Connect with us

ព័ត៌មានជាតិ

សាងសង់​ផ្លូវ​មានគុណភាពជាប់រឹងមាំ ឆ្លងកាត់ ៦ ដំណាក់កាល តាំង​ពី​រៀប​គ្រឹះក្រោម​ដល់​ស្រទាប់កៅស៊ូ​ខាងលើ

បានផុស

នៅ

អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញផ្សាយសៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការជួសជុល និងសាងសង់ផ្លូវថ្នល់ និងសំណង់សិល្បការ្យ» នៅព្រះរាជាណាចក្រកម្ពុជា។

សៀវភៅណែនាំ​នេះ ជាជំហានដំបូងក្នុងការយល់ដឹងដើម្បីឈានទៅការប្រើប្រាស់បទដ្ឋានបច្ចេកទេសខ្នាតធំ ឬក្នុងកម្រិតស្តង់ដាអន្តរជាតិ និងក៏អាចជាឯកសារស្វែងយល់អំពីមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់វិស្វករ ឬ អ្នកបច្ចេកទេស​ខាងសំណង់​ថ្នល់-ស្ពាន យកមកសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ក្នុងការ​សាងសង់​ផ្លូវថ្នល់-សំណង់សិល្បការ្យ ជាពិសេសសម្រាប់វិស្វករត្រួតពិនិត្យនៅការដ្ឋាន ដែលអាចប្រើប្រាស់សៀវភៅនេះជាឯកសារយោង ដើម្បីជួយតំរែតម្រង់ការងារសាងសង់ផ្លូវថ្នល់ និងសំណង់សិល្បការ្យឲ្យប្រកបទៅដោយគុណភាព និងសោភ័ណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសៀវភៅ​ក៏​បានចង្អុលបង្ហាញពី​ការងារជួសជុល និងសាងសង់ផ្លូវថ្នល់ កំពុងអនុវត្តជាទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា មាន ២ ប្រភេទ គឺ៖ ផ្លូវគ្មានកម្រាល ឬគ្មានគម្រប (Unpaved Road) និង​ផ្លូវមានកម្រាល ឬមានគម្រប (Paved Road)

១. ប្រភេទផ្លូវគ្មានកម្រាល ឬគ្មានគម្រប (Unpaved Road) គឺជាប្រភេទផ្លូវ ដែលស្រទាប់ផ្ទៃខាងលើបំផុតជាដីក្រូសក្រហម ឬល្បាយខ្សាច់ភ្នំ ឬដីល្បាយថ្មភ្នំ។

២. ប្រភេទផ្លូវមានកម្រាល ឬមានគម្រប (Paved Road) គឺជាប្រភេទផ្លូវដែលស្រទាប់ផ្ទៃខាងលើក្រាលដោយកៅស៊ូបាចថ្មមួយជាន់ (SBST) ឬពីរជាន់ (DBST) ឬក្រាលបេតុងកៅស៊ូ (Asphaltic Road)។

ដើម្បីឲ្យការសាងសង់ប្រកបទៅដោយគុណភាព ប្រតិបត្តិករត្រូវយកចិត្តទុកដាក់ទៅលើគោលការណ៍សំខាន់ពីរ គឺការប្រើប្រាស់​សម្ភារៈសំណង់ប្រកបទៅដោយគុណភាពខ្ពស់ និងវិធីសាស្ត្រសាងសង់ត្រឹមត្រូវ សម្រាប់ស្រទាប់នីមួយៗនៃរចនាសម្ព័ន្ធផ្លូវថ្នល់ ដែលត្រូវអនុវត្តនិង​គោរពតាមលក្ខណៈបច្ចេកទេស។

សៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការជួសជុលនិងសាងសង់ផ្លូវថ្នល់និងសំណង់សិល្បការ្យ» បានបែងចែក​រចនាសម្ព័ន្ធ​ការសាងសង់តាំង​ពីរៀបចំ​​គ្រឹះក្រោម​ដល់​ស្រទាប់កៅស៊ូ​ផ្នែក​ខាងលើមាន ៦ ដំណាក់កាល​​មាន​ដូចជា៖

