភ្លាម (មិនឲ្យលើសពី ៣ នាទី) ព្រោះកៅស៊ូបន្សំវាឆាប់ត្រជាក់ទៅតាមសីតុណ្ហភាពរបស់ផ្លូវ ហើយធ្វើឲ្យបាត់បង់ភាពអន្ធិលរបស់កៅស៊ូដើម្បីភ្ជាប់ជាមួយគ្រាប់ថ្មវាចុះកំដៅ (ចំពោះកៅស៊ូក្ដៅ)។
-មុននឹងចាប់ផ្តើមដំណើរការ ត្រូវមានបរិមាណថ្មគ្រប់គ្រាន់ដាក់ចូលក្នុងឡាន សម្រាប់ពង្រាយ ឬក៏បំពេញទៅក្នុងម៉ាស៊ីនពង្រាយ (mechanical spreader) ដើម្បីគ្របឲ្យបានពេញផ្ទៃដែលបានស្រោចកៅស៊ូរួច។
-មុននឹងពង្រាយគ្រាប់ ត្រូវត្រួតពិនិត្យអត្រារបស់វាសិនដោយកំណត់ចំនួនគ្រាប់ថ្ម នៅលើផ្ទៃក្រដាសទំហំ ០.៥០ ម៉ែត្រការ៉េ ហើយផ្ទៀងផ្ទាត់ជាមួយនឹងបរិមាណដែលបានគ្រោងទុក អត្រានេះមិនត្រូវប្រែប្រួលលើសពី ± ១០% នៃអត្រាដែលបានគ្រោងទុក(អត្រាដែលបានគណនាតាមរូបមន្ត)។
-កន្លែងដែលខ្វះចន្លោះត្រូវធ្វើការបំពេញភ្លាមៗ ដោយដៃបន្ទាប់ពីពង្រាយគ្រាប់ថ្មដោយម៉ាស៊ីនរួច ហើយថ្មដែលពង្រាយលើស ឬ គរលើគ្នាជាគំនរត្រូវយកចេញឲ្យបានមុនពេលកិនបន្ស៊ី។
-ការពិសោធដោយប្រើថាស ត្រូវធ្វើយ៉ាងតិច ១ ដង ក្នុងមួយសារ ដើម្បីត្រួតពិនិត្យអត្រានៃការពង្រាយគ្រាប់ថ្ម។
៥.១.២.៤ រ៉ូឡូ (Rollers)
– រ៉ូឡូកិនថ្មបន្ស៊ីត្រូវតែជាប្រភេទកង់កៅស៊ូ ដែលមានកង់ច្រើន ហើយទំហំប៉ុនៗគ្នា ប៉ុន្តែទម្ងន់ រ៉ូឡូទាំងមូលមិនត្រូវតិចជាង ៨ តោន ហើយមិនមែនជាប្រភេទរំញ័រទេ។ ក្នុងករណីប្រើរ៉ូឡូកង់ដែកខាងមុខ ហើយកង់ខាងក្រោយជាកង់កៅស៊ូ កង់កៅស៊ូ នីមួយៗត្រូវមានសមត្ថភាពអាចផ្ទុកទម្ងន់បាន ១.០០០ គីឡូក្រាម ទៅ ១.៥០០ គីឡូក្រាម និងមានសំពាធអតិបរមា ៦ បារ (Bar) ឬ ស្មើនឹង 0.6 N/mm (ស្វយគុណ២) ។
៥.១.២.៥ ការកិន និងការបោស (Rolling and Brooming)
-ចំពោះថ្មពង្រាយនៅស្រទាប់ទី ១ អាចកិនដោយរ៉ូឡូកង់ដែក ដែលមានទម្ងន់មិនលើសពី ៨,០០០ គីឡូក្រាម ចំនួន ២ សា (2 passes) ដើម្បីធ្វើឲ្យផ្ទៃរាបស្មើដោយពុំធ្វើឲ្យបែកគ្រាប់ថ្មដែលរំខានដល់ការពង្រាយស្រទាប់ទីពីរ។ បន្ទាប់មកត្រូវប្រើរ៉ូឡូកង់កៅស៊ូកិនគ្រាប់ថ្មបន្តយ៉ាងហោចណាស់ឲ្យបាន ៤ សា (4 passes) ដើម្បីភ្ជាប់គ្រាប់ថ្មទៅនឹងស្រទាប់កៅស៊ូបន្ស៉ី តាមលក្ខខណ្ឌនៃបទដ្ឋានបច្ចេកទេស។ ចំពោះស្រទាប់ ទី២ ត្រូវប្រើរ៉ូឡូកង់កៅស៊ូកិនតែប៉ុណ្ណោះ ។
-ការកិនត្រូវចាប់ផ្ដើមភ្លាម បន្ទាប់ពីធ្វើការពង្រាយថ្មរួច (ថ្មស្រទាប់ទី ១ ឬ ទី ២) និងកិនបន្តបន្ទាប់ ដើម្បីភ្ជាប់ស្រទាប់កៅស៊ូបន្ស៊ីរហូតដល់គ្រាប់ថ្មបង្កប់ចូលទៅក្នុងស្រទាប់កៅស៊ូបន្ស៉ីបានល្អ ហើយធ្វើឲ្យផ្ទៃខាងលើមានលក្ខណៈស្មើសាច់ ទើបអាចទទួលយកបាន។
