ព័ត៌មានជាតិ
សិង្ហបុរី ជាប្រភពទុនវិនិយោគផ្ទាល់ធំទាំង ១០ នៅកម្ពុជា ៥ ឆ្នាំវិនិយោគជាង ៤០០ លានដុល្លារ
ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ យោងតាមទិន្នន័យដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគពីសិង្ហបុរីស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង ១០ ដែលបានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/455694181_924157123075888_4499511483530168268_n-1024x682.jpg)
នៅក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យានៅព្រឹកមិញនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ការវិនិយោគរបស់សិង្ហបុរីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។
វត្តមាននៃក្រុមហ៊ុនធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏ដូចជាម៉ាកល្បីៗ ដូចជា Charles & Keith, Ya Kun និង 800super បានបង្ហាញថា ការវិនិយោគរបស់សិង្ហបុរីពិតជាបានជំរុញការអភិវឌ្ឍរបស់កម្ពុជា។ នេះបើតាមលោក ជា វុទ្ធី។
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចែករំលែកនូវចំណុចគន្លឹះមួយចំនួនដែលបានទាក់ទាញវិនិយោគិនសិង្ហបុរីមកបោះទីតាំងនៅកម្ពុជា ដូចជាកត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាមួយទីផ្សារធំៗ។
វិនិយោគិនទទួលបានផលប្រយោជន៍ពីភាពងាយស្រួលក្នុងការប្រើប្រាស់ថាមពលស្អាត និងបៃតង ដោយប្រមាណ ៥៧% នៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជាគឺទទួលបានពីប្រភពថាមពលកកើតឡើងវិញ។
រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ព្រមទាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងប្រតិបត្តិការ ព្រមទាំងគម្រោងនាពេលខាងមុខ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលតភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសវៀតណាម និងប្រទេសថៃ ដែលជាលទ្ធផលជួយសម្រួលដល់ការអនុវត្តយុទ្ធសាស្ត្រ “ប្រទេសបូក” របស់អាជីវកម្ម។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/455815373_924157956409138_2258880176018884004_n-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/455695696_924157529742514_3810680297334861403_n-1024x682.jpg)
លោក ជា វុទ្ធី ក៏បានលើកឡើងពាក់ព័ន្ធគម្រោងអភិវឌ្ឍអាកាសយានដ្ឋានថ្មីៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានចាប់ផ្តើមប្រតិបត្តិការកាលពីខែតុលាកន្លងទៅ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏កំពុងត្រូវបានសាងសង់និងគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៍បានបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដោយមានការ ប្រារព្ធពិធីអបអរសាទរទូទាំងប្រទេស។ បន្ថែមលើនេះ ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៏កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) តាំងពីឆ្នាំ ១៩៩៩ បានពង្រឹងជាបន្តបន្ទាប់នូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងវិបុលភាពសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងបី ដូចជាបណ្តាញផ្លូវថ្នល់កាន់តែប្រសើរ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវិស័យទេសចរណ៍។
នៅក្នុងឱកាសនោះផងដែរ លោក ជា វុទ្ធី ក៏បានរៀបរាប់សង្ខេបអំពីស្ថានភាពអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបច្ចុបន្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ កំពុងដំណើរ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ ប៊ីលាន ដុល្លារអាម៉េរិក និងបង្កើតការងារបានជាង ១៨០ ពាន់កន្លែង។
បន្ថែមពីនេះ លោកក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ ដែលផ្តល់ជូនវិនិយោគិននូវកញ្ចប់លើកទឹកចិត្តឆ្លាតវៃ, គោលនយោបាយនិងការបន្តដាក់ចេញនូវវិធានការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។
ថ្លែងក្នុងឱកាសពិព័រណ៍ធុរកិច្ចសិង្ហបុរី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក៏បានលើកទឹកចិត្តដល់វិនិយោគិនសិង្ហបុរីដែលមានវត្តមានស្រាប់ពង្រីកការធ្វើអាជីវកម្មនៅកម្ពុជា និងវិនិយោគិនសិង្ហបុរីដែលមានសក្តានុពលពិចារណាជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគបន្ទាប់។
កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានរៀបចំពិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ ដែលរៀបចំដោយវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី ដោយមានការចូលរួមពីសំណាក់លោក Albert Tan ប្រធានវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី និងជាអនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា, វិនិយោគិន និងធុរជនសរុបប្រមាណ ១២០នាក់។
កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ធុរជនសិង្ហបុរី ក្នុងការតាំងបង្ហាញផលិតផល និងសេវាកម្ម ប្រកបដោយនវានុវត្តន៍ ព្រមទាំងស្វែងរកកិច្ចសហការជាមួយដៃគូធុរកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាវេទិកាដ៍សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច