ព័ត៌មានជាតិ
កម្ពុជា-ឡាវ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅ រវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ខណៈពលរដ្ឋក៏ចង់បាន
កម្ពុជា-ឡាវ គ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅ រវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ហើយប្រជាពលរដ្ឋជាច្រើន រួមនឹងអាជ្ញាធរក៏ទទូចចង់បានផ្លូវ និងស្ពាននេះយ៉ាងខ្លាំងដើម្បីអាចប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទំនិញគ្នាមានភាពងាយស្រួល។

លោក ណុប វុធ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងនាព្រឹកថ្ងៃទី១៧ ខែសីហា នេះថា ជាការពិតណាស់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៃខេត្តព្រះវិហារ បានទទូចស្នើសុំ និងគាំទ្រឱ្យមានការសាងសង់ស្ពានទន្លេល្ពៅ តភ្ជាប់ពីឃុំកំពង់ស្រឡៅមួយ ឆ្ពោះទៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលមានផលប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ដែលអាចធ្វើដំណើរបានដោយងាយស្រួលជាងបច្ចុប្បន្ន ដែលការធ្វើដំណើរដោយឆ្លងទូក។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសឡាវ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាទីតាំងកសាងស្ពានទន្លេល្ពៅ នេះឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យពលរដ្ឋធ្វើដំណើរក៏ដូចជាផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមកមានភាពងាយស្រួល និងមានសុវត្ថិភាព។

សូមជម្រាបថា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងនៅក្នុងឃ្លីបវីដេអូមួយ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា តំបន់ព្រំដែនរវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ជាតំបន់ដាច់ស្រយ៉ាលឆ្ងាយពីទីរួមខេត្ត កន្លងមកប្រជាពលរដ្ឋរស់នៅទីនេះមានការលំបាក ក្នុងការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាលំបាកនៅសេវាអប់រំ សេវាសុខភិបាល។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលគ្រោងស្ថាបនាស្ពានឆ្លងទន្លេល្ពៅ តភ្ជាប់ទៅប្រទេសឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ទន្ទឹមនេះ លោក គីម រិទ្ធី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV-DTA) ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអនុវត្តគោលនយោបាយការពារជាតិរឹងមាំ កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ជុន កុសល




-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់