១. តួថ្នល់ (EMBANKMENT).
២. ស្រទាប់ដីសម្រាំង (SELECTED SUB-GRADE)
៣. ស្រទាប់គ្រឹះរង (SUB-BASE COURSE)
៤. ស្រទាប់គ្រឹះ (BASE COURSE)
៥. ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ (ROAD SURFACING).
៦. ចិញ្ចើមថ្នល់ (ROAD SHOULDER).

១/ តួថ្នល់ (Embankment)

តួថ្នល់ (Embankment) គឺជាស្រទាប់ក្រោមបង្អស់នៃរចនាសម្ព័ន្ធផ្លូវថ្នល់។ តួថ្នល់អាចបានមកពីការកាត់ចេញ (Cutting) ឬការចាក់បំពេញ (Back filling) នូវដីធម្មជាតិ ឬដីធម្មតា ដើម្បីឲ្យបានកម្រិត កម្ពស់ (Level) តាមការគិតគូររបស់អ្នកសិក្សា ដែលជាទូទៅត្រូវតែខ្ពស់ជាងកម្រិតកម្ពស់ទឹកជំនន់ (HWL) យ៉ាងតិច 500 មម។

ចុចអានលម្អិតបន្ថែម​៖ ការ​សាងសង់​តួ​ថ្នល់ ត្រូវ​មាន​បច្ចេកទេស​​បែបណា?

២/ ស្រទាប់ដីសម្រាំង (Selected Sub-Grade)

ស្រទាប់ដីសម្រាំង (Selected Sub-Grade) គឺជាស្រទាប់ដែលឋិតនៅជាប់ពីលើតួថ្នល់ ដែល ជាទូទៅមានកម្រាស់ 15សម ឬ ធំជាងនេះ ឬអាចពុំមាន អាស្រ័យដោយការកំណត់របស់វិស្វករដែល ជាអ្នករៀបចំគម្រោង (Designer)។ ក្នុងករណីដែលដីតួថ្នល់មានកម្រិត CBR ខ្សោយ ចាំបាច់ត្រូវមាន ស្រទាប់ដីសម្រាំង ដើម្បីជួយសម្រាលបន្ទុករបស់យានយន្ត ដែលមានឥទ្ឋិពលទៅលើតួថ្នល់។

ចុចអានលម្អិត​បន្ថែម៖ ស្វែងយល់បច្ចេកទេស​ការសាងសង់ស្រទាប់​ដីសម្រាំង​ ផ្នែក​សំខាន់​ជួយ​ផ្លូវ​មាន​គុណភាព និង​រឹងមាំ

៣/ ស្រទាប់គ្រឹះរង (Sub-Base Course)

ស្រទាប់គ្រឹះរង (Sub-Base Course) គឺជាស្រទាប់សំខាន់មួយបន្ទាប់ពីស្រទាប់គ្រឹះ (Base Course) ក្នុងការទទួលនិងពង្រាយបន្តនូវបន្ទុករបស់យានយន្ត ដែលជាទូទៅគេនិយមប្រើដីក្រូសក្រហម (Laterite) សម្រាប់ការសាងសង់ស្រទាប់គ្រឹះរងនេះ។ ក្នុងករណីខ្លះ គេអាចប្រើដីល្បាយខ្សាច់ភ្នំ ឬដីល្បាយថ្មភ្នំ ឬសម្ភារៈផ្សេងៗទៀត គឺអាស្រ័យទៅតាមប្រភពធនធានសម្ភារៈ ដែលមាននៅក្នុង តំបន់ និងនៅជិតទីតាំងការដ្ឋានសាងសង់ផ្លូវ។