-នៅពេលកៅស៊ូស្រទាប់បន្ស៉ីមានការកករឹង ថ្មមិនអាចកិនសង្កត់ចូលទៅក្នុងកៅស៊ូបន្ស៊ីបានតទៅទៀត ដូច្នេះថ្មដែលមិនជាប់ត្រូវបោសប្រមូលយកចេញ។
-ប្រសិនបើវិស្វករពុំមានការពេញចិត្ត ចំពោះភាពតោងស្អិតរវាងកៅស៊ូសន្ស៉ីនឹងគ្រាប់ថ្ម វិស្វករត្រូវធ្វើការបដិសេធមិនទទួលយក ហើយធ្វើការណែនាំមិនឲ្យអនុវត្តការងារ នេះរហូតដល់មានការកែប្រែឲ្យប្រសើរឡើង ទើបអនុញ្ញាតឲ្យធ្វើបន្តទៀត។
៥.១.២.៦ ការត្រួតពិនិត្យចរាចរ (Control of Traffic)
– ប្រតិបត្តិករ ត្រូវរៀបចំធ្វើផែនការបញ្ចៀសចរាចរឲ្យបានហ្មត់ចត់ មុននឹងចាប់ផ្តើមស្រោចកៅស៊ូ និងបាចថ្ម ត្រូវលៃយ៉ាងណាកុំឲ្យចរាចរធ្វើការរំខានដល់ទីតាំង ដែលបំរុងស្រោចកៅស៊ូ និងផ្ទៃដែលទើបនឹងក្រាលបង្កប់គ្រាប់ថ្មហើយថ្មីៗ។
-ប្រតិបត្តិករត្រូវបញ្ចៀសចរាចរកុំឲ្យឆ្លងកាត់ទីតាំង ដែលទើបនឹងក្រាលបង្កប់គ្រាប់ថ្ម ហើយថ្មីៗឲ្យបានរយៈពេលយ៉ាងហោចណាស់ចំនួន ១ ថ្ងៃ (24ម៉ោង) ដើម្បីឲ្យគ្រាប់ថ្មតោងជាមួយនឹងកៅស៊ូបន្ស៉ីឲ្យបានរឹងមាំក្នុងជំហានដំបូងសិន ទើបអនុញ្ញាតឲ្យចរាចរឆ្លងកាត់ ប៉ុន្តែត្រូវបញ្ជាឲ្យរថយន្តបើកបរក្នុងល្បឿនយឺតៗ ដើម្បីជៀសវាងការរបើកខ្ទាតគ្រាប់ថ្មចេញពីផ្ទៃដែលទើបក្រាលហើយថ្មីៗ ដោយសាររថយន្តបើកដោយល្បឿនលឿន ឬ ដោយសារការចាប់ច្រាំងរបស់រថយន្ត។
៥.២ ក្រាលបេតុងកៅស៊ូ (Asphalt Concrete)
-កៅស៊ូដែលយកមកប្រើសម្រាប់លាយជាបេតុងកៅស៊ូ (Asphalt Concrete) ត្រូវមានលិខិតបញ្ជាក់គុណភាពពីរោងចក្រផលិតកៅស៊ូ ឬត្រូវគោរពតាមលក្ខខណ្ឌដូចបង្ហាញក្នុងតារាងលេខ ៥៖
-ល្បាយបេតុងកៅស៊ូ (Asphalt Concrete) ដែលយកមកប្រើ ត្រូវមានកម្លាំង Stability ≥ 7.0kn, 2 mm ≤ ភាពលំហូរ Flow ≤ 4 mm, និង 3% < Air Voice ≤ 5% ដែលតម្លៃទាំងនេះត្រូវបានកំណត់ដោយតេស្តិឈ្មោះ Resistance to Plastic Flow of Bituminous Mixtures (AASHTO T-245) ។
-កម្រាស់ល្បាយបេតុងកៅស៊ូដែលចាក់ក្រាលផ្ទៃខាងលើ ត្រូវមានកម្រាស់ដូចដែលបានកំណត់ក្នុងកិច្ចសន្យាឬតិចឬច្រើនជាងកម្រាស់ដែលបានកំណត់ក្នុងកិច្ចសន្យាមិនលើសពី 5 mm ឡើយ (+5 mm) ។
– ស្រទាប់នីមួយៗនៃល្បាយបេតុងកៅស៊ូត្រូវបង្ហាប់ឲ្យបាន ≥ 98% នៃដង់ស៊ីតេល្បាយបេតុងកៅស៊ូ Marshall (ដែលគេនិយមប្រើជាទូទៅ) ដែលតម្លៃភាពហាប់នេះ ត្រូវកំណត់ដោយតេស្ដឈ្មោះ Degree of Pavement Compaction of Bituminous Mixtures (AASHTO T-230)។
អត្ថបទក្រោយ កម្ពុជាថ្មីនឹងបន្តសិក្សាពីបច្ចេកទេសនៃការរៀបចំចិញ្ចើមថ្នល់ជាផ្នែកចុងក្រោយនៃរចនាសម្ព័ន្ធផ្លូវថ្នល់៕
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់