ចុចអានលម្អិត​បន្ថែម៖ ស្រទាប់គ្រឹះរង​មុខងារ​សំខាន់​ ក្នុង​ការទទួលនិងពង្រាយ​បន្តបន្ទុកយានយន្តលើផ្លូវថ្នល់

៤/ស្រទាប់គ្រឹះ (Base Course)

ស្រទាប់គ្រឹះ (Base Course) គឺជាស្រទាប់សំខាន់ចំបងក្នុងការទ្របន្ទុក និងពង្រាយបន្ទុក របស់យានយន្តបន្តទៅស្រទាប់ក្រោមៗទៀត។

ជាទូទៅស្រទាប់គ្រឹះត្រូវសាងសង់ឡើងដោយប្រើថ្មម៉ិច (Crushed Stone_or_Rock) ឬដោយល្បាយដីលាយស៊ីម៉ងត៍ (Soil-Cement) អាស្រ័យទៅតាមប្រភពធនធានសម្ភារៈដែលមាននៅក្នុងតំបន់ ហើយនៅជិតទីតាំងការដ្ឋានសាងសង់ផ្លូវ។

ចុចអានលម្អិត​បន្ថែម៖ ស្រទាប់គ្រឹះ (Base Course) ទទួលបន្ទុក​ចម្បង ​ទ្របន្ទុក​យានយន្តបើកបរលើផ្លូវថ្នល់

៥/ ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ (Road Surfacing)

ផ្នែកនេះពាក់ព័ន្ធទៅនឹងការប្រើប្រាស់សម្ភារៈកៅស៊ូ សម្រាប់ប្រើប្រាស់ក្នុងការងារសាងសង់ផ្លូវ អាចជាប្រភេទមួយជាន់ (SBST) ពីរជាន់ (DBST) ឬក្រាលបេតុងកៅស៊ូ (Asphalt Concrete)។

សម្ភារៈកៅស៊ូត្រូវបានចែកចេញជាពីរប្រភេទគឺ ៖ ប្រភេទទី១ ជាប្រភេទជ្រាបចូលទៅក្នុងស្រទាប់គ្រឹះ (Prime Coat) និងប្រភេទទី២ គឺជាប្រភេទបន្ស៊ី (Seal)។

ដោយឡែកបេតុងកៅស៊ូ (Asphalt Concrete)ដែលយកមកប្រើត្រូវមាន លិខិតបញ្ជាក់គុណភាពពីរោងចក្រផលិតកៅស៊ូ។

ចុចអានលម្អិត​បន្ថែម៖ ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់សំខាន់​ ពាក់ព័ន្ធ​​ការប្រើប្រាស់សម្ភារៈកៅស៊ូ​សាងសង់​ផ្លូវ

៦/ ចិញ្ចើមថ្នល់ (Road Shoulder)

ចិញ្ចើមថ្នល់ គឺជាគ្រឿងបង្គុំមួយរបស់រចនាសម្ព័ន្ធផ្លូវថ្នល់។ ពេលខ្លះចិញ្ចើមថ្នល់មានតួនាទីជា គន្លងផ្លូវចរាចរណ៍ជំនួយ ឬបន្ថែម (Additional Lanes) នៅពេលដែលមានទំហំចរាចរច្រើនដែលគន្លង ផ្លូវចរាចរមិនអាចទទួលបាន។ ជាទូទៅចិញ្ចើមថ្នល់ត្រូវសាងសង់ ឡើងដោយដីក្រួសក្រហម (Laterite Shoulder) ឬស្រោចកៅស៊ូបាចថ្ម ១ ជាន់ (Single Bituminous Surface Treatment Shoulder)៕

ចុចអានលម្អិត​បន្ថែម៖ ចិញ្ចើមថ្នល់ (Road Shoulder) មាន​តួនាទី​ជា​គន្លង​ផ្លូវ​ជំនួយពេល​មាន​ចរាចរច្រើន​លើ​ដង​ផ្លូវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម